(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានច្រានចោលការចុះផ្សាយរបស់វិទ្យុក្រុមប្រឆាំង ដែលវាយប្រហារថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដើរតួនាទីជំនួសឱ្យស្ថាប័នតុលាការ ពាក់ព័ន្ធនឹងការដោះលែង លោក កឹម សុខា ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា ប្រសាសន៍សម្តេចក្រឡាហោម ស ខេង ក្នុង​ពិធី​ជួបជុំ​ជាមួយ​សមាជិក​គណបក្ស​នៅខេត្តព្រៃវែង នៅ​ថ្ងៃអាទិត្យ​ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ ត្រូវបានគេយកទៅបំភ្លៃ។ ប្រសាសន៍សម្តេចម្សិលមិញ គឺជាការបង្ហាញអំពីការអនុវត្តតាមដីកាតុលាការ និងដើម្បីការពារសុវត្ថិភាពរបស់ លោក កឹម សុខា ឱ្យស្របទៅតាមច្បាប់តែប៉ុណ្ណោះ ប៉ុន្តែមិនមែនមានន័យដូចវិទ្យុក្រុមប្រឆាំងចុះផ្សាយថា ដើរតួនាទីជំនួសឱ្យស្ថាប័នតុលាការនោះឡើយ។

លោកបញ្ជាក់បន្ថែមថា ការសរសេរលិខិតដោយលោក កឹម សុខា ដើម្បីស្នើសុំសមត្ថកិច្ចជួយការពារសុវត្ថិភាពរូបលោក គឺជាការផ្តួចផ្តើមគំនិតរបស់ សម្តេចក្រឡាហោម ដោយសារតែលោក កឹម សុខា ខ្លួនឯងយល់ថា រូបលោក (កឹម សុខា) ក៏មានអ្នកស្រលាញ់ និងស្អប់ដែរ ដែលត្រូវការពារសុវត្ថិភាពជាចាំបាច់។

លោក ខៀវ សុភ័គ បានអះអាងយ៉ាងដូច្នេះថា៖ «ការដែលលោករៀបចំនេះ ដើម្បីសន្តិសុខរបស់ លោក កឹម សុខា ទេ មិនមែនលោកបញ្ជាតុលាការនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យ ស្របច្បាប់ត្រូវតែឱ្យ កឹម សុខា ធ្វើលិខិតសុំមួយហើយ លោក កឹម សុខា ដែលមានបញ្ហាសុខភាពក៏បានធ្វើលិខិតមែន ដូច្នេះអ្វីដែលយើងធ្វើ គឺក្នុងនាមអ្នកអនុវត្តដីកាតុលាការ មិនមែនជាការលូកដៃចូលកិច្ចការតុលាការទេ»

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ចុះផ្សាយកាលពីយប់ថ្ងៃអាទិត្យថា ការចាត់ចែងអនុវត្តដីការបស់សម្តេចក្រឡាហោម ស ខេង គឺធ្វើ​ឡើង​ជំនួស​កិច្ចការ​របស់​តុលាការ។ វិទ្យុនេះបានចោទប្រកាន់ទៀតថា សម្តេចក្រឡាហោម ជាអ្នក​រៀបចំ​យុទ្ធសាស្ត្រ បញ្ជា​ឲ្យ​មន្ត្រី​ម្នាក់ ទៅ​សម្របសម្រួល​ជាមួយលោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ដោយ​យក​លិខិត​មួយ​ច្បាប់ឲ្យ​លោក កឹម សុខា សរសេរ​ផ្ទាល់ដៃ ស្នើសុំ​កងកម្លាំង​ការពារ​ខ្លួន​នៅ​ក្នុង​ផ្ទះ។

បើតាមលោក ខៀវ សុភ័គ, ការតម្រូវឱ្យលោក កឹម សុខា សរសេរលិខិតសុំសមត្ថកិច្ចការពារសុវត្ថិភាពនេះ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា សម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ដោយខ្លាចមានជនទី៣ មកធ្វើបាបរូបលោក ដោយសាររូបលោក ក៏មានអ្នកស្រលាញ់ និងមានអ្នកស្អប់ច្រើនដែរ។ ការស្នើសុំសមត្ថកិច្ចឱ្យការពារសុវត្ថិភាព មិនអាចធ្វើឡើងដោយផ្ទាល់មាត់បានដែរ ដូច្នោះហើយ ដើម្បីឱ្យស្របទៅតាមច្បាប់ សម្តេចក្រឡាហោម ស ខេង បានផ្តួចផ្តើមឱ្យ លោក កឹម សុខា សរសេរជាលិខិតមួយដើម្បីសុំសមត្ថកិច្ចការពាររូបលោកតែម្តង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្តទៀតថា «ច្បាប់យើងអត់មានការឃុំខ្លួននៅក្នុងផ្ទះនោះទេ ដូច្នេះដើម្បីឱ្យ លោក កឹម សុខា អនុវត្តតាមការសម្រេចរបស់តុលាការនេះ លោកក៏បានផ្តួចផ្តើមគំនិតមួយថា ទាល់តែ កឹម សុខា សុំទើបយើងអាចធ្វើទៅបាន អញ្ចឹងហើយបានជាលោក កឹម សុខា បានឯកភាព ហើយលោកសរសេរពាក្យសុំឡើង»

ពាក់ព័ន្ធនឹងករណីនេះដែរ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងករណីចាំបាច់យោបល់របស់មន្ត្រីជំនាញជាមូលដ្ឋានមួយ ក្នុងការធ្វើសេចក្តីសម្រេច តាមឆន្ទានុសិទ្ធិរបស់ចៅក្រម។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចៅក្រម មិនមែនចេះជំនាញគ្រប់ប្រភេទ ឬធ្វើកិច្ចការគ្រប់ជំនាញនោះទេ ហេតុនេះក្នុងករណីចាំបាច់ណាមួយក្នុងសំណុំរឿង ដូចជាទាក់ទងនឹងបញ្ហាវេជ្ជសាស្ត្រ (សុខភាព) បញ្ហាកោសលវិច័យ បញ្ហាសន្តិសុខ ឬបញ្ហាបកប្រែភាសាជាដើម ចៅក្រមត្រូវការជាចាំបាច់នូវយោបល់របស់អ្នកជំនាញទាំងនោះ ដើម្បីឈានទៅធ្វើសេចក្តីសម្រេចតាមឆន្ទានុសិទ្ធិរបស់ខ្លួន»

សូមបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។ ការដោះលែងនេះឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌមួយចំនួន៕