(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យ លោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិនផុតអាណត្តិ ចូលជួបនៅវិមានសន្តិភាព ដើម្បីជម្រាបលាសម្តេច ក្នុងពេលដែលអគ្គរដ្ឋទូតប្រទេសមហាយក្សនេះ បាន​បញ្ចប់បេសកកម្មនៅកម្ពុជា ។

បើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក ស្យង់ ព័រ បានគោរពថ្លែងអំណរគុណជូនសម្តេចតេជោយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលសម្តេចបានគាំទ្រ រាល់កិច្ចការងាររបស់លោក នៅក្នុងឱកាសដែលលោក បាននឹងកំពុងបំពេញការងារ នៅកម្ពុជា។

លោកបានមានប្រសាសន៍ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ លោកបានធ្វើការយ៉ាងច្រើន ជាពិសេសជួយសម្របសម្រួលក្នុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី ស៊ី ជិនពីង លោកនាយករដ្ឋមន្ត្រី លី ខឺជាំង មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ច របស់សម្តេចតេជោទៅកាន់ប្រទេសចិនផងដែរ។ លើសពីនោះទៅទៀត ក៏មានដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាច្រើនរបស់ចិន និងកម្ពុជា ដែលបានផ្លាស់ប្តូរគ្នាទៅវិញទៅមក។

លោកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចថា ក្នុងរយៈពេល២ឆ្នាំ ដែលលោកបានមកបំពេញបេសកកម្មការងារ នៅកម្ពុជា គឺបានយកចិត្តទុកដាក់ខ្លាំង ក្នុងការជំរុញការអនុវត្តនយោបាយខ្សែក្រវាត់និងផ្លូវ ​និងកិច្ចសហប្រតិបត្តិការជាច្រើនដទៃទៀត ដែលក្នុងនោះបានផ្តល់នូវលទ្ធផលយ៉ាងត្រចះត្រចង់ ដោយបានពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងចិននិងកម្ពុជា ឈានទៅដល់ដំណាក់កាលថ្មីមួយទៀត។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះលោក ឯកអគ្គរដ្ឋទូត និងមន្ត្រីការទូតទាំងអស់ ដែលបានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ធ្វើឲ្យទំនាក់ទំនងកម្ពុជានិងចិន បានរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត។

សម្តេចបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងយើងទាំងពីរគឺឈានទៅដល់ចំណុចទី១ គឺកិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយថ្មីៗនេះលោកប្រធានាធិបតី ស៊ី ជិនពីង បានមានប្រសាសន៍ថា គឺជាមិត្តដែកថែបនោះគឺកសាងឡើង ដោយភាពស្មោះត្រង់ រវាងមិត្តនិងមិត្ត។

ឆ្លៀតឱកាសនោះ សម្តេចក៏បានថ្លែងអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលតែងតែបានគាំទ្រ និងផ្តល់ជំនួយដល់កម្ពុជា៕