(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ អាចនឹងមានភ្លៀងធ្លាក់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ នេះបើតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក (ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាព អាកាសធាតុរួចមក ឃើញថា៖ ប្រព័ន្ធសម្ពាធទាបបន្ដអូសកាត់លើអាងទន្លេមេគង្គ និងបន្ដមានឥទ្ធិពល លើកម្ពុជា។

យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖​

* ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
* ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ជាមួយគ្នានោះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រុងប្រយ័ត្ន តំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំ អាចនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា នឹងអាចបង្កជាជំនន់ទឹកភ្លៀង៕