(ភ្នំពេញ)៖ ព្រះចៅអធិការវត្តរតនៈដែកជះ ហៅវត្តកំពង់ក្ដុល មានទីតាំងនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់នៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីព្រះអង្គបានទ្រុស្តសីលទៅលួចរួមមេត្រី ជាមួយនារីនៅក្រៅទាំងកណ្តាលរាត្រី។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ចៅអធិការវត្តកំពង់ក្ដុល បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋចាប់បានហើយនោះ ត្រូវបានអនុគណវត្តស្លែង ចាប់ផ្សឹកភ្លាមៗតែម្ដង។ ក្រៅពីចាប់ផ្សឹកហើយនោះ ប្រជាពលរដ្ឋមូលដ្ឋាន ក៏បានលើកគ្នាមកតវ៉ាឲ្យដកអាចារ្យចំនួន២នាក់ផ្សេងទៀត ដោយបានចោទថាអាចារ្យទាំងពីរនាក់នេះ បានសមគំនិតគ្នាជាមួយចៅអធិការ ដែលពាក់ព័ន្ធរឿងស្រីញី។

ភ្នាក់ងារ Fresh News ដែលចុះទៅយកព័ត៌មានផ្ទាល់នោះ បានបន្ថែមថា បន្ទាប់ពីចាប់ផ្សឹករួចរាល់អតីតចៅអធិការរូបនេះ ត្រូវបានចាប់បញ្ចូលក្នុងរថយន្ដរបស់នគរបាល ដើម្បីដឹកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោផងដែរ។ ក្រោយសួរនាំ និងពិនិត្យទឹកនោម កម្លាំងសមត្ថកិច្ចរកឃើញថា អតីតសង្ឈនេះ ក៏មានសារធាតុញៀននៅក្នុងខ្លួនផងដែរ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានអះអាងថា ព្រះចៅអធិការរូបនេះតែងតែលួចទៅជួបជាមួយស្រីស្នេហ៍ស្ទើររៀងរាល់យប់ ពោលចាប់ពីម៉ោង៩យប់ ព្រះសង្ឈអង្គនេះបានដោះស្បងជីវចេញ ហើយស្លៀកខោអាវដូចប្រជាពលរដ្ឋ ទៅស្នាក់នៅផ្ទះរបស់ស្រីស្នេហ៍ លុះដល់ម៉ោង៣ទាបភ្លឺ ទើបត្រឡប់ចូលមកវត្តវិញ និងគ្រងស្បងជីវដូចធម្មតា៕