(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានហៅក្រុមវិទ្យុអាស៊ីសេរី ជាភាសារខ្មែរ ថាជាវិទ្យុកំសាក និងគ្មានវិជ្ជាជីវៈ​ មិនហ៊ានផ្សាយលទ្ធផល នៃការស្ទង់មតិរបស់ខ្លួន ក្រោយរកឃើញថា ប្រជាពលរដ្ឋខ្មែរ រហូតដល់៩១ភាគរយ ​បានគាំទ្ររដ្ឋាភិបាលអាណត្តិទី៦ ដែលបន្ដដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

​ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក សួន សេរីរដ្ឋា ដែលរិះគន់វិទ្យុបម្រើ​បរទេសជាន់ឈ្លើខ្មែរមួយនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «​ទាក់ទងលទ្ធផលស្ទាប់ស្ទងមតិ ដែលវិទ្យុអាស៊ីសេរី បានធ្វើខ្លួនឯង​ រើរៀបសំណួរខ្លួនដើម្បីឲ្យពលរដ្ឋខ្មែរថា​គាំទ្រ ឬ​មិនគាំទ្រ រដ្ឋាភិបាលអាណត្តិទី​៦ របស់​គណបក្សប្រជាជនកម្ពុជា​។ តែវិទ្យុអាស៊ីសេរី​កំសាក អវិជ្ជាជីវៈ មិនហ៊ានផ្សាយផ្សាយលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន»។

អតីតប្រធានគណបក្សអំណាចខ្មែរ ដែលទើបចេញពីពន្ធនាគាររូបនេះក៏បានគូសបញ្ជាក់ថា កត្ដាទាំងអស់នេះហើយ នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ក្រុមវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ កំពុងធ្វើការប្រាសចាកពីគន្លង គោលការណ៍ដើមរបស់សភាសហរដ្ឋអាមេរិក ដែលបានបង្កើតកម្មវិធី វិទ្យុអាស៊ីសេរី និង​វិទ្យុអឺរ៉ុបសេរី កាលពីឆ្នាំ​១៩៩៧​។

ក្រៅហៅវិទ្យុដែលតែងញុះញង់ប្រជាពលរដ្ឋខ្មែរថាកំសាកពេញៗមាត់ហើយនោះ លោក សួន សេរីរដ្ឋា ក៏បានអះអាងដោយមិនញញើតថា វិទ្យុអាស៊ីសេរី គ្មានវិជ្ជាជីវៈ មិនគោរពក្រមសីលធម៌ និងខ្វះការទទួលខុសត្រូវ ព្រោះនៅពេលលោកផ្ដល់បទសម្ភាសន៍វិទ្យុមួយនេះ កាត់ខ្លឹមសាររបស់លោកស្ដាប់គ្មានយល់នោះទេ។

លោកបានថ្លែងបែបនេះថា ​«ក្រុមវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ គឺជាក្រុមសារព័ត៌មានគ្មានវិជ្ជាជីវៈ មិនគោរពក្រមសីលធម៌ និងខ្វះការទទួលខុសត្រូវ​។ ក្នុងបទសំភាសន៍ជាមួយខ្ញុំ វិទ្យុអាស៊ីសេរី​នេះ បានកាត់ចោលនូវខ្លឹមសារជាច្រើនដែលខ្ញុំ និយាយ​ធ្វើឲ្យអ្នកស្តាប់ ស្តាប់មិនយល់​»

​លោក សួន សេរីរដ្ឋា បានសង្កត់ធ្ងន់ចុងក្រោយថា ​​វិទ្យុអាស៊ីសេរី ជាភាសាខ្មែរ កំពុងតែធ្វើការក្បត់វិជ្ជាជីវៈជាក្របខ័ណ្ឌអ្នកសារព័ត៌មានឯករាជ្យ អីចឹងហើយបានជាបុគ្គលិក អ្នកសារព័ត៌មាន ដែលប្រកាន់ជំហរឯករាជ្យ និងមានវិជ្ជាជីវៈ គឺមិនអាចធ្វើការជាមួយក្រុម​អាស៊ីសេរី នេះបានយូរអង្វែងទេ។

សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុននេះ វិទ្យុអាស៊ីសេរីបានរៀបចំនូវការស្ទង់មតិមួយនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ដោយផ្ដល់ជម្រើសជូនប្រជាពលរដ្ឋ ចំនួន២ដើម្បីបោះឆ្នោត ទី១៖គាំទ្រ រាជរដ្ឋាភិបាលអាណត្តិទី៦ និងទី២៖មិនគាំទ្រ រាជរដ្ឋាភិបាលអាណត្តិទី៦។ ក្រោយចប់រយៈពេល៧ថ្ងៃ នៃការស្ទង់មតិ អ្វីដែលធ្វើឲ្យវិទ្យុបរទេសមួយនេះមិននឹកស្មានដល់ គឺមានប្រជាពលរដ្ឋខ្មែររហូតដល់៩១ភាគរយ ដែលបានបោះឆ្នោតគាំទ្រ ខណៈអ្នកមិនគាំទ្រ មានត្រឹម៩ភាគរយ។

ប៉ុន្ដែបន្ទាប់ពីការស្ទង់មតិនេះ អ្វីដែលធ្វើឲ្យមហាជនយល់កាន់តែច្បាស់ពីសណ្ដាន់របស់វិទ្យុមួយនេះ គឺវិទ្យុនេះមិនហ៊ានផ្សាយលទ្ធផលនៃការស្ទង់មតិនោះទេ ព្រោះលទ្ធផលនេះ ហាក់ផ្ទុយស្រឡះពីការចង់របស់គេ និងបក្ខពួក ដែលកំពុងជ្រកកោនស្លាកបរទេស ព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងតែរីកចម្រើនជាបន្ដបន្ទាប់៕​