(ភ្នំពេញ)៖ ចាងហ្វាងផលិតកម្ម «មហាហង្ស» លោក អ៊ិន សុភិន បានថ្លែងជាចំហរយ៉ាងមុតមាំថា ភាពយន្តបែបកំប្លុកកំប្លែង តែបង្កប់ដោយការអប់​រំ ដែលជារសជាតិថ្មីមួយទៀត សម្រាប់ទស្សនិកជន មានចំណងជើងថា «ណូលីណូឡា» នឹងត្រៀមបង្ហាញវត្តមានចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តថ្នាក់អន្តរជាតិ នៅចុងឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលផលិតកម្មមហាហង្ស បាននាំយកភាពយន្តជាច្រើនរឿងរួចមកហើយ ដើម្បីធ្វើការប្រកួតប្រជែងជារៀងរាល់ឆ្នាំ ហើយទទួលបានជោគជ័យ ជាបន្តបន្ទាប់។

ការថ្លែងបែបនេះ របស់លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោកបានអញ្ជើញបើកសម្ពោធ ចាក់បញ្ចាំងជាផ្លូវការនូវភាពយន្តរឿង ​«ណូលីណូឡា» នៅរោងភាពយន្ត Legend gaden បឹងកក់ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ផលិតករ, តារាសម្ដែង ព្រមទាំងទស្សនិកជន ជាច្រើននាក់ផងដែរ។

ចាងហ្វាងផលិតកម្ម មហាហង្ស រូបនេះ បានថ្លែងបន្តថា ​​រឿង ​«ណូលីណូឡា» បង្កប់នូវការអប់រំខុសពីរឿងមុនៗ​ ជាពិសេសការទូន្មាន ឲ្យតួអង្គស្រីចេះរៀបចំខ្លួនទន់ភ្លន់ ចេះសំពះ ចេះធ្វើបុណ្យ និងសំខាន់ជាងគេ គឺចង់អប់រំឲ្យចេះស្រឡាញ់គ្នា នៅក្នុងរង្វង់គ្រួសារតែមួយ។ ក្រៅពីបានមើលកម្សាន្តហើយ គឺមានតម្លៃសម្រាប់ការអប់រំ និងវប្បធម៌យ៉ាងសម្បូរបែប។ ភាពយន្តនេះ ក៏បានផ្ដិតយកទិដ្ឋភាពប្រសាទអង្គរវត្ត ប្រាសាទបាយ័ន ផ្ទះបែបខ្មែរបុរាណ និងពីសិល្បៈនៃការកែច្នៃ​ ដោយ​លោករំពឹងថា បើខ្សែភាពយន្តនេះបានបង្ហាញខ្លួន នៅក្នុងមហោស្រពភាពយន្ត អន្តរជាតិទៀតផងនោះ គឺនឹងធ្វើឲ្យពិភពលោកកាន់តែស្គាល់ ពីប្រទេសកម្ពុជាខ្លាំងឡើង មួយកម្រិតទៀត។

​ចំណែកអ្នកនិពន្ធសាច់រឿង «ណូលីណូឡា» កញ្ញា ម៉ៅ ចាន់រស្មី បានអះអាងថា នៅក្នុងសាច់រឿងមួយនេះ ​នាងមិនមែនផ្ដោតតែលើការកម្សាន្តឲ្យសប្បាយ នៅពេលទស្សនាប៉ុណ្ណោះទេ ប៉ុន្តែនាងមានគោលបំណងចង់បង្កប់ខ្លឹមសារអប់រំ និងចង់ទាញផ្នត់គំនិតរបស់អ្នកទស្សនាឲ្យស្គាល់ពីតម្លៃវប្បធម៌ និងតំបន់ទេសចរណ៍នានា នៅខេត្តសៀមរាបផងដែរ ទើបរឿងទាំងមូលត្រូវចំណាយពេលថតច្រើន នៅខេត្តសៀមរាប ជាពិសេសគឺតំបន់ប្រាសាទ និងកន្លែងសិប្បកម្មកែច្នៃរបស់អ្នកស្រុក ដើម្បីឲ្យត្រូវនឹងសាច់រឿង ដែលនាងតាក់តែង។ ​
នាងរំពឹងយ៉ាងខ្លាំងថា អ្នកទស្សនាភាពយន្តរឿង «ណូលីណូឡា» នឹងទទួលបានខ្លឹមសារដែលនាងបានដៅទុក ខណៈដែលក្រោយការផលិត គឺនាងរឹតតែពេញចិត្តចំពោះប្លង់ សំឡេង និងការសម្ដែងរបស់តួអង្គនីមួយៗ ដោយនាងយល់ថា ស្នាដៃដែលខ្លួនបាននិពន្ធ នឹងមានការគាំទ្រខ្លាំងក្លា។

គួរបញ្ជាក់​ថា ភាពយន្តរឿង «ណូលីណូឡា» មានការចូលរួមសម្ដែងដោយតារាល្បីៗមានដូចជា កញ្ញា ឌុច លីដា, អ្នកនាង ភិន សុដាលីស, លោក សាន់នី, លោក ភិម តារាវិបុល, នាងខ្ញុង, នាយពែកមី និងតារាល្បី២ជាច្រើនដួងទៀត។ វណ្ណកម្មភាពយន្តថ្មី របស់ផលិតកម្មមហាហង្ស មានទស្សនីយភាពបែបកំប្លែង និងអប់រំ ​មានចំណងជើងថា «ណូលីណូឡា» នឹងដាក់លក់សំបុត្រ ចាប់ពីថ្ងៃទី ២០ កញ្ញានេះតទៅហើយ៕