(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍ នៃគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានថ្លែងថា អាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្នុងការទាក់ទាញវិនិយោគ រោងចក្រ សហគ្រាសជាច្រើនទៀតឱ្យមាននៅខេត្តស្វាយរៀង ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាព បានមួយកំរិតបន្ថែមទៀត។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកស្រីដឹកនាំក្រុមការងារ ចុះថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទរួមមាន នគរបាល កងរាជាវុធហត្ថ យោធា នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក៏ដូចការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អនៅមូលដ្ឋាន និងដំណើរការ​នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណត្តិទី៦នេះរហូត១២៥អាសនៈ។

លោកស្រីបានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពី៖

* ទី១៖ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា
* ទី២៖ គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ ១១ចំណុច ដែលបានបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
* ទី៣៖ អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ។

លោកស្រី ម៉ែន សំអន បានបន្តថា រដ្ឋាភិបាលនៅអាណត្តិទី៦ និងបន្តអភិវឌ្ឍផ្តោតសំខាន់ទៅលើវិស័យ៤គឺ ទឹក ភ្លើង ផ្លូវ មនុស្ស ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។

លោកស្រីក៏បានសំណូមពរឱ្យកងកម្លាំងទាំងអស់ ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឱ្យបានល្អ និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឱ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។

លោកស្រី ម៉ែន សំអន ក៏បានឧបត្ថម្ភដល់កងកម្លាំងក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងផ្តល់ជូនថវិការដល់អធិការនគរបាល និងយោធាដែលកំពង់សាងសង់អាគារនូវថវិការមួយចំនួន ផ្តល់ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ មួយកំប្លេរផងដែរ៕