(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បានស្វាគមន៍ចំពោះជំហរដ៏ត្រឹមត្រូវរបស់លោក​ ដូណាល់​ ត្រាំ ​ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានថ្លែងថា អាមេរិករីករាយនឹងធ្វើការងារជាមួយប្រទេសកម្ពុជា សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មី។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា​ និងរាជរដ្ឋាភិបាលកម្ពុជា​ សូមស្វាគមន៍ ​និងគាំទ្រគោលជំហរដ៏ត្រឹមត្រូវ របស់លោក​ប្រធានាធិបតី​នៃសហរដ្ឋអា​មេរិក ដូណាល់​ ត្រាំ​ ដែលបានថ្លែងនៅចំពោះមុខ ឯកឧត្តម​ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សហរដ្ឋអាមេរិក ​ក្នុងការ​ដែលរីករាយនឹងធ្វើការជាមួយកម្ពុជា​ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ​និងកម្ពុជាកាន់តែស៉ីជម្រៅ​។ ទន្ទឹមនឹងនេះ​ លោកប្រធានាធិបតី​ ក៏បានសម្តែងការភ្ញាក់ផ្អើល ចំពោះការរីកម្រើន នៃកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា​»

សូមជម្រាបថា នៅចំពោះមុខលោក ជុំ សុន្ទរី ក្នុងពេលអញ្ជើញប្រគល់សារតាំងបំពេញបេសកកម្មការងារ ជាឯកអគ្គរាជទូតកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នោះ លោក ដូណាល់ ត្រាំ​ បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ហើយសហរដ្ឋអាមេរិក មានមោទនភាព ដែលជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍនេះ។

ប្រធានាធិបតីប្រទេសមហាអំណាចរូបនេះ បានបន្ថែមយ៉ាងដូច្នេះទៀតថា៖ «យើងដឹងថា កម្ពុជាមានសក្តានុពលសម្រាប់កិច្ចអភិវឌ្ឍធំធេងជាងនេះ នៅក្នុងអនាគត ហើយយើងមានក្តីរីករាយធ្វើការជាមួយគ្នា នៅចំពោះមុខការប្រឈម និងកាលានុវត្តភាពជាច្រើនអនេក។ យើងមានការរំពឹងថា នឹងមានការរីកចម្រើនក្នុងពាណិជ្ជកម្មសេរី ត្រឹមត្រូវ សន្តិសុខតំបន់ ហើយនិងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ និងប្រជាធិបតេយ្យ ហើយយើងនឹងខិតខំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាលទូទៅ»

លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា៖ «ខ្ញុំរីករាយនឹងធ្វើការជាមួយឯកឧត្តម ដើម្បីជំរុញរបៀបវារៈរួមរបស់យើង ហើយនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៉ីជម្រៅថែមទៀត»

លោក​ សុខ ឥសាន បានចាត់ទុកថា ជំហរដ៏មានអត្ថន័យ និងមានតម្លៃចំពោះសភាពការណ៍កម្ពុ​ជា​ ដែលលោកប្រធានាធិបតី មានឆន្ទ:ចង់ធ្វើការជាមួយកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនង​ទ្វេភាគី កាន់តែស៉ីជម្រៅនោះ​ គឺជាការផ្តល់យុត្តិធម៌ ដល់ប្រជាជនកម្ពុជា​ និងរាជរដ្ឋាភិបាលកម្ពុជា ​ដែលកើតចេញពីការបោះឆ្នោត តាមឆន្ទៈរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស​ ដែលឆ្លុះបញ្ចាំងពី លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងពិតប្រាកដ​។

បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គោលជំហរដ៏ត្រឹមត្រូវរបស់លោក ដូ ណាល់ត្រាំ ពេលនេះ​ ផ្ទុយស្រឡះពីសម្តី​ និងការផ្សាយរបស់ក្រុមជ្រុលនិយមមួយចំនួន។ លោកបន្តថា ក្រុមជ្រុលនិយមទាំងនោះ​ តែងតែបំភ្លៃការពិត​ និងមូលបង្កាច់សភាពការណ៍​កម្ពុជា ដោយធ្វើខ្លួនជាខ្មាំងសត្រូវរបស់ប្រទេសកម្ពុជា​ និងធ្វើខ្លួនជាអាមេរិក ជាងអាមេរិកទៅទៀត​ ដែលផ្ទុយពីជំហរទាំងស្រុងរបស់លោក ដូ ណាល់ត្រាំ៕