(វ៉ាស៊ីនតោន)៖ រដ្ឋបាលនៃប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ខ្លួននឹងកាត់បន្ថយ​ចំនួនជនភៀសខ្លួន​ ដែល ត្រូវអនុញ្ញាត​ឱ្យចូលមកកាន់​សហរដ្ឋអាមេរិក​ឱ្យនៅ​ត្រឹមតែ ៣០,០០០នាក់ប៉ុណ្ណោះ​សម្រាប់ឆ្នាំសារពើពន្ធ​២០១៩ ដោយចាប់​ផ្ដើមពីថ្ងៃទី០១ ខែតុលា តទៅ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ជុំវិញការសម្រេច​ចិត្តនេះដែរ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានឱ្យដឹងថា ចំនួនជនភៀសខ្លួន​ខាងលើ គឺជាកម្រិតអតិបរមាដែលសហរដ្ឋអាមេរិក​នឹងត្រូវទទួលនៅអំឡុង​ឆ្នាំ២០១៩ បើធៀបទៅ​នឹងឆ្នាំ២០១៨ នេះ​មានចំនួនរហូតដល់ ៤៥,០០០នាក់។ ប៉ុន្តែវានៅតែ​ស្ថិតនៅក្នុងកម្រិត​ទទួលយកជនភៀស​ខ្លួន​មួយទាប​នៅឡើយចាប់តាំង​ពីឆ្នាំ១៩៨០។

លើសពីនេះទៅទៀត វិធានការថ្មីនេះ​ក៏នឹងត្រូវដាក់ចេញ​ផងដែរ នៅក្នុងត្រួតពិនិត្យមួយ​មានរយៈពេល ៩០ថ្ងៃ ដើម្បីទុក​ពេលឱ្យ​រដ្ឋបាលលោក ដូណាល់ ត្រាំ ដឹកនាំការវាយតម្លៃ​ពីជនភៀសខ្លួនមកពី ១១ប្រទេស ដែលមិនទាន់ត្រូវ​បានបញ្ជាក់នៅ​ឡើយទេ។ សហរដ្ឋអាមេរិក បានទទួលយកជន​ភៀសខ្លួនជិត ៨៥,០០០នាក់ នៅឆ្នាំចុងក្រោយ​នៃអណត្តិជាប្រធានាធិបតីរបស់​លោក បារ៉ាក់ អូបាម៉ា៕