(បន្ទាយមានជ័យ​)៖​ ក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ​សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅភូមិដូនមូល និងព្រែកសំរោង នៃឃុំរហាត់ទឹក ស្រុកមង្គលបុរី សូមរួសរាន់ទៅពិនិត្យបញ្ញីក្បាលដីរបស់ខ្លួន សរុបទាំងអស់មានចំនួន ១,០១៨ក្បាលដី ដែលមានបិទផ្សាយនៅវត្តរតនសំពៅផល (ស្ថិតក្នុងភូមិដូនមូល)។

លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការផ្សព្វផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីនេះ គឺមានការរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងាររបស់មន្ទីរចុះអនុវត្តតាមនីតិវិធី នាពេលកន្លងមក។

លោក បូរ៉ា បានបន្តថា ការបិទផ្សាយជាសារធារណៈនេះ គឺមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែកញ្ញាតទៅ នៅក្នុងភូមិទាំងពីរ គឺភូមិដូនមូល និងភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធនានា ធ្វើការផ្ទៀងផ្ទាត់ទៅលើឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាផងដែរ ក្នុងករណីមានការខុសឆ្គង។

លោកបញ្ជាក់ទៀតថា «នៅពេលផុតកំណត់នៃការបិទផ្សាយ ប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានឡើយ»។

អំពីតម្លៃសេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយតម្រូវឱ្យម្ចាស់ដី ឬអ្នកកាន់កាប់ដី បង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្ដងគត់ «គឺនៅពេលមកទទួលប័ណ្ណ»។

លោកបានបញ្ជាក់បន្ថែមថា កន្លងមក នៅក្នុងខេត្តបន្ទាយមានជ័យ បានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ១២១,៥៩៥ប័ណ្ណ រួចមកហើយ។ ដោយឡែក សម្រាប់ទិន្នន័យក្បាលដីនៅក្នុងភូមិទាំងពីរខាងលើនេះ មានចំនួន ១,០១៨ក្បាលដី។

លោកអនុប្រធានមន្ទី បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី នៅក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាបង្កភាពងាយស្រួល និងសហការល្អ ដើម្បីអនុវត្តការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយជោគជ័យ។

លោក សួន បវរ បានថ្លែងថា ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងលើការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយបញ្ហាទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកអភិបាលខេត្តថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅភូមិខាងលើ សូមរួសរាន់ទៅពិនិត្យបញ្ញីក្បាលដីឱ្យបានទាន់ពេលវេលាកំណត់ ដែលមានការបិទផ្សាយជាសាធារណៈនៅក្នុងបរិវេណវត្តរតនសំពៅផល ស្ថិតក្នុងភូមិដូនមូល៕