(ភ្នំពេញ)៖ មួយរយៈកន្លងទៅនេះនៅកម្ពុជា សង្កេតឃើញមានបញ្ហានយោបាយ និងសង្គមមួយចំនួន ដែលធ្វើឲ្យខ្ញុំមិនយល់ពីចរិតរបស់ប្រជាពលរដ្ឋខ្មែរ។ បញ្ហាទី១ គឺប្រព័ន្ធអនុគ្រោះពន្ធ (EBA) បញ្ហាទី២ បញ្ហាព្រំដែនកម្ពុជា-វៀតណាម ឯបញ្ហាទី៣ សម្បត្តិបេតិកភណ្ឌខ្មែរ និង ទី៤ វត្តមានជនជាតិចិននៅកម្ពុជា។ ការប្រតិកម្មរបស់ពលរដ្ឋខ្មែរដោយខ្វះមូលដ្ឋានធ្វើឲ្យខ្ញុំមានការងឿងឆ្ងល់ថា តើប្រជាពលរដ្ឋខ្មែរចង់បានអ្វីឲ្យប្រាកដ។

ទី១៖ ពលរដ្ឋខ្មែរមួយចំនួនដើរប្រាប់គេឯងថា ខ្លួនមានការភិតភ័យនៅពេលដែលបានលឺថា សហភាពអ៊ឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ហៅកាត់ថា EBA ពីកម្ពុជា។ បុន្តែគេមិនបានយល់សោះអំពីអ្វីជា EBA ? នីតិវិធីនៃការដកប្រព័ន្ធ EBA ប្រព្រឹត្តិទៅយ៉ាងដូចម្តេច ? គេយល់ដឹងតិចតួចណាស់ពាក់ព័ន្ធនឹងថា ហេតុអ្វីបានជាសហភាពអឺរ៉ុបចង់ដក EBA ពីកម្ពុជា ? តើកម្ពុជាឆ្លើយតបយ៉ាងដូចម្តេច? អ្នកដែលមាននិន្នាការប្រឆាំងបានលាន់មាត់តគ្នាថា កម្ពុជានឹងស្លាប់បើគ្មាន EBA។

ជាការពិតកម្ពុជាជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ សង្គ្រាមស៊ីវិល និងប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង់ក្នុងប្រវតិ្តសាស្រ្តមនុស្សជាតិនៃពិភពលោក។ ក្នុងរបបប៉ុលពត អង្គការអាវខ្មៅបានសម្លាប់មនុស្សរាប់លាននាក់ បង្អត់អាហារ ធ្វើការលើសកម្លាំង តែកម្ពុជាអាចស្តារលើកស្ទួយរហូតរីកចម្រើនដូចបច្ចុប្បន្ន។ តើកម្ពុជានឹងស្លាប់ទេ បើគ្មាន EBA ?

វាពិតជាគួរឲ្យអាម៉ាស់ណាស់ដែលសហភាពអ៊ឺរ៉ុបចង់ដក EBA ពីកម្ពុជាដោយចោទប្រកាន់ថា កម្ពុជារំលោភសិទ្ធិមនុស្ស។ បុន្តែមានប្រទេសជាច្រើន ដែលទទួលបានភាពអនុគ្រោះ EBA ពីអ៊ឺរ៉ុបដែលមានកំណត់ត្រានៃការគោរពសិទ្ធិមនុស្សអន់ជាងកម្ពុជាទៅទៀត។ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន
មានកម្រិតទាបជាងកម្ពុជាក្នុងការគោរពសិទ្ធិមនុស្សទៅទៀត។

អំពីការការពារសិទ្ធិកម្មករ ប្រទេសវៀតណាមបានចុះហត្ថលេខាផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលរបស់អង្គការការងារអន្តរជាតិ តិចជាងកម្ពុជាឆ្ងាយណាស់ ជាពិសេសអនុសញ្ញាលេខ៨៧ ស្តីពីសេរីភាពនៃការបង្កើតសមាគម និងសហជីព និងអនុសញ្ញាលេខ៩៨ ស្តីពីសិទ្ធិក្នុងការរៀបចំ និងការចរចាជាសមូហភាព នេះបើយោងតាមសមាគមកាត់ដេរ GMAC ។ ជាអកុសល ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom និងក្រុមរបស់លោកស្រីបានមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយវៀតណាមដោយមោទនភាពកាលពីខែមិថុនា ឆ្នាំ២០១៩។

ពលរដ្ឋខ្មែរមួយចំនួនថា ការបាត់បង់ EBA គឺជាដាក់ទណ្ឌកម្មដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករក្រីក្រជាស្ត្រីដែលងាយរងគ្រោះដែលកំពុងបម្រើការក្នុងវិស័យកាត់ដេរ ។ បញ្ហានេះរាជរដ្ឋាភិបាលប្រឹងគ្រប់ច្រកល្ហកដើម្បីរក្សា EBA ។ ផ្ទុយទៅវិញក្រុមប្រឆាំងហាក់បីដូចជាត្រេកអរពេលលឺថា សហភាពអ៊ឺរ៉ុបដក EBA ពីកម្ពុជា ដើម្បីដាក់គំនាបទៅលើរាជរដ្ឋាភិបាលកម្ពុជា។ តើពលរដ្ឋខ្មែរចង់បានអ្វីឲ្យប្រាកដ ?

ទី២៖ បញ្ហាព្រំដែនកម្ពុជា-វៀតណាមដែលគេចោទ និងលាបពណ៌ថា រាជរដ្ឋាភិបាលកាត់ដីឱ្យវៀតណាម ឬលក់ទឹកដីឱ្យបរទេស។ យុវជនត្រចៀកសមួយចំនួនធំបានប្តូររូបភាពនៅលើ Facebook ដោយដាក់រូបផែនទីរូប ស.ខ្មៅ និង អក្សរ RIP ដែលទំនងមានន័យថា កម្ពុជាបាត់ដីដ៏គួរឲ្យអណោចអធ័ម។ ត្រង់នេះខ្ញុំសូមបញ្ចាក់ថា សន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា-វៀតណាម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ មានគោលបំណងកសាងខ្សែព្រំដែនសន្តិភាព សនិ្តសុខ ស្ថេរភាពយូរអង្វែងដោយឈរលើមូលដា្ឋនឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាដើម្បីផលប្រយោជន៍រួម។

ក្រុមជនអគតិធ្វើជាឆោឡោចំពោះការប្រកាសប្រើច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាមនេះគឺដើម្បីចិញ្ចឹមទំនាស់ព្រំដែន សម្រាប់ប្រើប្រាស់ជាលេសនយោបាយ ញុះញង់ បង្កើតការស្អប់ និងទាញទម្លាក់ទំនុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា។

ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាខិតខំណាស់ដើម្បីថែរក្សាឲ្យបានគង់វង្សនូវទឹកដីដែលកម្ពុជាមានសព្វថ្ងៃ ដើម្បីកុំឲ្យបាត់បង់ដូចអតីតកាលទៀត តាមរយៈការអនុវត្តសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា-វៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ តែបែរជាពលរដ្ឋខ្មែរដែលខ្វះការយល់ដឹងមួយចំនួនចោទថា ខ្មែរកាត់ដីឲ្យវៀតណាមទៅវិញ។ តើពលរដ្ឋខ្មែរចង់បានអ្វីឲ្យប្រាកដ ?

ទី៣៖ គឺពួកគាត់ចេះតែចោទថៃថា លួចចម្លងវប្បធម៌ខ្មែរ តែខ្លួនមិនដែលខិតខំផ្សព្វផ្សាយសិល្បៈ ចម្លាក់វិចិត្រ តន្រ្តី ទស្សនវិជ្ជាដ៏ផូរផង់របស់ខ្មែរទេ ។ នៅពេលដែលកូនរៀនចប់បាក់ឌុប សុំម៉ែឪទៅរៀនសិល្បៈ លោ្ខន និង របាំ ពួកគាត់បដិសេធ រួចបញ្ចូនកូនទៅរៀនជំនាញផ្សេងទៅវិញ។ នៅក្នុងចំណោមយុវជន បើនរណាម្នាក់អង្គុយលេងចាប៉ី ឬ ទ្រ គេចំអកថា «ស្រែណាស់អាស្រែ» តែបើអង្គុយលេងហ្គីតា (Guitar) ឫ វីយ៉ូឡុងវិញ (Violin) គេថា «កាលីប»។

នៅពេលដែលវប្បធម៌ខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោក ពួកគេមិនដែលសាទរនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទេ តែពេលអ្នកជិតខាងធ្វើបាន គេចោទរាជរដ្ឋាភិបាលថា ធ្វេសប្រហែសមិនប្រឹងរក្សា។ តើពលរដ្ឋខ្មែរចង់បានអ្វីឲ្យប្រាកដ ?

ទី៤៖ គឺពេលជនជាតិចិនចូលមកដីខ្មែរដើម្បីវិនិយោគ បង្កើតការងារជូនប្រជាជននៅតាមបណ្តាខេត្តនានា ម្នាក់ៗរិះគន់ និងរអ៊ូថា បើកដៃឲ្យចិនចូលមកច្រើនម្ល៉េះ? តែពេលរាជរដ្ឋាភិបាលបិទហ្គេមអនឡាញ ទប់ស្កាត់ការលាងលុយកង្វក់ និងជម្រុកម៉ាហ្វីយ៉ា (Mafia) ជនជាតិចិនត្រឡប់ទៅវិញ ក៏នាំគ្នារអ៊ូថា រកស៊ីអត់បាន ផ្ទះគ្មានអ្នកជួល ដីគ្មានអ្នកទិញ។ តើតើពលរដ្ឋខ្មែរចង់បានអ្វីឲ្យប្រាកដ ?

ពេលដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ចោទខ្មែរថា ជាអាយ៉ងចិន លក់ដី លក់សមុទ្រឲ្យចិន។ តែមាត់មួយទៀតបារម្ភខ្លាចវៀតណាមលេបយកដីកម្ពុជា និង ឥណ្ឌូចិន។

បើតាមលោកហ្សង់-ហ្វ្រង់ស័រ តាន់ អ្នកវិភាគភូមិសាស្ត្រនយោបាយនៃអាស៊ីដ៏ល្បី បានលើកឡើងថា ចិនមិនដែលមើលរំលងឥណ្ឌូចិនឡើយ។ បើរាប់តាំងពីទសវត្សរ៍ទី៥០មក អ្វីដែលចិនបារម្ភជាងគេ គឺមហិច្ឆតាយ៉ាងពិតប្រាកដរបស់វៀតណាមក្នុងការក្រសោបយកដែនដីឥណ្ឌូចិនទាំងមូលមកគ្រប់គ្រង។ ជាការពិតនៅក្នុងទសវត្សរ៍ទី៥០ និង៦០ ហូ ជីមិញ (Ho Chi Minh) មានផែនការច្បាស់លាស់នោះ គឺបង្រួបបង្រួមវៀតណាមខាងជើង និងវៀតណាមខាងត្បូង ឱ្យទៅជាប្រទេសតែមួយវិញ រួចហើយប្រែក្លាយឥណ្ឌូចិនទាំងមូលទៅជាកុម្មុយនិស្ត ក្រោមការត្រួតត្រារបស់វៀតណាមផ្ទាល់តែម្តង។ តែចិនមិនអនុញ្ញាតជាដាច់ខាត ពីព្រោះធ្វើបែបនេះ វៀតណាមនឹងក្លាយទៅជាមហាអំណាចតំបន់មួយ នៅកៀកជាប់នឹងប្រទេសចិនតែម្តង។

កម្ពុជានិងចិន មានចក្ខុនិមិត្តរួមគ្នានិងដូចគ្នានោះគឺទោះយ៉ាងណាក៏ដោយប្រទេសទាំងបីនៅឥណ្ឌូចិន ពោលគឺវៀតណាម កម្ពុជា និងឡាវ ត្រូវតែជារដ្ឋឯករាជ្យរៀងៗខ្លួន និងបន្តនៅជារដ្ឋឯករាជ្យរៀងៗខ្លួនតទៅអនាគត។ ទីក្រុងប៉េកាំងមិនអនុញ្ញាតជាដាច់ខាតឱ្យវៀតណាម ក្លាយជាមហាអំណាចឥណ្ឌូចិននៅកៀកជាប់នឹងប្រទេសខ្លួន។ បុន្តែពេលកម្ពុជា និងចិនមានទំនាក់ទំនងល្អក្នុងគោលបំណងដើម្បីការពារខ្លួនផង និងដើម្បីសេដ្ឋកិច្ចកម្ពុជារីកចម្រើនផង បែរជាពលរដ្ឋខ្មែរនាំគ្នារិះគន់យ៉ាងចាស់ដៃទៅលើ រាជរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋាភិបាលទីក្រុងប៉េកាំង។ តើពលរដ្ឋខ្មែរចង់បានអ្វីឲ្យពិតប្រាកដ ?

ជាទីបញ្ចប់ សូមឲ្យប្រជាពលរដ្ឋខ្មែរសិក្សាឈ្វេងយល់ឲ្យបានស៊ីជម្រៅនូវអ្វីដែលខ្លួនចង់បានឲ្យពិតប្រាកដ។ រាជរដ្ឋាភិបាលបច្ចុប្បន្នប្រឹងប្រែងខ្លាំងណាស់ដើម្បីស្វែងរកសន្តិភាព សន្តិសុខ ស្ថេរភាព និង ការអភិវឌ្ឍជូនព្រះរាជាណាចក្រកម្ពុជា ។ ការរកឃើញសន្តិភាពជារឿងមួយលំបាក បុន្តែការថែរក្សាសន្តិភាពគឺជារឿងលំបាក ជាងការយកបានសន្តិភាពទៅទៀត។

សមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំដ៏ខ្លី ក្រោយប្រទេសមានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ គឺជារឿងដែលដ៏អស្ចារ្យសម្រាប់កម្ពុជា។ កម្ពុជាត្រូវបានគេទទួលស្គាល់ថា បានសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងផ្នែកជាច្រើននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។ ធនាគារពិភពលោកបានទទួលស្គាល់កម្ពុជាថា ជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ដោយមានស្ថិរភាពនយោបាយខ្ពស់បំផុតក្នុងចំណោមប្រទេសក្រោយសង្គ្រាម។ ពីប្រទេសទទួលយកកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) កម្ពុជាបានប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប. ដោយបានបញ្ជូនកងកម្លាំងប្រមាណជា ៦,៥០០នាក់ ចាប់តាំងពីឆ្នាំ២០០៦ ទៅកាន់ប្រទេសចំនួន៨ នៅអាហ្រ្វិក និងមជ្ឈិមបូព៌ា។

នេះគឺជាវិភាគទានដ៏ថ្លៃថ្នូររបស់កម្ពុជាដើម្បីបុព្វហេតុសន្តិភាពពិភពលោក ក្នុងនាមប្រទេសធ្លាប់រងទុក្ខវេទនាដោយសារសង្រ្គាម។ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងក្នុងអត្រាលើស ៧% នៅក្នុងរយៈពេលជាង ២ទស្សវត្សរ៍ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទី៦ នៅលើលោកដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេ។

អត្រានៃភាពក្រីក្រកាត់បន្ថយមកនៅក្រោម១០% ប្រៀបធៀបនឹងលើស៥០% ឆ្នាំ១៩៩៣។ អត្រានៃការទទួលបានការអប់រំថ្នាក់បឋមសិក្សារបស់យើងបានឈានរហូតដល់ ៩៨% ។ អាយុសង្ឃឹមរស់ជាមធ្យមរបស់យើងបានកើនឡើងពី៥៤ឆ្នាំ នៅឆ្នាំ១៩៩៣ ឡើងដល់ ៦៩ឆ្នាំ នៅឆ្នាំ២០១៦។
កម្ពុជាកំពុងនៅលើផ្លូវត្រឹមត្រូវឆ្ពោះទៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបត្រឹមឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ បើសិនជាស្ថិរភាពនយោបាយត្រូវបានរក្សា ហើយកំណែទម្រង់ការិយាធិបតេយ្យមានជានិរន្តរ៍។

ដូច្នេះសូមឲ្យខ្មែរតម្កល់ប្រយោជន៍ជាតិជាធំ។ យើងត្រូវចាំថា «គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរទេ»។ ប្រជាជនខ្មែរគ្រប់រូប ជាពិសេសយុវជនត្រូវកាត់បន្ថយការរិះគន់ បើកចិត្តទូលាយ ស្តាប់គេឯង ប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងសភាពការណ៍តំបន់ និងពិភពលោកដែលកំពុងវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រកបដោយគ្រោះថ្នាក់។

ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនត្រូវខិតខំក្រេបយកចំណេះវិជ្ជា និងពង្រឹងក្រមសីលធម៌ដើម្បីប្រទេសជាតិ គ្រួសារ និងខ្លួនឯង។ ការចាកចេញផុតពីភាពល្ងង់ខ្លៅ ប្រកបដោយអក្បបរិយាថ្លៃថ្នូរធ្វើឲ្យយើងបានជៀសផុតពីទុក្ខ និងចាកឆ្ងាយពីចរិតញុះញង់ប្រឆាំងជាតិសាសន៍ ការជឿដោយងប់ងុលនឹងមនោគមន៍វិជ្ជាបំផ្លាញជាតិកម្ពុជា របស់ក្រុមអគតិ៕

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩
ដោយ៖ វរ្ម័ន