(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស ដោយដកហូតវត្ថុតាង និងលែងកូនត្រីចម្រុះចូលទឹកវិញមួយចំនួនផងដែរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ​ក្រោយពីទទួលបានព័ត៌មាន​ អំពីបទល្មើសនេសាទខុសច្បាប់​ ​លោកបាន​បញ្ជា​អធិការនគរបាលស្រុកកងមាស សហការជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង​ សហគមន៍បឹងB៦​ និងអាជ្ញាធរឃុំ ដឹកនាំដោយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង​ ដោយមានការចង្អុលបង្ហាញពីលោក​ មឿន​ ផា​ អភិបាល​ស្រុកកងមាស​ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់​ នៅចំណុចជើងទំនប់បឹងកក់​ ចំងាយពីផ្ទះប្រជាពលរដ្ឋ​ ប្រវែង២៥០០ម៉ែត្រ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស​។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលកម្លាំងជំនាញដកហូតបាន លូស្បៃមុង ចំនួន​​៣៧​​មាត់, របាំងព្រួល ប្រវែង​​៣,៥០០​​ម៉ែត្រ, ​បង្គោល​ ចំនួន​​៣២០​​ដើម និងចាក់លែងកូនត្រីចម្រុះ​ ចូលបឹងធម្មជាតិចំនួន​១០៥​គីឡូក្រាម
។ ចំពោះសម្ភារវត្ថុតាង បានដុតបំផ្លាញចោលនៅចំណុចលើទំនប់បឹងកក់​ ក្នុងភូមិកងតាណឹង​ ស្រុកកងមាស។​​

ជាមួយគ្នានេះ លោកស្នងការ ក៏បានបញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណីផងដែរ នៅចំណុចភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដោយជំនាញខេត្ត សហការជាមួយជំនាញស្រុកស្រីសន្ធរ ធ្វើការស្រាវជ្រាវបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់។

ក្នុងប្រតិបត្តិការនោះ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១៖ ឈ្មោះ ប៉ូច ម៉ាលីន ​អាយុ១៩ឆ្នាំ, ទី
២៖ ឈ្មោះ មិន ពីសី ​អាយុ៣៥ឆ្នាំ, ទី
៣៖ ឈ្មោះ ខាន រ័ត្នធា ​អាយុ៣១ឆ្នាំ និងទី៤៖ឈ្មោះ នុន វ៉ានណេត អាយុ៣២ឆ្នាំ ដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន០៤កញ្ចប់តូច, ទូរស័ព្ទដៃ០៤គ្រឿង និងម៉ូតូ០៣គ្រឿង និងប្រាក់ញុះញង់ចំនួន៥០,០០០រៀល៕