(ភ្នំពេញ)៖ រយៈពេល២៤ម៉ោងក្រោយពីគណៈកម្មាធិការអឺរ៉ុប សម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា (EBA) ដែលប៉ះពាល់ដល់ការបង់ពន្ធលើការនាំចូលទំនិញកម្ពុជាប្រមាណ ២០% ចូលក្នុងទឹកដីអឺរ៉ុបជាបណ្តោះអាសន្ន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សហភាពអឺរ៉ុបដដែលនេះបានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយប្រជាជនដែលមានប្រភពមកពី២០ប្រទេស នៃសមាជិកសហភាពអឺរ៉ុប ដែលស្ថិតនៅលើនាវាទេសចរណ៍យក្សចូលមកចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។

នាវាទេសចរណ៍យក្សដែលត្រូវបានប្រទេស៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចតដោយសារតែមានការរើសអើង និងភ័យខ្លាចការឆ្លងវីរ៉ុសកូរ៉ូណាដល់ប្រជាជនខ្លួន ប៉ុន្តែក្រោមបុព្វហេតុមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិប្រឆាំងនឹងការរាតត្បាតនៃវីរ៉ុសកូរ៉ូណាថ្មី និងការទទួលខុសត្រូវ ប្រទេសកម្ពុជាតាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឱ្យនាវាទេសចរណ៍យក្ស Westerdam ចូលចតនៅកំពង់ផែអន្តរជាតិព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះជាការសម្រេចចិត្តប្រកបដោយមនុស្សធម៌ និងគុណធម៌ខ្ពស់ដែលមេដឹកនាំកម្ពុជាបានធ្វើដោយមិនបានគិតថា ប្រទេសមួយចំនួននៃជនជាតិដែលនៅជាប់លើ នាវានេះកំពុងដាក់គំនាបមកលើកម្ពុជា ឬព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្លាប់រំលោភលើអធិបតេយ្យភាពកម្ពុជាពីអតីតកាលឡើយ។

សម្រាប់ជាតិនិងប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានស្គាល់ច្បាស់ពីតម្លៃនៃគុណធម៌ និងតម្លៃនៃជីវិតមនុស្សក្នុងនាមសម្តេចជាមេដឹកនាំ ដែលយកជីវិតធ្វើដើមទុនសង្គ្រោះជីវិតប្រជាជន ការជួយសង្គ្រោះជីវិតអ្នកដំណើរពីក្តីអស់សង្ឃឹម ប្រឈមមុខឹងការខ្វះស្បៀង នាវាអស់ប្រេងជាដើមគឺជាការងារអាទិភាពរបស់ខ្លួនជាង ហើយទោះក្នុងតម្លៃណា ក៏ត្រូវខិតខំជួយសង្គ្រោះឱ្យបាន។ កាន់តែបង្ហាញភាពកក់ក្តៅជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅស្វាគមន៍អ្នកដំណើរទាំងអស់ដោយផ្ទាល់ នៅខេត្តព្រះសីហនុនៅថ្ងៃទី១៤ ខែកុម្ភៈ។

១៤ ខែកុម្ភៈជាទិវានៃក្តីស្រឡាញ់ ដែលសម្តេចតេជោបង្ហាញពីមនោសញ្ចេតនាគោរព ស្រឡាញ់ក្នុងនាមជាមនុស្សជាតិដូចគ្នា ព្រមទាំងបង្ហាញភាពកក់ក្តៅ និងផ្តល់ជំនឿទុកចិត្តកាន់តែខ្លាំងទៀត និងក្នុងនាមជាម្ចាស់ផ្ទះថា កម្ពុជាមិនមែនមិនត្រឹមតែផ្តល់ការជួយសង្គ្រោះនោះទេ ប៉ុន្តែផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ខណៈអ្នកផ្សេងទៀតបង្ហាញការភ័យខ្លាចនិងរើសអើងពួកគេ ទាំងពួកគេមិនមានបញ្ហាសុខភាពដូចគេព្រួយបារម្ភផងនោះ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកមើលឃើញនិងវាយតម្លៃថាជាមេដឹកនាំដ៏សកម្មម្នាក់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងវីរ៉ុសកូរ៉ូណាថ្មីនេះ។ ខណៈការរើសអើងមានខ្លាំងចំពោះជនជាតិចិនដោយជនមួយ ចំនួនស្តីបន្ទោសប្រទេសចិនថាជាអ្នកបង្កើតបញ្ហាឡើង ហើយគ្មាននរណាចង់ទៅជាន់ទឹកដីប្រទេសចិនឡើយ គឺមានតែមេដឹកនាំកម្ពុជាតែមួយគត់ដែលបានដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលទៅលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំនិងប្រជាជនចិនដោយផ្ទាល់តែម្តងដោយគ្មានការខ្លាចញញើតមេរោគនេះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាវីរ៉ុសកូរ៉ូណាមិនមានអ្វីគួរព្រួយបារម្ភឡើយ អ្វីដែលព្រួយបារម្ភគឺការភ័យខ្លាចនិងការរើសអើង។

សម្តេចតេជោបានលើកឡើងថា៖ «ដោយសារតែកម្ពុជាមានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៍ដ៏ធំដែលគ្មានកន្លែងចូលចត ឱ្យមកចូល​ចតនៅកំពង់ផែក្រុងព្រះ សីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវា អស់រយៈពេល១៣ថ្ងៃមកហើយឱ្យយបានវិល​ត្រឡប់ទៅប្រទេសពួក​គេវិញដោយសុវត្ថិភាព»។ សូម្បីតែអង្គការសុខភាពពិភពលោកនិងប្រទេសនានា ដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា និងបានថ្លែងអំណរគុណកម្ពុជាយ៉ាងកងរំពង។

ពាក្យចាស់ខ្មែរបានពោលថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលអាសន្ន»។ កម្ពុជាដែលធ្លាប់ហែល ឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម មានជនភៀសខ្លួនត្រូវរត់ឆ្លង​ប្រទេសពិតជាដឹងច្បាស់ថាមានការលំបាកយ៉ាងណា មានការព្រួយបារម្ភយ៉ាងណា និងមានអារម្មណ៍តប់ប្រមល់និងខ្វាយខ្វល់យ៉ាងណា។ ចំណែកក្រុមគ្រួសារជាទីស្រឡាញ់របស់ពួកគេក៏ពិតជាមានការខ្វល់ខ្វាយពីសុខទុក្ខរបស់សា់ញាតិខ្លួនដែលនៅលើនាវាយក្សដែលប្រទេសនានាបដិសេធមិនឱ្យចូលចត។ «អរគុណកម្ពុជា! កម្ពុជាដ៏អស្ចារ្យ» ជាពាក្យដែលជនបរទេសរួមទាំងអ្នកនៅលើនាវាបានបន្លឺឡើង ហើយជនជាតិខ្មែរកាណាដាដែលនៅលើនាវានោះស្រែកថា «អរគុណសម្តេច ហ៊ុន សែន!»។ ជនបរទេសដែលស្ថិតនៅលើនាវាយក្សនោះនិងអ្នកផ្សេងទៀតបានថ្លែងតាមបណ្តាញសង្គមថា កម្ពុជាជាប្រទេសសាមញ្ញ ប៉ុន្តែពោរពេញដោយចិត្តបរិសុទ្ធ និងមនុស្សធម៌ ឬកម្ពុជាគឺជាប្រទសដ៏អស្ចារ្យជាមួយនឹងបេះដូងមនុស្សធម៌។ សូមអរគុណកម្ពុជាដែលបានអនុញ្ញាត​ឱ្យនាវាទេសចរណ៍​ដែលប្រទស ៥ បានបដិសេធមិនឱ្យចូលចត ប៉ុន្តែកម្ពុជាអនុញ្ញាតឱ្យចូលចត។

នេះហើយជនជាតិខ្មែរ ប្រជាជនខ្មែរ ដែលមានបេះដូងស្មោះត្រង់ មនុស្សធម៌ និងតែងតែជួយគ្នានៅរាល់ពេលមានទុក្ខធុរៈ។ អរគុណសម្តេចតេជោដែលបាននាំសន្តិភាព នាំកេរ្តិ៍ឈ្មោះដ៏ល្អជូនជាតិនិងប្រជាជនកម្ពុជាទាំងមូល។ ពេលនេះ កម្ពុជាត្រូវបានគេប្រសិទ្ធនាមថា «ដែនដីនៃក្តីសន្តោសប្រណី»។ សម្តេចតេជោ ហ៊ុន សែន មានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រា​មានអាសន្នបែប​នេះគឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រុំដែនឡើយ។ នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាព​កក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេស​មួយ​ចំនួននោះគេបាន​បិទអស់ហើយ។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ។

ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេ គឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់រួមទាំង សហរដ្ឋ​អាមេរិក សហភាពអឺរ៉ុបផងដែរ គឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ហើយនេះជាសកម្មភាពមនុស្សធម៌​ដ៏ល្អប្រពៃនិងគ្មានព្រំដែន​ដែលប្រកប​ដោយ​ការទទួលខុសត្រូវខ្ពស់។ អំពើមនុស្សធម៌ របស់កម្ពុជានេះមិនមានការទាមទារការតបស្នងណាមួយឡើយ ប៉ុន្តែតាមរយៈសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌​ដែល​កម្ពុជាអាចឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាកាន់តែច្បាស់ដែលថាកម្ពុជាពិតវា ខុសពីកម្ពុជានៅលើបបូរមាត់ឥតគម្របរបស់ក្រុមប្រឆាំងក្បត់ជាតិ ដែលតែងតែ​រកលេសមួយរយជំពូកឡើយដើម្បីបំផ្លាញជាតិ។ កម្ពុជាទោះបីជាប្រទេសតូចក្តី ប៉ុន្តែបានផ្តល់គម្រូសាមគ្គីភាព និងសកម្មភាពមនុស្សធម៌​អន្តរជាតិដល់​ពិភពលោក​ឱ្យបានឃើញ។ ប្រជាជាតិនៅលើពិភពលោកបានអរគុណដល់កម្ពុជា... ដោយលើកឡើងថា កម្ពុជាជាប្រទេសសាមញ្ញមួយ តែមានបេះដូងដ៏ល្អបរិសុទ្ធ ដែលបានផ្ដល់ឱ្យមនុស្សជាតិផងគ្នា នៅក្នុងគ្រាដ៏លំបាកពេលនេះ។

ប្រជាជនកម្ពុជាសូមជូនពរអ្នកធ្វើដំណើរក្នុងនាវាទាំងអស់បានសម្រាកកាយទទួលទានម្ហូបអាហារឆ្ញាញ់ៗ និងសប្បាយរីករាយបន្តទៀតនៅពេលបាន​មកដល់ទឹកដីនៃ​ព្រះរាជាណាចក្រកម្ពុជាដែលពោរពេញដោយសុខសន្តិភាពនិងការអភិវឌ្ឍនេះ ហើយសូមមានសុខសុវត្ថិភាពពេលវិលត្រឡប់ ទៅវិញ។ កម្ពុជាពិតជារីករាយដែលបាន​ធ្វើសកម្មភាពមនុស្សធម៌ដ៏ធំក្នុងគ្រាដ៏លំបាកនេះ ហើយពលរដ្ឋខ្មែរពិតជាមានមោទនកភាពចំពោះការសម្រេច​ចិត្តនយោបាយដ៏មានសារៈ​សំខាន់និងប្រកបដោយ​ការទទួល​ខុសត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះមុខស្ថានការណ៍ដ៏លំបាកៗទាំងឡាយ។ មិនតែប៉ុណ្ណោះជឿជាក់ថាបរទេសផ្សេងទៀត​នឹងយល់ពីទឹកចិត្ត​ដ៏បរិសុទ្ធ ស្មោះសរ និងប្រកបដោយគុណធម៌នេះ។ កម្ពុជាអាចបំពេញការងារមនុស្សធម៌ដ៏ធំធេងនេះបានគឺដោយសារតែកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍពេញលេញ ហើយឈរនៅលើការការពារអធិបតេយ្យជាតិជាធំ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០