(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានជួបកម្មករ-កម្មការិនី ជាថ្មីនៅក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី

*សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីការខកខាន ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ ដោយសាររវល់ក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មី និងការបំពេញបេសកកម្មនៅប្រទេសចិន និងប្រទេសវៀតណាម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាលើកដំបូងហើយសម្រាប់សម្តេច ដែលត្រូវថ្លែងសុន្ទរកថាពីរផ្សេងគ្នាក្នុងកិច្ចប្រជុំពីរផ្សេងគ្នា និងនៅក្នុងប្រទេសពីរផ្សេងគ្នា ក្នុងរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះ ក្នុងអំឡុងពេលបំពេញបេសកកម្ម នៅក្នុងប្រទេសចិន និងវៀតណាម។

*សម្តេចតេជោថា ជាការហត់នឿយមួយសម្រាប់បេសកកម្មនោះ ប៉ុន្តែសម្តេចសប្បាយចិត្ត ព្រោះបានបំពេញការងារជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា នៅថ្ងៃទី២៧ ខែកញ្ញានេះ សម្តេចនឹងអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងមហាសន្និបាតនេះ សម្តេចតេជោ ក៏នឹងឡើងថ្លែងសុន្ទរកថាផងដែរ។

*សម្តេចតេជោ បានថ្លែងថា ឆ្នាំនេះសម្តេចមិនបាននៅចូលរួមបុណ្យភ្ជុំបិណ្ឌនោះទេ ដោយសារជាប់រវល់បំពេញទស្សនកិច្ចនៅក្រៅប្រទេស ពោលគឺចូលរួមកិច្ចប្រជុំជប៉ុន-មេគង្គ និងកិច្ចប្រជុំនានាទៀត។

*សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅមនុស្សចំនួនថា ការបោះឆ្នោតនៅកម្ពុជាមានតែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅ២០២២ និងជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ មិនមានការបោះឆ្នោតឡើងវិញដូចការលើកឡើង និងការចង់បានណាមួយនោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន បានសួរថា តើនរណាថ្លើមធំ និងក្បាលធំហ៊ានដកអាសនៈរបស់កម្ពុជាពីអង្គការសហប្រជាជាតិ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការនាំលោក កឹម សុខា មកដាក់នៅក្នុងផ្ទះជាការសម្រេចរបស់តុលាការ ដើម្បីបន្ធូរបន្ថយបន្តិច មិនមានសម្ពាធណាមួយនោះឡើយ។ សម្តេចតេជោថា ករណីលោក កឹម សុខា មិនទាន់មានការរួចទោសណាមួយទាំងអស់ គ្រាន់តែប្តូរកន្លែងឃុំខ្លួនប៉ុណ្ណោះ ក្នុងហេតុផលមនុស្សធម៌។

*សម្តេចតេជោ ហ៊ុន សែន ថា អាចនឹងមានការពិចារណាក្នុងទិដ្ឋភាពច្បាប់ រៀបចំឲ្យមានការឃុំខ្លួនមនុស្សនៅក្នុងផ្ទះ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កម្មករ-កម្មការិនីទាំងអស់ ដែលបានចេញទៅបោះឆ្នោត ដើម្បីគាំទ្រដំណើរការប្រជាធិបតេយ្យ។ ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រដំណើរការអភិវឌ្ឍ និងរក្សានូវសុខសន្តិភាព។

*សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងផ្លូវ និងអណ្តូងទឹក ត្រូវតែស្តារឡើងវិញនៅក្រោយគ្រោះជំនន់ទឹកភ្លៀង និងទឹកជំនន់។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជំរុញកំណើនសេដ្ឋកិច្ចជាតិនៅតែបន្តយកចិត្តទុកដាក់ ហើយរំពឹងថា ចប់អាណត្តិរាជរដ្ឋាភិបាលទី៦នេះ ប្រាក់ចំណូលប្រជាពលរដ្ឋនឹងកើនឡើងដល់ជាង ២ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំនេះមានរយៈពេល១៩ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច បានដាក់ចេញគោលនយោបាយពង្រាយរោងចក្រទៅតាមខេត្ត ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ។

*សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ការប្រឹងប្រែងពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ជានយោបាយដ៏ល្អ ហើយក៏អាចនិយាយបានថាជាជោគជ័យមួយផងដែរ។

*សម្តេចតេជោ បានថ្លែងថា គ្រាប់បែកផ្ទុះស្លាប់មនុស្សតែមួយក្រុម ឬមួយកន្លែងប៉ុណ្ណោះ តែបើគ្រាប់បែកផ្នែកសេដ្ឋកិច្ចផ្ទុះឡើងវិញ គឺស្លាប់ប្រជាពលរដ្ឋមួយប្រទេស ដែលជាហេតុទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសេដ្ឋកិច្ចនេះ។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ នឹងឧបត្ថម្ភដល់មន្រ្តីរាជការគ្រប់ប្រភេទម្នាក់ៗ៥ម៉ឺនរៀល ហើយនឹងត្រូវបើកប្រាក់ខែមុនភ្ជុំថែមទៀតផង។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លំបាកណាស់ទម្រាំនាំមកនូវសេចក្តីសុចដូចបច្ចុប្បន្ន ដូច្នេះមិនត្រូវឲ្យក្រុមអាសរពិសណាមួយមកបំផ្លាញសេចក្តីសុខនេះបានឡើយ។

*ក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ភាគីថៅកែរោងចក្រ និងកម្មករ-កម្មការិនី ត្រូវរួមគ្នារក្សាបរិយាកាសការងារនៅតាមរោងចក្រឲ្យកាន់តែល្អប្រសើរ។

*សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ថៅកែរោងចក្រ រៀបចំឲ្យមានកន្លែងទទួលទានអាហារ ឲ្យបានសមរម្យសម្រាប់កម្មករ-កម្មការិនី។

*ឆ្លើយតបការរអ៊ូរទាំរបស់ថៅកែរោងចក្រ ចំពោះផលិតភាពរបស់កម្មករ-កម្មការិនីនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ-កម្មការិនីទាំងអស់ ត្រូវប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើនផលិតភាពក្នុងការផលិត។

*សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់រោងចក្រ សហគ្រាស គ្រឹះស្ថានការងារនានា មកចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីកម្មករ-កម្មការិនី ទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។

*សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ-កម្មការិនី កុំធ្វើសកម្មភាពបិទផ្លូវ ដើម្បីតវ៉ាទាមទារបញ្ហាផ្សេង ដូចជាករណីទាមទារប្រាក់សំណងរឿងថៅកែរត់ចោលជាដើមនោះ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនឲ្យកម្មករ-កម្មការិនី បាត់បង់ប្រាក់នោះទេ ហើយសម្តេចបានបញ្ចេញថវិកា២២លានដុល្លារ សម្រាប់ដោះស្រាយរឿងនេះរួចមកហើយ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកផ្លូវធ្វើជាចំណាប់ខ្មាំងដើម្បីតវ៉ានេះ មិនមែនជារឿងល្អនោះទេ ព្រោះមិនមែនប៉ះពាល់ថៅកែរោងចក្រទេ តែប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេស វាអាចប៉ះពាល់ដល់អ្នកត្រូវទៅរកសេវាសង្គ្រោះបន្ទាន់ នៅតាមមន្ទីរពេទ្យថែមទៀតផង។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវតែរក្សាឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា ហើយសម្តេចមិនឱនក្បាលចំពោះជនបរទេសណាទាំងអស់ ហើយអត់ត្រូវមាននរណាកៀបនរណានោះឡើយនៅលើលោកនេះ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនៅញូវយ៉ក នាពេលខាងមុខនេះ សម្តេចនឹងប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថា សម្តេចបានត្រៀមកម្លាំងរួចហើយ ដើម្បីពង្រីកទៅប្រទេសផ្សេងៗទៀត ក្នុងបេសកកម្មរក្សាសន្តិភាព។

*សម្តេចតេជោ បានថ្លែងលើកឡើងថា រាល់មុនចូលសម្រាន្តស្ទើរតែរៀងរាល់យប់ សម្តេចតែងតែស្តាប់ពាក្យទូន្មានរបស់ក្រុមង៉ុយ និងអាចារ្យ អ៊ូចុង។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃស្អែកនេះសម្តេចនឹងអនុញ្ញាតឲ្យតំណាងរាស្ត្ររបស់អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

*សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង៩៖២៨នាទី។ សូមអរគុណចំពោះការតាមដានទស្សនាទូរទស្សន៍ Fresh News៕