(កំពង់ស្ពឺ)៖ បើទោះបីក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មីរួចរាល់ការងារជាច្រើនទាំងក្នុង និងក្រៅប្រទេស កំពុងហ៊ុមព័ទ្ធនាយករដ្ឋមន្ត្រីនៃកម្ពុជាយ៉ាងណាក្តី តែការចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមបណ្តារោងចក្រនានា នៅតែជាកិច្ចការមួយដែលសម្តេចតេជោ ហ៊ុន សែន មិនបានមើលរំលងនោះឡើយ។

នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន ត្រូវបានវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៣ និងកូរ៉េចំនួន១។ រោងចក្រទាំងនេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨, ផលិតស្បែកជើងចំនួន១០, បោកគក់ចំនួន៤, ផលិតតុក្កតាចំនួន១ និងផលិតដើមណូអែលចំនួន១។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ។ តាមរយៈរោងចក្រ សហគ្រាទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនក្នុងមូលដ្ឋានដូចជាជួលផ្ទះ លក់ម្ហូបអាហារ ដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត។

ខេត្តកំពង់ស្ពឺ ជាខេត្តមួយធ្លាប់ជាតំបន់ប្រយុទ្ធដ៏ស្រួចស្រាវផងដែរកាលពីអតីតកាល ហើយក៏ជាខេត្តដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្មប៉ុណ្ណោះ។ ក្រោយកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងចាប់ពីឆ្នាំ១៩៩៨ ខេត្តកំពង់ស្ពឺ កំពុងប្រែក្លាយទៅជាខេត្តមានសក្តានុពលខ្ពស់លើវិស័យឧស្សាហកម្ម នាពេលពេលបច្ចុប្បន្ននេះ ពោលមិនមែនពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខដូចពីអតីតកាលទៀតនោះឡើយ។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ២២៨ មានកម្មករ និយោជិត ១០២,៧៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២៤៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផកិតស្បែកជើងមានចំនួន១០៩ មានចំនួន១០៩ មានកម្មករ និយោជិត ៩៦,៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ។

លោក អ៉ិត សំហេង បានចាត់ទុកវត្តមានរោងចក្រ សហគ្រាស គ្រឹះស្ថាននានានៅក្នុងខេត្តកំពង់ស្ពឺនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

សូមបញ្ជាក់ថា ដើម្បីជំរុញវិស័យឧស្សាហកម្មឲ្យមានសន្ទុះទៅមុខកាន់តែខ្លាំងក្លានោះសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។ រយៈពេលជាងមួយឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមសរុបចំនួន៥៦លើក ដែលមានអ្នកចូលរួមសរុប ៧៩៣,៧៨៣នាក់។ សម្រាប់ខេត្តកំពង់ស្ពឺវិញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលចំនួន៣លើករួចមកហើយ។

តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួនដែលប្រឈមសម្រាប់ការរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ៕