(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា តាំងពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ស្ថានភាពទឹកជន់លិចផ្លូវជាតិលេខ៤ ត្រង់​ចំណុចស្ពានសំរោង ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកអស់ហើយ ដោយអាជ្ញាធរសម្រេចបើកឲ្យរថយន្តគ្រប់ធុន ធ្វើចរាចណ៍ឆ្លងកាត់បានដូចធម្មតាឡើងវិញ។

សូមជម្រាបថា ដោយសារបញ្ហាជំនន់ទឹកភ្លៀង បានហូរកាត់ផ្លូវត្រង់ចំណុចស្ពានសំរោងនោះ បង្ខំឲ្យអាជ្ញាធរសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅថ្ងៃម្សិលមិញ ទើបបើកដំណើរការចរាចរណ៍ឡើងវិញនៅព្រឹកនេះ។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ពីការព្យាករណ៍​អាកាសធាតុ នៅប្រទេសកម្ពុជាដោយបញ្ជាក់ថា ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បណ្ដាលមកពីឥទ្ធិពលនៃព្យុះទី២២ ឈ្មោះ មង្ឃុត និងព្យុះទី២៣ ឈ្មោះ បារីចាត៕