(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានថ្លែងបញ្ជាក់អះអាងថា មូលហេតុដែលលោក និងឧត្តមសេនីយ៍៤រូបទៀត បានសុំលាលែង ក្នុងតួនាទីពីនាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ គឺធ្វើឡើងទៅតាមច្បាប់ដែលកំណត់ មិនថា តែនៅប្រទេសកម្ពុជា គឺនៅតាមប្រទេសដទៃទៀតក្នុងពិភពលោក ពោលនៅពេលកាន់តួនាទីជាប្រធានកងពល ដែលស្ថិតក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោកហើយ មិនត្រូវមានតួនាទីផ្សេងទៀតនៅថ្នាក់អគ្គបញ្ជាការឡើយ។

ថ្លែងប្រាប់នាយកប្រតិបត្តិបណ្ដាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយឯក ម៉ៅ សុផាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ការលាលែងរបស់ខ្ញុំ ចេញពីនាយរងសេនាធិការចម្រុះ គឺធ្វើឡើងតាមច្បាប់កំណត់, វាជាវិសមភាពការងារដឹកនាំបញ្ជា ហើយមួយវិញទៀតកងពលរបស់ខ្ញុំ និងកងពលរបស់លោកឧត្តមសេនីយ៍៤រូបទៀត ត្រូវបានផ្ទេរឲ្យស្ថិតក្រោមរបស់មេបញ្ជាការកងទ័ពជើងគោក ដូច្នេះការស្នើសុំលាលែងពីនាយរងសេនាធិការចម្រុះ ដើម្បីទទួលតួនាទីអោយដាច់នៅក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោកនោះគឺពុំមានអ្វីខុស ឬធ្វើឡើងផ្ទុយពីច្បាប់ដែលកំណត់នោះទេ»

សូមបញ្ជាក់ថា ការចេញមកបញ្ជាក់របស់ឧត្តមសេនីយ៍ផ្កាយ៣រូបនេះ បានកើតមានឡើងចំពោះចម្ងល់ និងការលើកឡើងមួយចំនួន ទាក់ទិនលិខិតមួយសន្លឹក ដែលមេបញ្ជាការកងពលចំនួន៥រូប រួមមាន លោកឧត្តមសេនីយ៍ឯក ស្រី ឌិក មេបញ្ជាការកងពលធំអន្ដរាគមន៍៣, លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ២, លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១, លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានសុំលាលែងពីនាយរងសេនាធិការចម្រុះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។

កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចថ្មីមួយ ដោយកែសម្រួលផ្ទេរក្របខ័ណ្ឌ អង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក៕

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០

លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១

លោកឧត្តមសេនីយ៍ឯក ស្រី ឌិក មេបញ្ជាការកងពលធំអន្ដរាគមន៍៣

លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ២

លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១