(ភ្នំពេញ)៖ លើកណាក៏ដូចលើកណាដែរ ខ្ញុំកត់សំគាល់ជាហូរហែរមកថាគណបក្សប្រឆាំងជ្រុលនិយមនៅកម្ពុជា យើងតែងប្រើស្នៀតដដែលៗ តាំងពីរាប់ទសវត្សរ៍មក ហើយៗក៍មិនដែលផ្លាស់ប្តូរនោះឡើយ។

ស្នៀតរបស់ក្រុមប្រឆាំងធ្លាប់អនុវត្តនោះគឺ បង្កហេតុ បង្កាត់ភ្លើង ចាក់សាំងលើភ្លើង រហូតក្លាយជាអគ្គិភ័យឆេះផ្ទះខ្លួនឯងអស់ ទ្រព្យសម្បត្តិក៏អស់ រីឯខ្លួនក៏ត្រូវបានសមត្ថកិច្ច ចាប់ដាក់ពន្ធនាគារឲ្យទទួលទោស ទើបនាំគ្នានឹកនាបួងសួង អង្វរ ក ឲ្យមានការសន្ទនាដើម្បីស្វែងរកដំណោះស្រាយ។ និយាយតាមបែបផ្សេងគឺ «ពេលទឹកដល់ច្រមុះទើបបន់ព្រះឲ្យជួយ»។

រឿងចុងក្រោយដែលបញ្ជាក់ថា ក្រុមប្រឆាំងនេះនៅតែអនុវត្តវិធី ចាស់គំរឹលដដែលនោះគឺ សំណុំរឿងលោក កឹម សុខា។ ពេលត្រូវចោទប្រកាន់ពីបទក្បត់ជាតិដែលជាទោស ព្រហ្មទណ្ឌដ៏ធ្ងន់អាចថារើខ្លួនមិនរួច ឥឡូវនេះ ពួកគេខំបង្វែទៅជារឿងនយោបាយ ហើយងាកមករកការសន្ទនា ដើម្បីបញ្ចប់ទំនាស់ជាជាងការកាត់ទោស តាមផ្លូវតុលាការទៅវិញ។

ខ្ញុំនៅចាំបានថា លោក កឹម សុខា បាននិយាយយ៉ាងច្បាស់លាស់ពីផែនការសកម្មភាព របស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន ដោយមានបរទេសនៅ ពីក្រោយខ្នង។

លោក កឹម សុខា អះអាងយ៉ាងច្បាស់និងដោយ មោទនភាពថា «...គាត់មិនមែនចេះតែធ្វើអ្វីតាមគាត់នឹកឃើញ នោះទេ តែគាត់ត្រូវបានបរទេស បញ្ជាពីក្រោយខ្នង...។ ហើយផែនការផ្តួលរំលំរដ្ឋាភិបាលនេះ ទៀតសោតក៍ត្រូវបានរៀបចំដោយបរទេសអស់រយៈពេលជាយូរឆ្នាំមកហើយ។ លោក កឹម សុខា បានបញ្ជាក់ដោយភាពជឿជាក់ថា បើរៀបចំល្អិតល្អន់ប៉ុណ្ណឹងហើយផ្តួលរំលំរដ្ឋាភិបាល មិនបានសម្រេចទៀតនោះ មិនដឹងធ្វើយ៉ាងម៉េចទៀតទេ?

ក្រៅពីផែនការតាមខ្សែញាក់របស់បរទេស លោក កឹម សុខា និងក្រុមប្រឆាំងរបស់ខ្លួន ក៏បានធ្វើសកម្មភាពគឃ្លើនមិនខ្លាចច្បាប់ជាច្រើនទៀត ក្នុងដំណើរជីវិតនយោបាយរបស់ខ្លួន។ លោក កឹម សុខា បានផ្លាស់ប្តូរខ្លួន ពីអ្នកនយោបាយទៅជាប្រធានអង្គការសង្គមស៊ីវិល បន្ទាប់មកក៏ហក់ចូលនយោបាយវិញ។

លោក កឹម សុខាក៍បានអះអាងយ៉ាងច្បាស់ថា ភាពបត់បែននេះ សុទ្ធសឹងជាផែនការដែលរៀបចំ ដោយបរទេសទាំងអស់។ ទាំងនៅជាអ្នកនយោបាយ និងនៅជាប្រធានអង្គការសង្គមស៊ីវិល លោក កឹម សុខា បានតាំងខ្លួនជាអ្នកប្រឆាំងប្តូរផ្តាច់ម្នាក់ដោយ មិនញញើតកោតក្រែងអ្នកណា ទាំងអស់ សូម្បីតែច្បាប់ពីព្រោះតែគាត់ត្រូវការភាពល្បីល្បាញ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនដើម្បីធ្វើដើមទុន នយោបាយ។
ខ្ញុំនៅចាំបានថា កាលពីនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា បានធ្វើសកម្មភាព ក្រោមពាក្យស្លោកថា «បើមិនប្រថុយ គឺគ្មានការផ្លាស់ប្តូរទេ»។

ពាក្យស្លោកនេះជាការញុះញង់ផុសកំហឹង ឲ្យប្រជាពលរដ្ឋអោយ ងើបបះបោរប្រឆាំងរដ្ឋាភិបាលក្រោមលេសថា ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។

អ្នកនយោបាយកូនអុកបរទេសរូប នេះបានប្រើប្រាស់វេទិកាសាធារណៈ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល។ ប៉ុន្តែ លទ្ធផលចុងក្រោយរបស់គណបក្សសិទ្ធិមនុស្ស ដែលជាមរតករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានទទួលលទ្ធផលត្រឹម ៣កៅអីតែប៉ុណ្ណោះ។

ដោយអស់តម្រិះក្នុងការតស៊ូនយោបាយ ព្រោះតែលទ្ធផល ដែលទទួលបានខុសឆ្ងាយពីការរំពឹងទុក លោក កឹម សុខា ក៏ត្រូវបានបរទេសបញ្ជាឲ្យទៅចូលរួម ជាមួយលោក សម រង្ស៊ី បង្កើតអតីតបក្សសង្គ្រោះជាតិ បើទោះបីជាអ្នកទាំងពីរនេះមានទស្សនៈខុសគ្នា ដូចទឹកនិងប្រេងក៏ដោយ។

ពេលអតីតបក្សប្រឆាំងបានកៅអីត្រឹម ៥៥ ដែលមិនគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូររដ្ឋាភិបាល លោក កឹម សុខា ក៏ ត្រូវបានបរទេសប្រើឲ្យរៀបចំផែនការផ្តួលរំលំ រដ្ឋាភិបាលដោយប្រើប្រាស់ ចលនាបដិវត្តន៍ពណ៌តាមលំនាំបដិវត្តន៍ នៅយូហ្គោស្លាវី និងស៊ែប៊ី។ នេះហើយជាទោសក្បត់ជាតិយ៉ាងធ្ងន់ធ្ងរដែលលោក កឹម សុខា កំពុងប្រឈមមុខ។

ដល់ពេលមានទោសធ្ងន់ អាចដឹងខ្លួនថារើខ្លួនមិនរួច ក្រុមប្រឆាំងបាននាំគ្នានិយាយថា នោះជារឿងនយោបាយ និងសុំឲ្យមានការសន្ទនាតាមបែប នយោបាយដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ។

ខ្ញុំឆ្ងល់និងលើកជាសំនួរសួរថា ពេលរៀបចំផែនការផ្តួលរំលំ តើលោក កឹម សុខា ឬក្រុមប្រឆាំងជ្រុលនិយម ទាំងឡាយមានគិតដល់ការសន្ទនាតាមផ្លូវនយោបាយឬទេ? ពេលកម្លាំងរបស់ខ្លួនកើនឡើង ពួកគេគិតតែនាំគ្នាធ្វើបាតុកម្ម និងកូប្បកម្មផ្តួលរំលំ រដ្ឋាភិបាល តើម្តេចមិនគិត និយាយពីការសន្ទនាផង? ពេលអតីតបក្សប្រឆាំងមិនទាន់ត្រូវបាន រំលាយ ម្តេចក៏មិនគិតពី ការសន្ទនាបង្រួបបង្រួមជាតិ ម្តេចក៏គិតតែញុះញង់បំបែកបំបាក់ដើម្បីផ្តួលរំលំរដ្ឋាភិបាល? ដល់ពេលឥឡូវក្រោយពីដុតភ្លើង ថែមសាំងរហូតឆេះផ្ទះខ្លួនឯងអស់ ហើយខ្លួនត្រូវជាប់ចោទពីបទក្បត់ជាតិឃុបឃិតជាមួយបរទេសទៀត បែរជានាំគ្នានិយាយថា មានតែផ្លូវសន្ទនាខ្មែរ និងខ្មែរទេទើបអាចបញ្ចប់បញ្ហាខ្មែរបាន? ចុះពីមុនម្តេចមិនស្វែងរកការសន្ទនារវាងខ្មែរនិងខ្មែរ ម្តេចក៏បែរជាទៅពឹងបរទេសឲ្យជួយបង្រៀន ពីរបៀបផ្តួលរំលំខ្មែរគ្នាឯងធ្វើអ្វី ជាពិសេសការផ្តួលរំលំតាមគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។

ដូច្នេះសំណួរ ទាំងអស់នេះអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ថា ក្រុមប្រឆាំងជ្រុលនិយមមិនចោលក្បួនសម្តែងល្ខោន លេងប៉ាហ៊ី ឆ្ពិនភ្នែកគេឯងនោះឡើយ។

តាមពិតក្រុមប្រឆាំងនេះក៍ មិនដែលគិតគូរដល់វប្បធម៌សន្ទនាអ្វីទេ គឺពួកគេគិតតែពីរកវិធីផ្តួលរំលំមួយមុខប៉ុណ្ណោះ។ តែដល់ពេលជាប់ចំណងអាច រើខ្លួនមិនរួចទើបស្រែករកការសន្ទនា។ បែបនេះគេហៅថា ពេលទឹកដល់ច្រមុះទើបរកព្រះជួយ។ ប៉ុន្តែ គ្មានព្រះណាអាចជួយមនុស្សពុតត្បុតពោរពេញ ដោយល្បិចកលបែបនេះបានឡើយ។

យ៉ាងណាមិញ អំពើដែលពួកគេបានសាងអាចនឹងឲ្យផល យ៉ាងសមស្របទៅពួកគេវិញហើយ។ ក្រុមអ្នកបំបែកបំបាក់ខ្មែរ កំពុងរងការបែកបាក់ខ្ទេចខ្ទីដោយខ្លួនឯង។ ក្រុមអ្នកសាងវប្បធម៌លាបពណ៌ កំពុងត្រូវបានថ្នាំពណ៌កំពប់ប្រឡាក់ខ្លួនឯងវិញ លាងមិនជ្រះឡើយ។

ក្រុមអ្នកចង់ផ្តួលរំលំគេអាចនឹង ទទួលទណ្ឌកម្មតាមរយៈទោសក្បត់ជាតិនៅឯតុលាការ។ នេះជាកម្មផលដែលពួកគេបានសាង។ រឿងផ្លូវច្បាប់ យើងត្រូវទុកឲ្យអ្នកច្បាប់ដោះស្រាយ ចំណែក រឿងនយោបាយ គឺជារឿងដោយឡែកដែលមិនអាចឡូកឡំគ្នាបានឡើយ។ រឿងអាស្រូវរបស់អ្នកនយោបាយ មិនមែនសុទ្ធតែជារឿងនយោបាយទេ។ តែបើអ្នកនយោបាយប្រព្រឹត្តខុសច្បាប់ គឺជារឿងផ្លូវច្បាប់។ ខ្ញុំយល់ថា សូមកុំព្យាយាមទាញ រឿងច្បាប់ឲ្យទៅជារឿង នយោបាយឲ្យសោះ។

ពាក្យសន្ទនានយោបាយខ្មែរ និងខ្មែរ ដែលពួកគេកំពុងស្រែកទាមទារ ពេលនេះត្រូវបានក្រុមប្រឆាំងដដែលនេះ សម្លាប់បាត់ទៅហើយ៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ