(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប​ បានលើកឡើងថា ភាពជោគជ័យរបស់ គ.ជ.ប គឺជាផ្លែផ្កានៃកិច្ចសហការរបស់ភាគីពាក់ព័ន្ធទាំងអស់។

ការលើកឡើងរបស់លោក ស៊ិក ប៊ុនហុក បានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទ «ការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ www.necelect.org.kh/khmer/content/3528 និងការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ានស្មាន នៅសាលសន្និសីទ គ.ជ.ប។

ប្រធាន គ.ជ.ប រូបនេះ បានបន្តថា តាងនាមឱ្យស្ថាប័ន គ.ជ.ប លោកសប្បាយចិត្តដោយបានចូលរួមបម្រើប្រទេសជាតិ ឱ្យអស់ពីចិត្តពីថ្លើម ជាពិសេសពេលឃើញប្រជាពលរដ្ឋមានភាពរីករាយចេញទៅបោះឆ្នោត ហើយក្រោយពេលបោះឆ្នោតរួចនៅតែសប្បាយចិត្ត។

លោក ស៊ិក ប៊ុនហុក បានសង្កត់ធ្ងន់ៗថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី០៤ និងការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី០៦ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក៏ដោយសារមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ដែរ មិនមែនបានមកពីការខិតខំប្រឹងប្រែងរបស់​ គ.ជ.ប តែម្នាក់ឯងទេ។

នៅក្នុងឱកាសនេះលោក ស៊ិក ប៊ុនហុក ក៏បានអំពាវនាវដល់តំណាងអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយណា ដែលមានបំណងចង់ចូលរួមសង្កេតការណ៍ដំណើរការចុះឈ្មោះបោះឆ្នោត សូមរួសរាន់ដាក់ពាក្យមក គ.ជ.ប។

ការដាក់ ការទទួលពាក្យចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ គ.ជ.ប ក៏អំពាវនាវដល់គណបក្សនយោបាយ ដែលមានបំណងចង់ដាក់ភ្នាក់ងារ ដើម្បីសង្កេតការណ៍មើលដំណើរការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ផងដែរ៕

សូមអានខ្លឹមសារទាំងស្រុងរបស់ គ.ជ.ប ដូចខាងក្រោម៖