(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅព្រឹកថ្ងៃទី២០​​ ខែកញ្ញា ឆ្នាំ២០១៨នេះ បានមកជួបគ្រូៗ នៅវិទ្យាល័យព្រះស៉ីសុវត្ថិ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ពិសេសបាតុភាពប៉ុន្មានថ្ងៃនេះ ដែលមានការតវ៉ា មិនចង់ឲ្យមានការផ្លាស់ប្តូរ នាយកសាលា ក៏ដូចជា បញ្ហាដែលមានពាក្យអកុសលថា​ សាលានេះនឹងត្រូវដូរទៅជាសាលាឯកជនវិញ។

បើតាមលោក ហង់ ជួនណារ៉ុន នៅក្នុងកិច្ចប្រជុំបើកទ្វារដំបូង បានអនុញ្ញាតឲ្យអ្នកសារព័ត៌មានស្តាប់បានបន្តិចនោះ បានបង្ហើយឲ្យដឹងថា នៅថ្ងៃនេះនឹងមានការបោះឆ្នោតជាសម្ងាត់ ដើម្បីឲ្យមានការសម្រេចថា តើចង់រក្សាទុកនាយកនៃសាលានេះ​ ឬត្រូវដូរចេញ?។ លោកបន្តថា​ ការដោះដូរនឹងសម្រេចទៅតាមសម្លេងឆ្នោតភាគច្រើន របស់គ្រូដែលបង្រៀងនៅសាលាព្រះស៉ីសុវត្ថិ។

សូមបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃនេះ គ្រូៗបង្រៀននៅសាលាព្រះស៊ីសុវត្ថិ និងសិស្សមួយចំនួន បាននាំគ្នាចេញមកលើកបដាតវ៉ាជាបន្តបន្ទាប់ ដោយមិនចង់ឲ្យមានកម្មវិធី «សាលាជំនាន់ថ្មី NGS» នៅក្នុងសាលាព្រះស៊ីសុវត្ថិ ក្រោមហេតុផលថា កម្មវិធីនេះនាំឲ្យមានការបែងចែករវាងគ្រូ និងគ្រូ សិស្ស និងសិស្ស។

ប៉ុន្តែមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា គោលបំណង​របស់សាលារៀនជំនាន់ថ្មី គឺ​ការ​បង្កើត​សាលា​រដ្ឋ​ដែល​រក្សា​បាន​​ស្តង់ដារ​នៃ​ការ​អប់រំ​បាន​ខ្ពង់ខ្ពស់​បំផុត​តាមរយៈ​ការ​វិនិយោគ​ថវិកា​ច្រើន​ និងផ្តោត​ទៅ​លើ​ការ​ពង្រឹង​តម្លាភាព និង​ទទួល​ខុសត្រូវ​ដោយ​ការ​ផ្លាស់ប្តូរ​វិធី​គ្រប់គ្រង​សាលា​។ នេះ​គឺជា​ការ​ខុស​ប្លែក​ពី​វិធីសាស្ត្រ​ប្រពៃណី​របស់​រដ្ឋាភិបាល ​ដែល​រមែង​តែងតែ​បែង​ចែក​មូលនិធិ​ស្មើៗ​គ្នា​ទាំង​អស់​។

ប្រសិន​បើ​មិន​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​សាលារៀន​ទេ​នោះ សម្ភារបរិក្ខារ​ដូចជា​បន្ទប់​ពិសោធ​វិទ្យាសាស្ដ្រ​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​អស់​ពី​សមត្ថភាព​ទេ​ពីព្រោះ​គ្រូបង្រៀន​រវល់​តែ​ស្វិតស្វាញ​ក្នុង​ការ​បង្រៀន​គួរ​យក​លុយ​ក្រៅ​ម៉ោង​វិញ និង​មាន​ភាព​លម្អៀង​ទៅ​លើ​សិស្ស​រៀន​គួរ​ជាង​សិស្ស​ដែល​មិន​មាន​លុយ​រៀន​គួរ​៕