(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីដំណោះស្រាយនៃការតវ៉ា​ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយក្រសួងបានជួបប្រជុំជាមួយ លោក លោកស្រី គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ដើម្បីដោះស្រាយករណីតវ៉ា ចំនួន២ គឺញ្ញតិ្ដគាំទ្ររក្សាទុក លោក មូល ស៊ុយហេង ជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ និងញ្ញត្តិសុំដកសាលាជំនាន់ថ្មី ចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ។

សេចក្ដីប្រកាសព័ត៌មានផ្លូវការ ចំនួន៣ទំព័រ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាការតវ៉ានេះ ក្រសួងបានសម្រេចឲ្យមានការបោះឆ្នោតជ្រើសពីរ គឺទី១៖ឯកភាពជាមួយចំណាត់ការរបស់ក្រសួង និងទី២៖រក្សាទុកលោក មូល ស៊ុយហេង ជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ និងចាត់វិធានការបន្ដទៀត។

បើតាមក្រសួងអប់រំ ក្រោយបោះឆ្នោត ជាលទ្ធផលក្នុងចំណោមសន្លឹកឆ្នោតសុរុប១៥២សន្លឹក ឆ្នោតគាំទ្រជម្រើសទី១ មានចំនួន៥៤សន្លឹក ឆ្នោតគាំទ្រជម្រើសទី២ មានចំនួន៩៧សន្លឹក និងសន្លឹកឆ្នោតមោឃៈមានចំនួន១សន្លឹក។

ផ្អែកតាមស្មារតីនេះ ក្រសួងនឹងតម្រូវឲ្យលោក មូល ស៊ុយហេង សងថវិការដ្ឋដែលបានប្រើប្រាស់មិនមានតម្លាភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងក្រសួងគោរពស្មារតីនៃការបោះឆ្នោត ដោយតែងតាំងលោក មូល ស៊ុយហេង ជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ ឡើងវិញដើម្បីបញ្ចប់ការតវ៉ា៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖