(ភ្នំពេញ)៖ មកទល់នឹងបច្ចុប្បន្ននេះ ជាតិនិងប្រជាជនកម្ពុជាបានរស់នៅក្នុងសុខសន្តិភាពបានរយៈពេល ២១ឆ្នាំមកហើយ! វាជាលើកទី១ក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនេះ ដែលសន្តិភាព មានវត្តមានដ៏រឹងមាំនៅលើទឹកដីកម្ពុជាដ៏កម្សត់ ដែលធ្លាប់បានហែលឆ្លងកាត់សង្គ្រាមឈ្លានពាន ការស្ថិតនៅក្រោមអាណានិគមបរទេស ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ការរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ រងគ្រោះដោយការទម្លាក់គ្រាប់បែកជាង៣លានតោន រហូតដល់ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមធ្វើឱ្យពលរដ្ឋខ្មែរយ៉ាងហោចជាង ២ លាននាក់បានស្លាប់បាត់បង់ជីវិត។

សន្តិភាពដែល កម្ពុជាមានសព្វថ្ងៃនេះ បានមកពីការយកជីវិតធ្វើជាដើមទុនរបស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ចាប់ពីការតស៊ូរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជនខ្មែរនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ការចរចា សន្តិភាពទីក្រុងប៉ារីស និងការនាំយកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ លះបង់ក្រុមគ្រួសារ ដើម្បីសង្គ្រោះជាតិឱ្យរស់ រហូតដល់សព្វថ្ងៃនេះ។ ប្រសិនបើគ្មានការលះបង់ និងមានគោលនយោបាយដ៏ត្រឹមត្រូវទេ នោះកម្ពុជានឹង បន្តធ្លាក់ក្នុងសង្គ្រាមស៊ីវិល ការបំផ្លិចបំផ្លាញ និងគ្មានឱកាសស្តារនិងកសាងជាតិឱ្យរីកចម្រើននោះទេ។

សន្តិភាពដែលកម្ពុជាមាននៅពេលនេះគឺជាសន្តិភាពដ៏បរិសុទ្ធដែលកើតចេញពីដៃខ្មែរផ្ទាល់ ហើយ ជាសន្តិភាពដ៏មានតម្លៃបំផុតសម្រាប់ជនជាតិខ្មែរ។ ដោយសារតែសុខសន្តិភាពពេញលេញនេះហើយដែល អនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់នៅក្នុងការកសាងជាតិឡើងវិញ ពីគំនរផេះផង់ឈាមនិងទឹកភ្នែក ហើយពេលនេះដើមឈើសន្តិភាពដែលបានដុះចាក់ឫសក្នុងទឹកដីកម្ពុជា ក៏បានផ្តល់ផ្លៃផ្កាជាទីពេញចិត្តនៃ ពលរដ្ឋរបស់ខ្លួន។ ពលរដ្ឋខ្មែរ បាននិងកំពុងតែបេះផ្លែផ្កាសន្តិភាព និងរីករាយនឹងផ្លែផ្កាសន្តិភាពដែលរក បានមកដោយពិបាកនេះ។ ប្រជាជាតិខ្មែរសូមអរគុណសម្តេចតេជោ ហ៊ុន សែន ដែលនាំយកសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងធ្វើឱ្យមានឯកភាពជាតិ និងឯកភាពទឹកដីជាលើកទី១ ក្នុងរយៈប្រវត្តិសាស្ត្រកម្ពុជា ៥០០ ឆ្នាំចុងក្រោយនេះ។ សូមអរគុណសន្តិភាព ដែលធ្វើឱ្យកម្ពុជាមានឱកាសស្តារ និងកសាងអភិវឌ្ឍជាតិឱ្យរីកចម្រើនលើគ្រប់វិស័យទាំងអស់ដូចសព្វថ្ងៃនេះ។

សមិទ្ធផលជាច្រើនត្រូវបានកសាងឡើងជាពិសេសនៅក្នុង រយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះក្រោមកិច្ចខិតខំប្រឹងប្រែងឥតសំចៃ ការលះបង់ និងការកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្រោមដំបូលនៃសុខសន្តិភាពពេញលេញ។ ពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ពីសមិទ្ធផល ដែលកើតចេញពីសុខសន្តិភាពនេះ ហើយស្វា គមន៍ចំពោះវត្តមាននៃសន្តិភាព និងប្រាថ្នាឱ្យសន្តិភាពមានវត្តមានជាអចិន្ត្រៃយ៍នៅលើទឹកដីកម្ពុជានេះ។

ជីវិតក្នុងប្រទេសដែលមានសុខសន្តិភាព ពិតជាមានតម្លៃជាពិសេសពលរដ្ឋខ្មែរដែលធ្លាប់ហែលឆ្លងកាត់របបខ្មែរក្រហម កំពុងមានអារម្មណ៍ខុសគ្នាដូចមេឃនិងដីនៃតម្លៃជីវិត ខណៈនៅក្នុងរបបខ្មែរក្រហម ជីវិតមនុស្សគ្មានតម្លៃឡើយ អង្គការខ្មែរក្រហមឱ្យស្លាប់ៗឱ្យរស់គឺរស់។ ចំណែកពលរដ្ឋខ្មែរដែលមានអាយុ ក្រោម ៤០ ឆ្នាំមានប្រមាណ ៦០% នៃប្រជាជនសរុបជាង ១៦ លាននាក់បាននិងកំពុងទទួលបានផលពី សុខសន្តិភាព រស់នៅបែបស៊ីវិល័យទៅតាមការវិវឌ្ឍនៃសង្គម និងការរីកចម្រើនសេដ្ឋកិច្ច។

ដោយសារតែសុខសន្តិភាព សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំរយៈពេល ២០ ឆ្នាំជាប់គ្នាដែលធ្វើឱ្យ កម្ពុជា បានចាកចេញពីប្រទេសក្រីក្រមកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និងក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ដោយសារតែសុខសន្តិភាព ស្ថិរភាពនយោបាយរឹងមាំ និងកំណើនសេដ្ឋកិច្ចជាប្រចាំ បានធ្វើឱ្យប្រជាពលរដ្ឋ ខ្មែរអភិវឌ្ឍខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព ការទទួលខុសត្រូវខ្ពស់ និងប្រកបដោយសីលធម៌ ខ្ពស់ជាជន្ទល់គាំទ្រដល់ការការពារជាតិ អភិវឌ្ឍជាតិ និងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់ ខ្លួន។ ដោយសារតែសន្តិភាពបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់យល់ច្បាស់ថាជម្រើសនៃការធ្វើសង្គ្រាម ឬ ការឡើងកាន់អំណាចតាមរយៈការធ្វើបដិវត្តន៍ពណ៌ ដែលជាមធ្យោបាយមិនប្រជាធិបតេយ្យ មិនបានផ្តល់ផលល្អសម្រាប់ជាតិនិងប្រជាជនឡើយ។

នៅពេលដែលប្រជាពលរដ្ឋខ្មែរនាំគ្នានិយាយពីសន្តិភាព បង្ហាញការស្រឡាញ់ចំពោះសន្តិភាព និង ប្រកាសការពារថែរក្សាសន្តិភាពនៅកម្ពុជា ក្រុមជនប្រឆាំងក្បត់ជាតិមួយចំនួនបានចោទសួរថាតើសន្តិភាព មានពិតហើយឫនៅ? សន្តិភាពបាននិងកំពុងផ្តល់សេចក្តីសុខផ្លូវកាយ និងសេចក្តីផ្លូវចិត្តចំពោះប្រជាពល
រដ្ឋដែលស្រឡាញ់សន្តិភាព ប៉ុន្តែសន្តិភាពពិត នឹងមិនអាចកើតមានចំពោះក្រុមក្បត់ជាតិ និងក្រុមប្រឆាំងនឹងសន្តិភាពទេ ព្រោះពួកគេបានប្រកាសខ្លួនប្រឆាំងនឹងច្បាប់ ជ្រើសរើសមធ្យោបាយមិនប្រជាធិបតេយ្យក្នុងការប៉ុនប៉ងឡើងដឹកនាំប្រទេស។ ពួកគេពិតជាមិនមានសន្តិភាពនៅក្នុងចិត្តឡើយព្រោះពួកគេបានតាំង ខ្លួនជាអ្នកបំផ្លាញសន្តិភាពរបស់កម្ពុជា។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់សន្តិភាព គឺច្បាស់ណាស់នឹងមិនអនុញ្ញាតឱ្យក្រុមក្បត់ជាតិភេវរករប្រឆាំង នឹងសន្តិភាពមានឱកាសបំផ្លាញសុខសន្តិភាពដែលខ្លួនបាននិងកំពុងទទួលផ្លែផ្កានេះឡើយ។

ពលរដ្ឋខ្មែរពិតជាបានដឹងច្បាស់ថាការអភិវឌ្ឍ សិទ្ធិសេរីភាពនិង លទ្ធិប្រជាធិបតេយ្យដែលក្រុមប្រឆាំងតែងតែលើកឡើងនឹងមិនអាចកើតឡើងនៅក្នុងប្រទេសដែលមានស ង្គ្រាមបានឡើយ ហើយក៏មិនអាចកើតមានឡើងដោយការធ្វើបដិវត្តន៍ពណ៌តាមការញុះញង់របស់បរទេស ដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ពួកគេឡើយ។ សន្តិភាពពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ហើយសន្តិភាពដែលបានមកនេះក៏បានឆ្លងកាត់នូវការតស៊ូពុះពារ មិនខ្លាចនឿយ ហត់របស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ ហេតុដូច្នេះបានជាពលរដ្ឋបានប្រកាសប្តូរផ្តាច់ការពារសន្តិភាពនេះ។

សន្តិភាពបានបណ្តុះស្មារតីឱ្យប្រជាពលរដ្ឋស្នេហាជាតិ មានមនសិការជាតិ មានឯកភាពជាតិក្នុងនាមជាតិសាសន៍តែមួយ និងប្រកបដោយស្មារតីជាតិខ្ពស់ ការពារនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសេចក្តីថ្លៃថ្នូរ និងលើកតម្កើងវប្បធម៌ អរិយធម៌ ប្រពៃណីជាតិ។ សន្តិភាពបានធ្វើឱ្យពលរដ្ឋខ្មែរយល់ពីគុណតម្លៃជាតិ និងសាមគ្គីជាតិ ឱ្យតម្លៃលើសាមគ្គីជាតិ ថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាបណ្តុះគំនិតស្រឡាញ់ជាតិខ្លួនផងដែរ។

ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋខ្មែរបាននៅជាមួយរាជរដ្ឋាភិ បាលចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាមានសព្វថ្ងៃនេះឱ្យបាន គង់វង្ស។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាស្ថាបនិកសន្តិភាពនៅកម្ពុជាបានគូស បញ្ជាក់យ៉ាងច្បាស់ថា៖ «ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសន្តិភាពដែលយើងរកបានដោយពិបាកឱ្យបាន»។ ដោយសារតែមានប្រជាពលរដ្ឋឱ្យតម្លៃលើសន្តិភាព ស្រឡាញ់សន្តិភាព និងការពារសុខសន្តិភាព ទើបបានធ្វើឱ្យផែនការប៉ុនប៉ងរដ្ឋប្រហាររបស់ក្រុមជនក្បត់ជាតិបរាជ័យយ៉ាងអាម៉ាស់ ផែនការបំផ្លាញ សន្តិភាព និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការអំពាវនាវឱ្យពលរដ្ឋ «ដេកផ្ទះ ឈ្នះឯង» មិនចេញទៅបោះឆ្នោតទទួលបរាជ័យ។ សំឡេងសន្ធឹករបស់ពលរដ្ឋខ្មែរនិយាយពាក្យសន្តិភាព ទទួលបានផល ផ្លែផ្កាពីសន្តិភាពនិងការបង្ហាញអារម្មណ៍ពិតតាមរយៈការចងបដាពាក្យ «អរគុណសន្តិភាព» បានធ្វើឱ្យក្រុម ប្រឆាំងក្បត់ជាតិ និងក្រុមប្រឆាំងនឹងសន្តិភាពភ័យខ្លបខ្លាច បាក់ស្បាត ចេញមកខំរកលេសការពារអំពើអាក្រក់របស់ខ្លួន។ នេះគឺជាឥទ្ធិពលនៃសុខសន្តិភាព ហើយសុខសន្តិភាពនេះនឹងស្ថិតស្ថេរជាអមតៈនៅលើទឹកដីកម្ពុជា។ អរគុណសន្តិភាព! យើងខ្ញុំនឹងថែរក្សានិងការពារអ្នកជារៀងរហូត!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២០