(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ម្នាក់ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ និងម្នាក់ជាជាងទង ដែលបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅផ្លូវលេខ២៩៤ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន តាមបង្ក្រាបបាន។

លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ​បានធ្វើឡើងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯកនាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍កើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលបង្កឡើងដោយជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ វេង ម៉េងលាង មុខរបរជាងទង និងម្នាក់ទៀតឈ្មោះ គន្ធា ម៉េងលី ហៅសាល សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ទឹកប៊ិច បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះជាជនជាតិចិន ឈ្មោះ Xu Dong Hui ខណៈជនរងគ្រោះកំពុងដើរតាមថ្នល់។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យដែលបង្ក្រាបបាន នៅពេលឃើញជនជាតិចិន២នាក់ ដើរនៅតាមផ្លូវដោយមានយូរកាបូប ឃើញដូច្នេះពួកខ្លួនបានជិះម៉ូតូទៅអែប ហើយធ្វើសកម្មភាពឆក់យកកាបូបយួរនោះពីជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួនទៅវត្តទួលទំពូង ដើម្បីពិនិត្យមើលសម្ភារដែលឆក់បាន។

ពេលឆែកមើលពួកខ្លួនឃើញមានប្រាក់ចំនួន៧,២០០ដុល្លារ, ទូរស័ព្ទដៃមួយគ្រឿង ម៉ាក Huwai, លិខិតឆ្លងដែន១ក្បាល, កាតធនាគារមួយចំនួន និងឯកសារផ្សេងៗ ហើយពួកខ្លួនបានចែកប្រាក់គ្នាបានម្នាក់ ៣,៥០០ដុល្លារ និងយកទូរស័ព្ទទៅលក់បានចំនួន៥០ដុល្លារ ចំណែកឯកសារផ្សេង ពួកខ្លួនបានយកទៅបោះចោលនៅម្ដុំវង្វង់មូលផ្សារដើមថ្កូវ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។

បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមច្បាប់៕​