(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៨ខែ ឆ្នាំ២០០១៨នេះ កម្ពុជាបាននាំចេញផលិតផលជ័រកៅស៊ូចំនួន១២០,៣០៥តោន ទទួលចំណូលជិត១៧០លានដុល្លារអាមេរិក។

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរយៈពេល៨ខែ ដែលគិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៨ ការបញ្ចេញជ័រកៅស៊ូលក់មានចំនួន ១២០,៣០៥តោន បានកើនឡើង២១,២៣៨តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ ចំពោះតម្លៃជាមធ្យមសម្រាប់រយៈពេល៨ខែនេះមានចំនួន ១,៣៨៣ដុល្លារក្នុង១តោន ដូច្នេះចំណូលដែលទទួលបានពីការនាំចេញជ័រកៅស៊ូមានចំនួន ១៦៦,៣៨១,៨១៥ដុល្លារអាមេរិក។

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៣៦,២៩៩ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន១៧៣,០១៧ហិកតា ស្មើនឹង៣៩% និងផ្ទៃដីថែទាំមានចំនួន ២៦៣,២៨១ ហិកតា ស្មើនឹង៦១%។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួនចំណូលប្រមាណ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕