(ភ្នំពេញ)៖ ព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំ ដែលផ្តោតលើម្ហូបអាហារ ភេសជ្ជៈ និងវិស័យបដិសណ្ឋាកិច្ច ត្រូវបានបើកជាផ្លូវការ ដើម្បីឲ្យប្រជាពលរដ្ឋចូលលេងកម្សាន្ត និងទស្សនាពិព័រណ៍ដោយឥតគិតថ្លៃ។

ពិព័រណ៍នេះត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។ ពិព័រណ៍នេះមានការចូលរួមពីក្រុមហ៊ុនប្រមាណ៣០០ មកពី២៦ប្រទេស ក្នុងនោះរួមមាន៖ ប្រទេសចិន បារាំង, អ៊ីតាលី, ហុងគ្រី, ម៉ាឡេស៊ី, តៃវ៉ាន់, ថៃ, សឹង្ហបុរី, ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកជាដើម។

លោក Andrew Siow នាយកក្រុមហ៊ុន AMB Events Group បានឲ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋាលកិច្ចនេះ ក៏មានការចូលរួមដាក់តាំងម៉ាកផលិតផលល្បីៗសម្បូរបែបជាច្រើនផងដែរ។ ក្នុងនោះរួមមាន
ផលិតផលម្ហូបអាហារ ផលិតផលភេសជ្ជៈ សំភារៈផ្គត់ផ្គងសេវាកម្មម្ហូបអាហារ សំភារៈផ្គត់ផ្គងសណ្ឋាគារភោជនីយដ្ឋាន និងហាងកាហ្វេ ក៏ដូចជាបច្ចេក វិទ្យាចាំបាច់ក្នុងការប្រើប្រាស់ ក្នុងវិស័យខាងលើនេះទាំងមូល។

លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាថ្លែងថា ព្រឹត្តិការណ៍នេះមានការប្រកួតប្រជែង ផ្នែកធ្វើម្ហូបអាហារ ផ្នែកបដិសណ្ឋាកិច្ចប្រចាំឆ្នាំ២០១៨ ដែលរៀបចំដោយសហព័ន្ធទេសចរណ៍កម្ពុជា។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍ ប្រកួតប្រជែងក៏មានការចូលរួម ពីសំណាក់ចុងភៅជំនាញជាច្រើនរូប និងបុគ្គលិកជំនាញផ្នែកបដិសណ្ឋាកិច្ច ក្នុងការប្រកួតប្រជែងដណ្តើមយកពាន់រង្វាន់ និងកេរ្ដិ៍ឈ្មោះប្រចាំប្រទេស នៅវិស័យទាំងអស់នេះ។

សូមបញ្ជាក់ថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០១៨។ តាមរយៈព្រឹត្តិការណ៍នេះ រំពឹងថាមានអ្នកចូលរួមប្រមាណ៨ពាន់នាក់។ ក្នុងនោះក៏មានការរៀបចំព្រឹត្តិការណ៍ពិព័រណ៍វិស័យកាហ្វេ ម៉ាស៊ីន និងសម្ភារផ្គត់ផ្គង់គ្រាប់កាហ្វេ លំដាប់ថ្នាក់លេខ១នៅកម្ពុជា ក្នុងការបំពេញតម្រូវការទីផ្សារវិស័យកាហ្វេ ខណៈវិស័យនេះ កំពុងមានការរីកចម្រើន និងកំពុងពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន៕