(ភ្នំពេញ)៖ ប្រទេសកម្ពុជាពេលនេះ កំពុងឈរនៅលើស្ថានភាពមួយដ៏ល្អ ដោយសារតែសេដ្ឋកិច្ចមានកំណើនក្នុងអត្រាល្អ មានស្ថានភាពហិរញ្ញវត្ថុកាន់តែរឹងមាំ ដោយសារប្រាក់តម្កល់ក្នុងរតនាគារជាតិមានច្រើន និងមានកំណើនជាលំដាប់។ ចំណែកឯស្ថានភាពបំណុលសាធារណៈក្រៅប្រទេស ក៏ស្ថិតនៅក្នុងកម្រិតអាចគ្រប់គ្រងបាន។

ទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជាធាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើមសុទ្ធតែបានព្យាការណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៩ និងឆ្នាំខាងមុខនៅតែមានលំនឹងល្អ ពោលគឺស្ថិតក្នុងកម្រិតជុំវិញ៧% ( អាចឡើង ឬចុះបន្តិចបន្តួច)។

កំណើនសេដ្ឋកិច្ចថេររយៈពេលជាច្រើនឆ្នាំមកហើយ និងនៅតែបន្តថេរក្នុងរយៈពេលជាច្រើនឆ្នាំ ទៅមុខទៀតនេះ ជាសញ្ញាបញ្ជាក់ថា កម្ពុជាមានស្ថានភាព សេដ្ឋកិច្ចរឹងមាំបើទោះបីជា បណ្តាប្រទេសមួយចំនួន ក្នុងតំបន់និងក្នុងពិភពលោក បានជួបនឹងឱនភាពសេដ្ឋកិច្ចដោយសារ បញ្ហាផ្សេងៗជាពិសេស គឺផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។

ភាពកាន់តែរឹងមាំឡើងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា បានមកពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងការចូលរួមចំណែកយ៉ាងសកម្មពី វិស័យឯកជន ក៏ដូចជាពីសំណាក់ពលរដ្ឋខ្មែរជាទូទៅ។

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងអំពីការកើនឡើង នៃចំណូលពន្ធគយ និងចំណូលពន្ធដារ ដែលធ្វើឲ្យសាច់ប្រាក់នៅក្នុងរតនាគារជាតិមានច្រើន និងបន្តកើនឡើងជាលំដាប់។ កំណើនសាច់ប្រាក់ នៅក្នុងរតនាគារជាតិ មិនត្រឹមតែអាចអនុញ្ញាតឲ្យរដ្ឋាភិបាល តម្លើងប្រាក់ខែជូនមន្ត្រីរាជការ និងអាចបើកប្រាក់ខែពីរដងក្នុងមួយខែប៉ុណ្ណោះទេ តែវាថែមទាំងបានអនុញ្ញាតឲ្យរដ្ឋាភិបាល វិនិយោគទៅលើគម្រោងសំខាន់ៗមួយចំនួន ដោយខ្លួនឯងដោយមិនចាំបាច់ពឹង លើថវិកាពីខាងក្រៅទៀតផង។ ដើម្បីពង្រឹងសេដ្ឋកិច្ចឲ្យមាន សន្ទុះកាន់តែខ្លាំងនិងរឹងមាំជាងនេះទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ទើបតែបាន ប្រកាសចេញនូវកំណែទម្រង់ ជាកញ្ចប់សំដៅលើកទឹកចិត្តវិស័យឯកជនឲ្យពួកគេមាន
ភាពងាយស្រួលជាងមុន ក្នុងការធ្វើអាជីវកម្ម និងការបោះទុន វិនិយោគនៅកម្ពុជា។

កំណែទម្រង់ដ៍មុតស្រួច ជាកញ្ចប់របស់រដ្ឋាភិបាលនឹងបង្កើនប្រសិទ្ធភាព និងផលិតភាពរបស់ វិស័យឯកជនដើម្បីឲ្យមានការ ប្រកួតប្រជែងនៅលើទីផ្សារ​អន្តរជាតិដោយសេរី ស្មើមុខមាត់គេឯង។

កំណែទម្រង់នេះត្រូវគេមើល ឃើញថា នឹងក្លាយជាកម្លាំងចលករអូសទាញសេដ្ឋកិច្ចកម្ពុជា ឲ្យរឹងរឹតតែមានសន្ទុះខ្លាំងលឿន និងប្រកបដោយនិរន្តរភាពដែលធ្វើឲ្យកម្ពុជា​អាចឈរយ៉ាងរឹងមាំ លើកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយមិនចាំបាច់ពឹងលើជំនួយពីខាងក្រៅ ដូចកាលពីមុនទៀតឡើយ។

ក្នុងស្ថានភាពនេះ កម្ពុជានឹងនៅ តែមានសន្ទុះសេដ្ឋកិច្ចល្អដដែលបើទោះជា សហភាពអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់មុខ លើកលែងតែអាវុធហៅកាត់ថា EBA ជាយថាហេតុក៏ដោយ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបញ្ជាក់អះអាងរួចហើយថា ការបាត់បង់ EBA ជាយថាហេតុ នាពេលខាងមុខនេះ នឹងមិនបានធ្វើឲ្យប៉ះពាល់ជាដុំកំភួន ដល់សេដ្ឋកិច្ចកម្ពុជាឡើយ។ ជាឧទាហរណ៍ជាក់ស្តែង ការនាំអង្ករចេញទៅកាន់ទីផ្សារ សហភាពអឺរ៉ុបនៅតែបន្តធ្វើដូចកាលពីមុនដដែល បើទោះបីជា សហភាពអឺរ៉ុបបានតម្រូវឲ្យបង់ពន្ធ ដោយសារតែសមាជិក សហភាពអឺរ៉ុបខ្លះប្រកួតមិនឈ្នះគុណភាពអង្ករកម្ពុជាក៏ដោយ។ ខុសពីការអះអាងរបស់ក្រុមអ្នកនយោបាយ ឬអ្នកវិភាគជ្រុលនិយមខ្លះ ដែលនិយាយថា អង្ករកម្ពុជានឹងបាត់បង់ទីផ្សារនៅអឺរ៉ុបបន្ទាប់ពី សហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធ ប៉ុន្តែ ការពិតវាមិនដូច្នោះឡើយ។ នេះជាឧទាហរណ៍មួយដែលបញ្ជាក់ថា ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលផ្សេងទៀត ក៏នឹងនៅតែអាចឈរជើងនៅលើទីផ្សារអឺរ៉ុប បានដដែលបើទោះជាគ្មាន EBA ក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហាបំណុលវិញ ក៏កម្ពុជាអាចគ្រប់គ្រងបានយ៉ាងល្អដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២ មេសា, គិតត្រឹមឆ្នាំ ២០១៨ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាមានចំនួន ៧ ពាន់លាន ដុល្លារមានន័យថាអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ​ក្រៅប្រទេសធៀបនឹង ផ.ស.ស មានកម្រិតត្រឹម ២១,៤% ប៉ុណ្ណោះ ធៀបនឹងអនុបាតគោល ៤០%។

ក្នុងន័យនេះ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាមាន «ចីរភាព» និង«ហានិភ័យកម្រិតទាប» ដែលគេអាចគ្រប់គ្រងបាន។ ស្ថានភាពនេះផ្ទុយស្រឡះពីការឃោសនាអកុសលរបស់ក្រុម នយោបាយ និងក្រុមអ្នកវិភាគជ្រុលនិយម ដែលបានឃោសនា បំប៉ោង បំផ្លើសថា កម្ពុជាជាប់បំណុលបរទេសវណ្ឌក។ ដើម្បីជាមូលដ្ឋានក្នុងការវាស់ស្ទង់អំពីបំណុលបរទេស យើងគួរធ្វើការប្រៀបធៀបំណុលសាធារណៈរបស់កម្ពុជា ជាមួយបណ្តាប្រទេសធំៗលើលោក។ យោងតាមបញ្ជីរាយនាមនៃ បណ្តាប្រទេសដែលមានបំណុលក្រៅប្រទេសច្រើនជាងគេក្នុងលោក គឺសហរដ្ឋអាមេរិកឈរលំដាប់ថ្នាក់លេខ១, បន្ទាប់មកគឺសហភាពអឺរ៉ុប, អង់គ្លេស, បារាំង អាល្លឺម៉ង់។

ក្នុងចំណោមប្រទេសជិត១០០ ដែលគេបានរាប់ថាជាប្រទេសដែល មានបណុលបរទេសខ្ពស់គឺគ្មានកម្ពុជាទេ។ និយាយតាមបែប ងាយយល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជាម្នាក់ៗជំពាក់បំណុលបរទេសក្នុងរង្វង់៤០០ដុល្លារ ខណៈដែលនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ពលរដ្ឋម្នាក់ជំពាក់លុយបរទេសចាប់ពី ២ម៉ឺន ទៅ៣ម៉ឺនដុល្លារឯណោះ។ ក្នុងន័យនេះ គ្មានហេតុផលណាមួយដែលបញ្ជាក់ថា កម្ពុជាជាប្រទេសជំពាក់បំណុលបរទេសច្រើននោះឡើយ។ ការអះអាងថា កម្ពុជាជំពាក់បណុលបរទេសវ័ណ្ឌក គ្រាន់តែជាការបំប៉ោងសភាពការណ៍ បំផ្លើស បំភ្លៃ ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋពីសំណាក់ ក្រុមជ្រុលនិយមតែប៉ុណ្ណោះ។

ដូចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ហើយថា រាជរដ្ឋាភិបាល បាននិងកំពុងគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងតែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍គន្លឹះទាំង៤គឺ ទី១៖ ត្រូវខ្ចីឥណទានក្នុងទំហំ សមស្របដែលស្ថានភាពសេដ្ឋកិច្ច និងថវិកាអាចគ្រប់គ្រងបាន។ ទី២៖ត្រូវខ្ចីតែឥណទានណា ដែលមានកម្រិតសម្បទាន និងលក្ខខណ្ឌអនុគ្រោះខ្ពស់។ ទី៣៖ ត្រូវខ្ចីតែសម្រាប់វិស័យអាទិភាព ទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតកម្ម និង ទី៤៖ ត្រូវប្រើឥណទានទាំងនោះ ប្រកបដោយតម្លាភាព, គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

ក្នុងន័យនេះ គេអាចសន្និដ្ឋានបានថា កម្ពុជាកំពុងតែពង្រឹងខ្លួនកាន់តែរឹងមាំជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំហើយពេលនេះ​បានឈានដល់ចំណុច​ដែលអាចឈរ​ដោយកម្លាំងខ្លួនឯងបាន យ៉ាងរឹងមាំដោយមិនបាច់ខ្ចីដង្ហើមបរទេសដកទៀតឡើយ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជាក៏កំពុងបង្កើនប្រសិទ្ធភាព ក្នុងការពង្រឹងសេដ្ឋកិច្ច​ជាតិរបស់​ខ្លួន ឲ្យកាន់តែរឹងមាំខ្លាំងឡើងជាលំដាប់ ខណៈដែលបំណុលសាធារណៈក្រៅប្រទេសស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន និងមានហានិភ័យទាប​ប៉ុណ្ណោះ។

ស្ថានភាពនេះក៏ជាអំណោយផលយ៉ាងល្អ សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ដូច្នេះ ក្រុមប្រឆាំង និងក្រុមអ្នកវិភាគជ្រុលនិយមទាំងឡាយ ដែលរំពឹងរង់ចាំមើលសេដ្ឋកិច្ចកម្ពុជាដួលរលំដោយសារ ស្នាដៃបំផ្លិចបំផ្លាញរបស់ពួកគេនឹងខកចិត្ត ហើយក៍គ្មានពាក្យអ្វីមកនិយាយទៀតឡើយ៕

ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកល វិទ្យាល័យកំពង់ចាម