(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ​និងភរិយា ព្រមទាំងមន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូន លោកស្រី ង្វៀន ធីហ៊ាន និងក្រុមគ្រួសារ ចំពោះមរណភាព​ លោក ត្រឹន ដាយក្វាង ប្រធានរដ្ឋវៀតណាម។

ក្នុងសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង ​បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មរណភាពរបស់ ឯកឧត្តម ត្រឹន ដាយក្វាង នេះគឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់លោកជំទាវ និងក្រុមគ្រសារ ហើយមរណភាពដ៏សោកសង្រេងនេះ ក៏ជាការបាត់បង់ឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលធ្លាប់បានចូលរួមប្ដូរផ្ដាច់តស៊ូបម្រើយ៉ាងស្មោះស្ម័គ្រ ក្នុងបុព្វហេតុជាតិ និងប្រជាជនវៀតណាម»។​

លិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា «​ខ្ញុំ និងភរិយា ព្រមទាំងមន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយលោកជំទាវ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ត្រឹន ដាយក្វាង បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

សូមបញ្ជាក់ថា ប្រធានាធិបតី​វៀតណាមលោក ត្រឹន ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាព នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ​ នៅអាយុ ៦១ឆ្នាំ។ យោងតាមការដកស្រង់ការផ្សាយ​ពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រឹន ដៃក្វាង បានទទួល​មរណ​ភាព​បន្ទាប់ពីលោក បានរងការវាយប្រហារ​ដោយជំងឺយ៉ាង​ធ្ងន់ធ្ងរ។ ប្រធានាធិបតី​វៀតណាមបានទទួល​មរណភាព​នៅក្នុងមន្ទីរពេទ្យ​យោធា​នៃប្រទេស​វៀតណាម៕

ខាងក្រោមនេះជាសារលិខិតរំលែងទុក្ខរបស់សម្តេចក្រឡាហោម ស ខេង៖