(ព្រៃវែង)៖ គណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក បានឲ្យដឹងថា ការផលិតទូកងដែលមានប្រវែងវែងជាងគេលើពិភពលោកនេះ បានឈានមកដល់ទីបញ្ចប់ហើយ ហើយគ្រោងដាក់ឲ្យក្រុមការងារ Guinnes World Records ត្រួតពិនិត្យ និងវាតម្លៃនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

យោងសេចក្តីប្រកាសព័ត៌មានរបស់តាមគណៈកម្មការផលិតទូកងនៅថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា បច្ចុប្បន្នទូកងនេះ កំពុងស្ថិតនៅក្នុងដំណាក់អុំសាកល្បង តុបតែង និងបាញ់ពណ៌។ ទូកង ដែលរួមគ្នាផលិតដោយកម្លាំងរួបរួមពីមហាជនខ្មែរនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។

លោក តុប នេត បានឲ្យដឹងថា ទូកងនេះ បានប្រើប្រើរយៈពេលសាងសង់ជាង៣ខែ ពោលចាប់ផ្តើមពីថ្ងៃទី១២ ខែមេសា ហើយបានបញ្ចប់នៅអំឡុងខែកក្កដា កន្លងទៅនេះ ដោយមានមហាជនចូលរួមធ្វើជាង ១ម៉ឺននាក់។

បើតាមសេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា ការផលិតទូកងនេះឡើងក្នុងបំណងចម្បងៗមួយចំនួន៣រួមមាន៖ រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូកងរបស់ខ្មែរតាំងពីបុរាណ ក៏ដូចជារំលឹកឡើងវិញនូវស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ជាពិសេសព្រះបាទជ័យវរ្ម័នទី៧ ដែលបានប្រើប្រាស់ទូកង ជាមធ្យោបាយមួយក្នុងការធ្វើសឹកសង្គ្រាមជាមួយសត្រូវការពារបូរណភាពទឹកដី, ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឲ្យដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ និងជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់ក្រោយក្នុងការថែរក្សា និងអភរក្សកេរដំណែលពីដូនតា។

សូមជម្រាបថា ទូក «ង» របស់កម្ពុជាដែលត្រៀមបំបែកឯកទគ្គកម្មនេះ មានប្រវែងរហូតដល់៨៥.៥ម៉ែត្រ និងទទឹង១,៥៥ម៉ែត្រ ដែលផ្ទុកបានចំណុះរហូតដល់១៧៩នាក់ឯណោះ។ ទូកដ៏វែងមួយនេះ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត។

បើតាមលោក ស សុខា ជាស្ថាបនិក នៃគំនិតផ្ដួចផ្ដើមកសាងទូកនេះ ធ្លាប់បានគួសបញ្ជាក់ថា ក្រុមការងារបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការកំណត់ត្រាពិភពលោករហូតមក និងទទួលបានការណែនាំ ដើម្បីធ្វើយ៉ាងណាឲ្យមានលក្ខណៈត្រឹមត្រូវ តាមបទដ្ឋានកំណត់។

តាមការគ្រោងទុកទូក «ង» វែងជាងគេ នឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខ និងត្រូវសែងទម្លាក់ទឹក ដោយមានការរៀបចំពិធីបែបសាសនា និងមានការចូលរួមសែង ពីប្រជាពលរដ្ឋប្រមាណ ២០០០នាក់ផងដែរ៕