(ចិន)៖ ពិព័រណ៍បណ្តាញឧបករណ៍ ដែលអាចភ្ជាប់អ៊ីនធើណេតបានប្រចាំឆ្នាំ២០១៨ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយបានទាក់ទាញជាង៥០០ក្រុមហ៊ុន មកពីជាង២០ប្រទេសនិងតំបន់។

ដោយត្រូវបានរៀបចំឡើងរួមគ្នា ដោយក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន និងសាលាខេត្តជាំងស៊ូ ពិព័រណ៍នេះ គឺជាពិព័រណ៍អំពីអ៊ីនធើណេតដ៏ធំបំផុត មិនធ្លាប់មានក្នុងប្រទេសចិន។

ដោយស្ថិតក្រោមប្រធានបទ «យុគសម័យថ្មីនៃបណ្តាញឧបករណ៍ ដែលអាចភ្ជាប់អ៊ីនធើណេតបាននិងសេដ្ឋកិច្ចឌីជីថល» ពិព័រណ៍នេះផ្តោតសំខាន់ ទៅលើបច្ចេកវិទ្យានិងកម្មវិធីថ្មីៗ ដែលមាននៅក្នុងវិស័យជាច្រើនដូចជា ប្រព័ន្ធអ៊ីនធើណេត ដែលប្រើសម្រាប់វិស័យឧស្សាហកម្ម ឧបករណ៍ដែលអាចពាក់បាន ទីក្រុងឆ្លាតវៃ រូបនិម្មិត និងបញ្ញានិម្មិត»។

វិស័យបណ្តាញឧបករណ៍ ដែលអាចភ្ជាប់អ៊ីនធើណេតបាន ទូទាំងពិភពលោក បានឈានដល់ដំណាក់កាលមួយ ដែលអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយឧបករណ៍ដែលអាចភ្ជាប់អ៊ីនធើណេតបាន មានចំនួនដល់ទៅ៨,៤០០លានគ្រឿងទៅហើយ ក្នុងឆ្នាំ២០១៧ ពោលគឺច្រើនជាងចំនួនប្រជាជនសរុប ដែលកំពុងរស់នៅក្នុងពិភពលោកទៅទៀត។

ស្ថិតិពីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន បង្ហាញថា ត្រឹមខែមិថុនាឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់ឧបករណ៍ដែលអាចភ្ជាប់អ៊ីនធើណេតបាន នៅក្នុងប្រទេសចិន មានដល់ទៅជាង៤៥៦លាននាក់ ពោលគឺកើនឡើង២.៥ដង បើធៀបនឹងខែមិថុនាឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន លោក មាវ វ័យ បានសង្កត់ធ្ងន់អំពីការខិតខំនិងស្នាដៃរបស់ប្រទេសចិន ក្នុងវិស័យបណ្តាញឧបករណ៍ ដែលអាចភ្ជាប់អ៊ីនធើណេតបាននេះ។

លោក មាវ វ័យ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន និយាយថា «ផែនការថ្នាក់តំបន់របស់យើង តែងតែអភិវឌ្ឍទៅមុខឥតឈប់ឈរ។ យើងបានបង្កើតមជ្ឈមណ្ឌលថ្នាក់ជាតិជាច្រើន ដើម្បីធ្វើតេស្តសាកល្បងបណ្តាញឧបករណ៍ដែលអាចភ្ជាប់អ៊ីនធើណេតបាន នៅតាមទីក្រុងផ្សេងៗដូចជា ក្រុងអ៊ូស៊ី ក្រុងហាងចូវ ក្រុងហ្វ៊ូចូវ ក្រុងចុងឈីង និងក្រុងយីងថាន។ សម្រាប់វិស័យផលិត យើងក៏កំពុងបង្កើតគេហទំព័រជាច្រើនអំពីប្រព័ន្ធអ៊ីនធើណេតសម្រាប់ឧស្សាហកម្ម ដើម្បីជួយដល់សហគ្រាសខ្នាតតូចនិងមធ្យម»៕ (សារព័ត៌មាន CCTV របស់ចិន)