(ភ្នំពេញ)៖ ខ្ញុំបាទជាពលរដ្ឋម្នាក់រស់នៅ ក្នុងទីរួមខេត្តព្រះសីហនុ សូមគោរពចូលមកលោកនាយកប្រតិបត្តិ នៃអង្គភាពព័ត៌មានហ្វ្រេសញូវ។ នៅប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួន បានបំផុសព័ត៌មានទាក់ទងនឹង គម្រោងអភិវឌ្ឍន៍ «ពយកំពេញ» ដោយចោទថា មានការចាក់ដីរំលោភយកដីសមុទ្រ។

ព័ត៌មាននេះបានធ្វើឱ្យខ្ញុំជាប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុហួសចិត្ត និងកាន់តែហួសចិត្តទៀតនោះ គឺមានប្រធានគណបក្សស្ទើរភ្លើងខ្លះ បានតាំងខ្លួនធ្វើជាតួឯកឆ្ការដៃឆ្ការជើងពើងទ្រូង មកនិយាយដោយមិនដឹងខ្យល់អ្វីបន្តិចសោះ ដើម្បីគ្រាន់តែបង្អួតថាខ្លួនឯងហំហាន និងគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជន។

តាមអ្វីដែលខ្ញុំជាពលរដ្ឋបានដឹង គឺពយកំពេញ ដែលកំពុងតែទទួលបាននូវការអភិវឌ្ឍនេះ គឺមានច្បាប់ត្រឹមត្រូវ ហើយពីពេលមុន តំបន់ «ពយកំពេញ» គឺស្ថិតនៅឆ្ងាយពីតំបន់ឆ្នេរខ្សាច់រាប់រយម៉ែត្រ ហើយឆ្នេរសមុទ្រតំបន់នេះ ពីមុនពុំមានឆ្នេរខ្សាច់នោះទេ មានតែថ្មមុត ស្រួច ពោលពេញដោយសំរាម និងរលកធំៗ មិនអាចចុះលេងទឹកបានងាយស្រួលនោះឡើយ ងាយនឹងបង្កគ្រោះថ្នាក់ទៀតផង។

ក្រោយមកមានការសិក្សា និងការកែច្នៃលម្អធ្វើឆ្នេរខ្សាច់ស និងសួនបៃតងសម្រាប់ដើរលេងកម្សាន្ត ទៅតាមស្ថានភាពទីតាំងជាក់ស្តែងដូចជា៖ រៀបថ្មធម្មជាតិធ្វើជារបាំងការពាររលក និងខ្សាច់កុំឲ្យហូរ ដើម្បីរក្សាខ្សាច់ឲ្យនៅជាឆ្នេរសម្រាប់លេងទឹកបាន កែលម្អទីតាំងដែលត្រូវរលកធំៗបក់បោកធ្វើឲ្យបាក់ច្រាំង ច្រោះដីជាឆ្នេរថ្ម និងរៀបចំធ្វើសួនបៃតង សម្រាប់ដើរលេងកម្សាន្ត ការកែច្នៃលម្អឆ្នេរខ្សាច់ និងឆ្នេរថ្មរួមទាំងសួនបៃតងនេះ បាននិងកំពុងរៀបចំបានមួយចំនួន និងទីតាំងមួយចំនួនទៀត មិនទាន់បានធ្វើរួចរាល់នោះទេ ដោយសារតែអាកាសធាតុភ្លៀង ខ្យល់ ព្យុះជាច្រើនខែមកហើយ។

ពលរដ្ឋនៅតំបន់នោះបានដឹងថា គំរោងអភិវឌ្ឍន៍នៅពយកំពេញនេះ មានការសិក្សានឹងធ្វើឱ្យក្លាយជា រមណីយដ្ឋានបែបប្រណិត និងទំនើបមានអគារពាណិជ្ជកម្ម និងសណ្ឋាគារ ខ្នាតអន្តរជាតិ ដោយមានការរចនាបែបខ្មែរបូរាណ អេកូទេសចរណ៍ ដើម្បីធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង និងងផ្តល់កន្លែងការងារ សម្រាប់ប្រជាជនខ្មែរពី ៧០០ ទៅ១,០០០ កន្លែង។ នេះគឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់ឃើញ និងចង់បានការអភិវឌ្ឍមួយ ដែលបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋ។ យើងខ្ញុំជាពលរដ្ឋនៅខេត្តព្រះសីហនុ ពិតជាយល់ច្បាស់នូវការងារអភិរក្ស ប៉ុន្តែប្រសិនបើយើងគិតតែអភិរក្សជ្រុលពេក តើយើងនឹងអាចទាញបានផលពីធម្មជាតិមកបម្រើការអភិវឌ្ឍ និងបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិយ៉ាងដូចម្តេច? ឬយើងត្រូវសុខចិត្តបន្តក្រីក្រ និងទុកឱ្យធនធានរបស់យើងនៅគង់វង្ស ដោយគ្មានទាញបានផលប្រយោជន៍អ្វីបន្តិច?

ហេតុដូច្នេះ យើងខ្ញុំជាប្រជាពលរដ្ឋ សូមស្នើសុំឱ្យបងប្អូនអ្នកលេងហ្វេសប៊ុកមួយចំនួន កុំគូកែក្នុងការបំពុលព័ត៌មាន និងផ្សព្វផ្សាយដោយគ្មានការពិចារណា ហើយសូមស្នើឱ្យអ្នកនយោបាយថ្មីថ្មោង និងទើបនឹងបានតួនាទីមួយចំនួន រៀនពិចារណាឱ្យបានច្បាស់លាស់ មុននឹងធ្វើការវាយតម្លៃលើគម្រោង ឬសកម្មភាពណា មួយដែលខ្លួនមិនមានព័ត៌មានច្បាស់លាស់ ដែលអាចបង្កឱ្យមានការយល់ច្រឡំ បង្កើតការថ្នាំងថ្នាក់ និងមានការយល់ច្រឡំពីគុណតម្លៃនៃកាអភិវឌ្ឍ និងធ្វើឱ្យសេចក្តីសង្ឃឹមរបស់ពលរដ្ឋរលាយសាបសូន្យ។

យើងខ្ញុំសូមស្នើដល់លេងហ្វេសប៊ុកថា ប្រសិនបើមិនដឹងច្បាស់ទេ កុំព្យាយាមតែៗស្ករៗ បង្កនូវការ យល់ច្រឡំ និងចលានចលក្នុងសង្គម និងប៉ះពាល់ដល់គម្រោងអភិវឌ្ឍ ដែលបម្រើផលប្រយោជន៍ប្រជាជន។ ប្រសិនបើយើងខ្ញុំអត់បាយ ដោយសារតែការញុះញង់របស់អស់លោកលោកស្រី ទំនងនឹងមិនឃើញមុខជួយ ខ្ញុំទេ។ ដូច្នេះ សូមមេត្តាលេងហ្វេសប៊ុកឱ្យចេះទទួលខុសត្រូវផង កុំចេះតែមានមាត់ចេះតែនិយាយា ហើយ អ្នកដែលរងគ្រោះពិតប្រាកដ គឺយើងខ្ញុំជាប្រជាជនដែលខំប្រឹងរស់ឡើង ហើយអ្នកទាំងអស់គ្នានឹងមិនមកលំបាកជាមួយយើងខ្ញុំឡើយ៕

ដោយប្រជាពលរដ្ឋខ្មែរម្នាក់ រស់នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៨