(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា លោក កឹម សុខា មិនទាន់រួចទោសណាមួយទាំងអស់ ពោលគ្រាន់តែប្ដូរកន្លែងឃុំខ្លួនប៉ុណ្ណោះ ដោយក្នុងហេតុផលមនុស្សធម៌។

បើតាមលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ​ការនាំលោក កឹម សុខា មកដាក់នៅក្នុងផ្ទះ ជាការសម្រេចរបស់តុលាការ ដើម្បីបន្ធូរបន្ថយបន្តិច មិនមានសម្ពាធណាមួយនោះឡើយ សូមមហាជនកុំភ័ន្ដច្រឡំ។

ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសបន្ដ​អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី សរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីនេះ​ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនិយាយបន្ដិចដើម្បីឲ្យអ្នកទាំងឡាយភ្លឺភ្នែក ថ្ងៃមុនសម្ដេចក្រឡាហោម ស ខេង បាននិយាយម្ដងហើយ ប៉ុន្ដែថ្ងៃនេះខ្ញុំគាត់តែបញ្ជាក់ អត់ទាន់រួចទោសទាំងអស់ គ្រាន់តែដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ ក្រែងលោវាងាប់ក្នុងគុក វាបង្កើតរឿងដល់រាជរដ្ឋាភិបាល ចឹងក្នុងគោលដៅមនុស្សធម៌ និងរក្សាសុវត្ថិភាពពិរុទ្ធជន»។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មិនទាន់មានច្បាប់ឃុំខ្លួននៅក្នុងផ្ទះនោះទេ ដូច្នេះតុលាការ គ្រាន់តែកំណត់តំបន់មួយ​ឲ្យអ្នកដែលត្រូវ ជាប់ឃុំនោះស្នាក់នៅ ហើយតុលាការអាចកំណត់ឲ្យនៅក្នុងផ្ទះតែម្ដង។ ត្រង់ចំណុចនេះ ​សម្តេចតេជោ ហ៊ុន សែន ថា អាចនឹងមានការពិចារណាក្នុងទិដ្ឋភាពច្បាប់រៀបចំឲ្យមានការឃុំខ្លួនមនុស្សនៅក្នុងផ្ទះ ព្រោះកន្លែងនេះអាចជាការខ្វះចន្លះនៅពេលរៀបចំច្បាប់។

សូមបញ្ជាក់ថា ​​លោក​ កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។ ការដោះលែងនេះឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌមួយចំនួន។

គណបក្សសង្គ្រោះជាតិ ​ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សនេះមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

ជាមួយគ្នានេះ តុលាការក៏បានហាមឃាត់ថ្នាក់ដឹកនាំបក្សនេះ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕