(ភ្នំពេញ)៖ «ទីណាមានទុក្ខ ទីនោះមានមុខសម្តេចតេជោ សែន» នេះគឺជាពាក្យដែលគេតែងលឺពលរដ្ឋខ្មែរនិយាយ និងជាពាក្យស័ក្តិសមឥតខ្ចោះសម្រាប់ពិពណ៌នា បុរសម្នាក់ឈ្មោះថា «ហ៊ុន សែន»។ សកម្មភាពពីរចុងក្រោយនេះដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើពិតជាបានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំរូបនេះពិតជាវីរៈបុរស របស់ជនជាតិខ្មែរពិតៗឥតប្រកែក បានឡើយ។

សកម្មភាពទី១គឺ ពាក់ព័ន្ធនឹងករណីបាក់រលំអាគារ ៧ជាន់ក្នុងក្រុងព្រះសីហនុ កាលពីខែមិថុនាឆ្នាំ២០១៩ និងការបាក់រលំអាគារកម្ពស់៦ជាន់ក្នុងខេត្តកែប កាលពីរសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០ នេះ បានចាក់ចំបេះដូងខ្ញុំ ជាយុវជនម្នាក់ក៏ដូចជាបេះដូងពលរដ្ឋខ្មែរទូទាំងប្រទេស។ សកម្មភាពនេះបានរម្លឹកឲ្យយើង នឹកឃើញឡើងវិញនូវវីរៈភាពគ្រប់បែបយ៉ាងដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើស្ទើរពេញមួយជីវិត របស់ខ្លួនដើម្បីតែបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា និងជនរួមជាតិជាទីស្រឡាញ់របស់គាត់ពោលគឺ មួយជីវិតនេះសម្តេចតេជោសែន កើតមកដើម្បីតែបម្រើប្រទេសជាតិ និងប្រជាជនរបស់លោកតែប៉ុណ្ណោះ។

ជាក់ស្តែង គ្រាន់តែបានទទួលដំណឹងពីការបាក់រលំអាគារក្នុងខេត្តកែបភ្លាម សម្តេចតេជោ ហ៊ុន សែន បានទុកការងារផ្សេងៗមួយអន្លើ ជាពិសេសបានបោះបង់ចោលទាំងស្រុង ការសម្រាកចុងសប្តាហ៍របស់ខ្លួនដើម្បីប្រញាប់ប្រញាល់ធ្វើដំណើរទាំងយប់ទៅកាន់ទីកន្លែងកើតហេតុ ដើម្បីដឹកនាំបញ្ជាផ្ទាល់ប្រតិបត្តិការជួយសង្គ្រោះជីវិតកម្មករ ដែលជាប់គាំងក្នុងគំនរបែកបាក់។ ក្នុងនាមនាយករដ្ឋមន្ត្រីសម្តេចតេជោ សែន បានឈរបញ្ជា នៅកន្លែងកើតហេតុដោយផ្ទាល់អស់ទាំងយប់ទាំងថ្ងៃដោយ មិនបានសម្រាកឡើយ។ ក្រៅពីចុះជាប់នៅកន្លែងកើតហេតុ ប្រមុខដឹកនាំរូបនេះក៏នៅបានឆ្លៀតទៅសួរសុខទុក្ខអ្នករងរបួសក្នុងមន្ទីរពេទ្យថែមទៀត។ សកម្មភាពជាច្រើនត្រូវបានចាត់ចែង ធ្វើក្នុងពេលតែមួយ។

ជាក់ស្តែងការបញ្ជាប្រតិបត្តិការជួយសង្គ្រោះ, ការឆ្លៀតសួរសុខទុក្ខអ្នកសម្រាកនៅមន្ទីរពេទ្យ, ការស្វះស្វែងរកថវិកាដើម្បីជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះទាំងអ្នករបួស និងអ្នកស្លាប់ ព្រមទាំងការប្រមូលព័ត៌មាននានាជុំវិញហេតុការណ៍បាក់រលំអាគារដើម្បីធ្វើជាមូលដ្ឋានក្នុងការចាត់វិធានការដោះស្រាយជាក់ស្តែងជាបន្ត។ ខ្ញុំនៅចាំបានថា កាលពីហេតុការណ៍បាក់រលំអាគារក្នុងខេត្តព្រះសីហនុ គ្រាន់តែចុះពីលើយន្តហោះមកពីកិច្ចប្រជុំក្រៅប្រទេសភ្លាម សម្តេចតេជោ ហ៊ុន សែន ក្នុងភាពជាអ្នកដឹកនាំប្រទេសដែលជានិច្ចជាកាល មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជនរួមជាតិរបស់គាត់ហើយដែលតែងតែប្រកាន់ខ្ជាប់ ឥតប្រែប្រួលនូវគោលការណ៍និងគោលជំហរ «នៅរួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជនជាដាច់ខាត» បានឡើងរថយន្តភ្លាមឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដោយមិនបានគិតពី ការនឿយហត់នោះឡើយ។ ធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយរហូតដល់ម៉ោងរំលងអធ្រាត្រទើបទៅដល់គោលដៅ។

មិនបង្អង់យូរ បុរសក្នុងសម្លៀកបំពាក់យោធារូបនេះបានចុះទៅពិនិត្យមើលដោយផ្ទាល់ដល់កន្លែងកើតហេតុ និងបន្តស្ថិតនៅជាមួយក្រុមសង្គ្រោះរហូតដល់ទៀបភ្លឺ ទើបវិលទៅកន្លែងសម្រាក។ ប៉ុន្តែទោះជាវិលទៅកន្លែងសម្រាកក៏ពិតមែន ក៏យើងបានដឹងថា សម្តេចតេជោ ហ៊ុន សែន មិនអាចសម្រាកលង់លក់បានឡើយនៅក្នុង ខណៈពេលដែលប្រជាពលរដ្ឋរបស់គាត់កំពុងមានទុក្ខលំបាកដោយក្តី សោកសង្រេងបែបនេះ។

កិច្ចការជាច្រើនត្រូវបានប្រមុខ រាជរដ្ឋាភិបាលចាប់យកមកពិនិត្យ និងសម្រេចជាបន្ទាន់និងជាបន្ត បន្ទាប់ប្រកបដោយការទទួលខុសត្រូវ។ ដៃម្ខាងបញ្ជាក្រុមការងារដើម្បីរុករកជនរងគ្រោះដែលកប់ក្នុងគំនរ បាក់បែកនៃអាគារ រីឯដៃ ម្ខាងទៀតកាន់ប៊ិចដើម្បីចារលើឯកសារ និងធ្វើសេចក្តីសម្រេចជាបន្ទាន់មួយចំនួន។ លើកនេះ ក៏ដូចលើកមុនដែរ ក្នុងទឹកមុខដ៏ក្រៀមក្រំ ក្នុងស្ថានភាពនឿយហត់ អត់ងងុយយ៉ាងណា ក៏នាយករដ្ឋមន្ត្រីរូប នេះមិនដែលត្អូញត្អែរសូម្បីមួយម៉ាត់ឡើយ។ អារម្មណ៍របស់គាត់គឺបានដិតជាប់ជាមួយក្រុមគ្រួសារជនរងគ្រោះដែលជាជន រួមឈាមរបស់គាត់ ហើយដែលគាត់ចាត់ទុកដូចជាសាច់ញាតិរបស់ខ្លួនយ៉ាងដូច្នោះដែរ។ ដោយសារគាត់មានសញ្ជាតិញាណជាខ្មែរ និងមានញាណពិសេសជាប់ខ្លួនតាំងពីកំណើត សម្តេចតេជោ ហ៊ុន សែន មានអារម្មណ៍ រសាប់រសល់ក្នុងក្តីរំពឹងថា អាច មានមនុស្សដែលនៅរស់រានមានជីវិតនៅឡើយកំពុងកប់ក្នុងគំនរឥដ្ឋ និងដែកដែលជាបំណែក នៃការបែកបាក់របស់អាគារ។ ញាណពិសេសនេះហើយដែល បានជំរុញចិត្តគាត់ឲ្យបញ្ជាទៅក្រុមរុករកឲ្យបង្កើនសកម្មភាពដើម្បីជួយសង្គ្រោះ។

ទីបំផុតទាំងនៅខេត្តព្រះសីហនុ ទាំងនៅខេត្តកែប ញាណពិសេសរបស់ សម្តេចបានជំរុញឲ្យក្រុមសង្គ្រោះជួយសង្គ្រោះជីវិតមនុស្សជាបន្តបន្ទាប់ចេញពីគំនរបាក់បែក។
ខ្ញុំយល់ថា បើគ្មានការដឹកនាំបញ្ជាផ្ទាល់ពីមេដឹកនាំកំពូលដូចសម្តេចហ៊ុន សែនទេនោះ និងបើគ្មានក្រុមជួយសង្គ្រោះដ៏សកម្មមោះមុតបែបនេះទេ ម៉្លេះសមគ្មានជីវិតនៅរស់សូម្បីតែម្នាក់ឡើយ។

ដោយក្តីរំភើប ក្តុកក្តួល អួលដើមក និងហូរទឹកភ្នែកមិនដឹងខ្លួន នាយករដ្ឋមន្ត្រីរូបនេះក៏បានឡើងជិះរថយន្តអមដំណើរជនរងគ្រោះទៅកាន់មន្ទីរពេទ្យដោយផ្ទាល់។ នៅលើលោកនេះ តើមានមេដឹកនាំរូបណាដែលអាចធ្វើបានដូច្នេះ? តើមានមេដឹកនាំរូបណាដែលមានសមានចិត្តដក់ជាប់ជាមួយប្រជាពលរដ្ឋពិតៗយ៉ាងដូច្នេះ?

នេះគ្រាន់តែជាសកម្មភាព២ ចុងក្រោយក្នុងចំណោម សកម្មភាពជាច្រើនរាប់មិនអស់ដែលបុរសឈ្មោះ ហ៊ុន សែន បានធ្វើជាមួយជនរួមជាតិរបស់គាត់។
កាលពីជាង៤០ ឆ្នាំមុន គាត់ធ្លាប់បានយកជីវិតធ្វើដើមទុនដើម្បីសង្គ្រោះខ្មែរទូទាំងនគរឲ្យរួចផុតពីវាលពិឃាតនៃរបបអាវខ្មៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩។
កាលណោះ នៅពេលដែលឃើញជនរួមជាតិរបស់ខ្លួនកំពុងធ្លាក់ក្នុងរណ្តៅមរណៈ បុរសម្នាក់នេះបានចាកចោលផ្ទះសម្បែង ចោលប្រពន្ធកូនជាទីស្រឡាញ់ ដើម្បីចេញទៅរកវិធីជួយសង្គ្រោះពលរដ្ឋខ្មែរឲ្យរួចផុតពីសេចក្តីស្លាប់។ ខុសពីមនុស្សមួយចំនួនដែលចាកចេញពីស្រុកដើម្បីគេចយករួចខ្លួនពីសេចក្តី ស្លាប់តែម្នាក់ឯង បុរសឈ្មោះ ហ៊ុន សែន បានចាកចេញពី ស្រុកកំណើត បែកក្រុមគ្រួសារ ប្រពន្ធកូន និងប្រថុយជាមួយ សេចក្តីស្លាប់គ្រប់ប្រការគឺដើម្បីរំដោះខ្មែររាប់លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។

នេះគឺជាបេសកកម្មធំដំបូងគេបង្អស់មួយរបស់បុរសដែលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាសព្វថ្ងៃ។ បេសកកម្មនេះក៏បានសម្រេចដូចបំណងនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ទោះយ៉ាងណាបេសកកម្មរបស់គាត់នៅមិនទាន់ចប់ត្រឹមការរំដោះខ្មែររួចផុតពីស្លាប់នោះទេ។ នៅមានកិច្ចការជាច្រើនទៀតដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបំពេញ នោះគឺដៃម្ខាងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់វិញ, រីឯដៃម្ខាងទៀតស្តារប្រទេសជាតិឡើងវិញពីគំនរផេះផងនៅក្រោមសម្ពាធអន្តរជាតិជុំទិស។ ទោះបីជារបបប៉ុល ពត បានដួលរលំក៏ពិតមែន ប៉ុន្តែកម្លាំងរបស់ពួកខ្មែរក្រហមនៅបន្តមាននៅឡើយ និងបន្តរំខានសរចក្តី សុខសាន្តរបស់ពលរដ្ឋខ្មែរគ្រប់ពេល។ សូម្បីតែមានអន្តរាគមន៍ពី អង្គការសហប្រជាជាតិក៏នៅតែមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជាបានដែរ។

ក្នុងស្ថានភាពបែបនេះបុរសឈ្មោះ ហ៊ុន សែន ដែលបានចាប់កំណើតលើផែនដីនេះ ក្នុងនាមជាអ្នកជួយសង្គ្រោះខ្មែរ ក៏បានរកឃើញនូវរូបមន្តដ៏ស័ក្តិសសិទ្ធបំផុតមួយ ដើម្បីបញ្ចប់សង្គ្រាម។ រូបមន្តនោះគឺ «នយោបាយឈ្នះៗ» មានន័យថា ការបញ្ចប់សង្គ្រាមដោយមិន ចាំបាច់ធ្វើសង្គ្រាម។ តាមរយៈ រូបមន្តដ៏កម្រនេះ កម្ពុជាក៏បានស្គាល់សន្តិភាពពេញលេញចាប់ពីឆ្នាំ ១៩៩៨ រហូតមក។ ហេតុដូច្នេះហើយបានជាដើមឆ្នាំ២០២០នេះ ពលរដ្ឋខ្មែរគ្រប់ទិសទីបានគាំទ្រ ប្រកបដោយក្តីអំណរនូវសារ នយោបាយ«អរគុណសន្តិភាព» ដែលបានផ្តល់ឲ្យពួកយើងនូវអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។

ប្រទេសជាតិមានសន្តិភាព គឺជាពេលវេលាដែលត្រូវអភិវឌ្ឍន៍។ កម្ពុជាដែលធ្លាប់តែស្ងាត់ជ្រងំ, ភ្នំពេញដែលធ្លាប់ជាទីក្រុងខ្មោច,បានប្រែក្លាយជាប្រទេសដែលមានចរាចរណ៍អ៊ូរអ និងមានសំណង់លូតលាស់គ្រប់ទិសទី។ ភ្នំពេញបានក្លាយជារាជធានីដែលណែនណាន់ ដោយមនុស្សម្នា យានយន្ត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក។ ភ្នំពេញដែលធ្លាប់តែនៅឆ្ងាយដាច់សង្វែងពីខេត្តនានា បានក្លាយជាជិតបង្កើយដោយសារតែមានផ្លូវថ្នល់ខ្វែងខ្វាត់ រលោងស្រិល ស្ពានឆ្លងទន្លេព្រោងព្រាង រីឯ យានជំនិះក៏សម្បូរបែប។ អាគារខ្ពស់ទាបរីកដុះដាលព្រោងព្រាត ដូចផ្សិតត្រូវទឹកភ្លៀង។ គឺក្នុងបរិបទនៃការអភិវឌ្ឍន៍នេះហើយដែលសំណង់អាគារ មួយចំនួនតូចគឺយ៉ាងតិចតួចបំផុតដែលជួបបញ្ហាលំបាក់បើធៀប នឹងអាគារច្រូងច្រាងពាសពេញប្រទេសដែលបានងើបឡើងក្នុងសម័យតេជោសន្តិភាព។ ទោះជាយ៉ាងនេះក៏ដោយ ក៏បុរសឈ្មោះ ហ៊ុន សែន មិនដែល បោះបង់ចោលពលរដ្ឋរបស់ខ្លួនម្តងណាឡើយ។

រាល់ពេលដែលពលរដ្ឋជួបបញ្ហាដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ឬមានបញ្ហាធំៗផ្សេងទៀត ដូចជាករណីបាក់រលំអាគារពេលនេះជាដើម គេតែង ឃើញមានវត្តមានរបស់បុរសឈ្មោះ ហ៊ុន សែន ចុះដល់ទីនោះជាដរាបដើម្បីរួមសុខរួមទុក្ខជាមួយជនរួមជាតិរបស់ខ្លួន។ ក្នុងនាមជាអ្នកដឹកនាំ បុរសម្នាក់ នេះមិនដែលរត់ចោលប្រជាពលរដ្ឋ និងមិនដែលគេចវេសពីបញ្ហាឡើយ។ ផ្ទុយទៅវិញទីណាមានទុក្ខទីនោះពិតជាមានមុខសម្តេច ហ៊ុន សែន។ ដូច្នេះគាត់ពិតជាវីរៈបុរស របស់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ។ គុណសម្បត្តិរបស់គាត់មានទំហំធំធេងឥតគណនា ដែលគ្មានមេដឹកនាំខ្មែរណាអាចធ្វើបាននៅឡើយ។ គាត់ត្រូវបានជនបរទេសដាក់រហ័សនាមថាជាបុរសខ្លាំងរបស់កម្ពុជា។ ចំណុចខ្លាំងរបស់គាត់គឺស្ថិតនៅត្រង់ថា គាត់មិនត្រឹមតែជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឈន៍ប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍន៍ និងការពារសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរ មិនឲ្យមានអ្នកណាអាចមកបំផ្លាញបានឡើយ។

ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទី ជាពិសេសជនរងគ្រោះដោយហេតុការណ៍ណាមួយ។ បុរសរូបនេះហើយដែលជាវីរៈបុរសរបស់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដនោះគឺតេជោសែនដ៏ជាទីកក់ក្តៅរបស់ពលរដ្ឋ និងជាពិសេសយុវជនខ្មែរ។

ដោយ៖ និស្សិតឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ធកិច្ច