(ភ្នំពេញ)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកយុទ្ធនាការទ្រង់ទ្រាយធំចាប់អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ដោយនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលត្រួតពិនិត្យអ្នកបើកបរយានយន្ដ បានចំនួន៩៨នាក់ និងឃាត់ខ្លួនអ្នកបើកបរចំនួន៤នាក់ ដែលមានជាតិអាកុលលើសកម្រិត បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក។

លោករវសេនីយ៍​ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុទ្ធនាការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍​ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងគោរពតាមគោលការណ៍ណែនាំរបស់ អគ្គស្នងការនគរបាលជាតិ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

បើតាមលោកនាយការិយាល័យរូបនេះ យុទ្ធនាការនេះនឹងត្រូវធ្វើបន្ដដូចភ្លៀងរលឹម ដើម្បីចូលរួមកាន់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបាននិងកំពុងកើតមានឡើង។ មួយវិញទៀត សំដៅពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់ និងចាត់វិធានការ​ចំពោះអ្នកបើកបរទាំងឡាយណាដែលល្មើសច្បាប់ ហើយសម្រាប់អ្នកបើកបរបញ្ច្រាស ត្រូវរក្សាទុកចំនួន៣ថ្ងៃ និងអ្នកអត់មួក កញ្ចក់ទុកមួយថ្ងៃ ដែលត្រូវផាកពិន័យតាមច្បាប់។

ប្រតិបត្តិការយប់មិញនេះ លោករវសេនីយ៍ឯក សែម គន្ធា បានបញ្ជាក់ថា ​បានត្រួតពិនិត្យអ្នកបើកបរយានយន្តសរុប​ចំនួន ៩៨គ្រឿង អ្នកបើកបរម៉ូតូ ចំនួន​៥៨គ្រឿង, បានធ្វើការអប់រំអ្នកបើកបរយានយន្ត ដែលមានជាតិស្រវឹងក្រោម​ ០,២៥ ម្នាក់, ពិន័យអ្នកបើកបរយានយន្ត ដែលមានជាតិស្រវឹងចាប់ពី០,២៥​ ដល់០,៣៩ ម្នាក់ និងបានឃាត់ បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរយានយន្តដែលមានជាតិស្រវឹង ចាប់ពី០,៤០ឡើងទៅ ចំនួន​០៦​​នាក់ ក្នុងនោះ​​អ្នកមិនសហការ​ ចំនួ​ន​​០២នាក់​។​

ដោយឡែក​លទ្ធផលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្តាខណ្ឌទាំង១២ ​និងអង្គភាពជំនាញ​ប្រចាំថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ទទួលបានលទ្ធផល បានចំនួន៧៤៤គ្រឿង ក្នុងនោះ​ខណ្ឌចំការមន ២៦៩គ្រឿង, ខណ្ឌ៧មករា ​១៥៨គ្រឿង, ខណ្ឌទួលគោក ៣៦គ្រឿង, ខណ្ឌដូនពេញ ៤៩គ្រឿង, ខណ្ឌច្បារអំពៅ ១៥គ្រឿង, ខណ្ឌឫស្សីកែវ ៣២គ្រឿង, ខណ្ឌជ្រោយចង្វារ ២៣គ្រឿង, ខណ្ឌមានជ័យ ២០​គ្រឿង, ខណ្ឌដង្កោ ៣៦គ្រឿង, ខណ្ឌព្រែកព្នៅ ១៨គ្រឿង និងការិយាល័យចរាចរណ៍ ៨៨គ្រឿង។

ក្នុងនោះ រួមមានបទល្មើសចរាចរណ៍ផ្សេងៗ បានចំនួនដូចជា ​រថយន្តអត់ស្លាកលេខ ០១គ្រឿង, ម៉ូតូបើកបរបញ្រ្ចាសទិស ៣៦គ្រឿង, ម៉ូតូមិនពាក់មួកសុវត្ថិភាព ៥៧១គ្រឿង, ម៉ូតូគ្មានកញ្ចក់មើលក្រោយ ៤១គ្រឿង, ម៉ូតូអត់មួក-អត់កញ្ចក់​ ០១គ្រឿង, ម៉ូតូគ្មានស្លាកលេខ ១១គ្រឿង និងម៉ូតូមិនគោរពផ្លាកសញ្ញា ៨៣គ្រឿង៕