(ភ្នំពេញ)៖ នៅពេលនេះអ្វីដែលជាក្តីប្រាថ្នារបស់កញ្ញា ថន រតនា សិស្សជាប់និទ្ទេស A ពិន្ទុខ្ពស់ជាងគេ បានសម្រេចដូចបំណងហើយ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនកាលពីប៉ុន្មានថ្ងៃមុននេះ ព្រមទាំងសន្យាជួយឧបត្ថម្ភសម្រាប់បន្តការសិក្សាផ្នែកមុខវិជ្ជាពេទ្យជាបន្តទៀត ប្រសិនបើកញ្ញា ថន រតនា ប្រឡងជាប់អាចចូលរៀនផ្នែកមុខវិជ្ជាពេទ្យ។

ក្រោយពីទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចកិត្តិបណ្ឌិត, កញ្ញា ថន រតនា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានប្រសិទ្ធនាមជាមាតាមនុស្សធម៌ និងសូមលើកម្រាមដៃ១០ ជូនពរដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ទទួលបានសុខភាពល្អ បរិបូណ៍ដើម្បីបន្តឈរជាបង្គោលដ៏រឹងមាំដល់ជនទីទាល់ក្រ និងខ្វះខាត ដូចជារូបគាត់ ដើម្បីចូលរួមចំណែកកសាងធនធានមនុស្សក្នុងសង្គមមួយឲ្យល្អប្រសើរបន្ថែមទៀត។

សូមជំរាបថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Fresh News កញ្ញា ថន រតនា បានឲ្យដឹងថា បំណងប្រាថ្នាសម្រាប់សិក្សាថ្នាក់ឧត្តមសិក្សា នោះគឺមុខវិជ្ជាពេទ្យ និងស្ថាបត្យកម្ម។ សម្រាប់ការសិក្សាស្ថាបត្យកម្មអាចនឹងមានឧបសគ្គបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការសិក្សាមុខវិជ្ជាពេទ្យគឺប្រឈមឧបសគ្គធំ ព្រោះក្រុមគ្រួសារមិនមានលទ្ធភាពសម្រាប់ការចំណាយលើថ្លៃសិក្សា និងការចំណាយលើសម្ភារៈសិក្សាផ្សេងៗ ដែលចំណាយខ្ទង់ប្រមាណ ២ពាន់ដុល្លារក្នុងមួយឆ្នាំនោះ។

ប៉ុន្តែនៅពេលនេះអ្វីដែលជាក្តីបារម្ភរបស់កញ្ញា ថន រតនា លែងជាឧបសគ្គទៀតហើយ ក្រោយពីទទួលបានការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន៕