(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញលិខិតមួយ ហាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មិនឲ្យផ្សព្វផ្សាយបទចម្រៀង មានចំណងជើងថា «សល់តែចិត្តស្មោះ» របស់ផលិតកម្មខ្មែរអមតៈ ដែលច្រៀងដោយលោ​កស្រី​ កែវ ច័ន្ទសម្ផស្សនោះទេ ដោយយល់ថា ធ្វើឲ្យប៉ះពាល់ខ្លាំង ដល់តម្លៃស្ត្រីបម្រើការងារតាមផ្ទះ។ នេះបើយោងតាមលិខិតមួយ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលអង្គភាពសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

តាមលិខិតរបស់ លោក ខៀវ កាញារីទ្ធ ដែលផ្ញើទៅម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនានា មូលហេតុដែលក្រសួងព័ត៌មាន ហាមមិនឲ្យផ្សព្វផ្សាយបទចម្រៀងនេះ​ ព្រោះអត្ថន័យនៃបទចម្រៀង បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់តម្លៃការងាររបស់អ្នកបម្រើ ការងារតាមផ្ទះ ដែលច្បាប់ស្តីពីគាំពារ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់កិច្ចគាំពារ ដល់ពួកគាត់។

បើតាមលិខិតដដែល បានបញ្ជាក់ទៀតថា ដើម្បីចៀសវាងការប៉ះពាល់អារម្មណ៍ និងតម្លៃរបស់អ្នកបម្រើការងារតាមផ្ទះ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ ព្រមទាំងត្រូវបានគាំពារ ដោយច្បាប់រដ្ឋ ក្រសួងព័ត៌មាន សូមឲ្យម្ចាស់ផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង ដែលមានចំណងជើងថា «សល់តែចិត្តស្មោះ» របស់ផលិតកម្មខ្មែរអមតៈ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕