(ភ្នំពេញ)៖ បច្ចុប្បន្នកាលនៅកម្ពុជា សម រង្សុី គឺជាអ្នកទោស ជាទណ្ឌិតរង់ចាំតែពេលវេលា អនុវត្តច្បាប់ចាប់ខ្លួនដាក់ពន្ធនាគារតែប៉ុណ្ណោះ។ សកម្មភាពទាំងឡាយ ដែលសម រង្សុី ធ្វើនៅក្រៅប្រទេសគឺជាអំពើខុសច្បាប់ ឬហៅថាជាអំពើឧទ្ទាមកម្ម ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជាយ៉ាងពិតប្រាកដ។

បទល្មើសជាច្រើនក្រៅពីបទល្មើសមានពាក្យបណ្តឹងទៅតុលាការ ដែលទណ្ឌិតសម រង្សុី បានធ្វើគឺពិតជាគ្រោះថ្នាក់បំផុត ដល់ប្រទេសជាតិ ប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ ។

អ្វីដែលជាផែនការរបស់ទណ្ឌិត សម រង្សី ថា ចូលមករំដោះប្រទេសដើម្បីមានការ ផ្លាស់ប្តូរដោយវិជ្ជមាន ហើយនិងចាប់សម្តេច ហ៊ុន សែននោះ តើគេធ្វើបានដោយរបៀបណា? អត្ថន័យចម្លើយនៃសំណួរនេះគឺ «ទាំងអស់នេះគឺជាអំពើក្បត់ជាតិ» របស់ទណ្ឌិតសម រង្សុី ពេញទី។ ដូច្នេះក្នុងហេតុផលនេះ ទោះបីជាជនណាក៏ដោយ ជាបរទេស ឬជាខ្មែរដែលគាំទ្រទណ្ឌិត សម រង្សុី អ្នកនោះគឺជាសត្រូវរបស់កម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដោយគ្មានការលើកលែងជាដាច់ខាត ។

ប្រជាពលរដ្ឋកម្ពុជា ពិតជាចង់ឃើញទណ្ឌិត សម រង្សុី បញ្ចប់ជីវិតនយោបាយរបស់ខ្លួន ឱ្យបានឆាប់បំផុត ព្រោះបុគ្គលនេះ ធ្វើនយោបាយមានតែការបំផ្លាញជាតិតែប៉ុណ្ណោះ ចាប់តាំងពីគេលេចមុខនៅកម្ពុជាពេលណាមក។ បុគ្គលទណ្ឌិតរូបនេះ មិនមែនជាអ្នកនយោបាយប្រជាធិបតេយ្យ ធ្វើនយោបាយដើម្បីជាតិដូចមាត់គេនិយាយនោះទេ។

ការធ្វើនយោបាយរបស់គេ គឺជាគោលដៅសងសឹក បង្កប់ដោយភ្លើងគំនុំមនោគមវិជ្ជាជ្រុលនិយមហួសហេតុ ចាត់ទុកគូបដិបក្ខនយោបាយជាសត្រូវចំពោះមុខ។ យើងនៅចាំបានថា កាលពីឆ្នាំ១៩៩៨ ទណ្ឌិត សម រង្សុី ធ្លាប់បានស្រែកហៅឱ្យអាមេរិកបាញ់មីសុីល ចូលភូមិគ្រឹះសម្តេច ហ៊ុន សែន នៅទួលក្រសាំង ធ្លាប់ប្រើពាក្យ «មានសុីអត់សែន មានសែនអត់សុី»។ល។ ទាំងនេះគឺភស្តុតាងជាក់ស្តែងដែលទណ្ឌិតសមរង្សុីបានយកធ្វើជាគោលគំនិតនយោបាយរបស់ខ្លួន ។

ឆ្នាំ២០១៩នេះ គឺជាអវសានកាលរបស់ទណ្ឌិតនេះហើយ ព្រោះបទល្មើសរបស់ជននេះ មិនអាចទុកឱ្យបន្តទៅទៀតបានទេ។ ដូច្នេះ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ប្រសិនបើទណ្ឌិតសមរង្សុីលេចមុខមកកម្ពុជាដូចគេនិយាយមែនការអនុវត្តច្បាប់គឺត្រូវតែមានជាធរមានចំពោះសមរង្សុីជាមិនខាន៕

ដោយ៖ ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន