(មណ្ឌលគិរី)៖ ក្រុមហ៊ុន រឺណេសង់ ជាក្រុមហ៊ុនធំមួយលំដាប់ពិភពលោក របស់ប្រទេសអូស្រ្តាលី បានចូលមកធ្វើការបណ្តាក់ទុន វិនិយោគអភិវឌ្ឍន៍នៅខេត្តមណ្ឌលគិរី លើផ្នែកធ្វើអាជីវកម្មរ៉ែមាស នៅចំណុចអូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា និងមានការអនុញ្ញាត្តច្បាប់ត្រឹមត្រូវ ពីរាជរដ្ឋាភិបាលកម្ពុជា។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្នុងឱកាសដាំដើមឈើ ដើម្បីបរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានស្វាគមន៍ចំពោះក្រុមហ៊ុនមួយនេះ។ លោកបន្តថា ក្រុមហ៊ុន រឺណេសង់ បានចូលមកធ្វើការសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០២ រហូតមកដល់ឆ្នាំ២០១៨ ទើបទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើអាជីវកម្មរ៉ែមាស។

ក្រុមហ៊ុននេះ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅខេត្តមណ្ឌលគិរី។ ខាងក្រុមហ៊ុន បានធ្វើការសន្យាថានឹង ខិតខំប្រឹងប្រែង ក្នុងការជួយស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងតំបន់នេះដូចជាប្រព័ន្ធ ផ្លូវថ្នល់ ស្ពាន និងវិស័យនានាជាច្រើនទៀតមាន សាលារៀន មន្ទីរពេទ្យជាដើម ទៅកាន់ទីឆ្ងាយដាច់ស្រយ៉ាលក្នុងខេត្តមួយនេះ ដើម្បី ធ្វើឲ្យមានភាពល្អប្រសើរថែមមួយកម្រិតទៀត។

បើតាមលោកអភិបាលខេត្ត នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន រឺណេសង់ គ្រោងចំណាយថវិកា ខ្ទង់លានដុល្លារអាមេរិចសាងសង់ផ្លូវ និងស្ពាន ចាប់ពីក្រុងសែនមនោរម្យទៅកាន់ ឃុំមេម៉ង់ ឃុំចុងផ្លាស់ ឆ្ពោះទៅកាន់ចំណុចខ្វាវក្នុងស្រុកកែវសីមា ដែលមានចម្ងាយពីទីរួមខេត្ត ៦៦គីឡូម៉ែត្រ។ ក្រុមហ៊ុន នឹងបន្តសាងសង់សាលារៀន វត្តអារាម មន្ទីរពេទ្យផងដែរ ដើម្បីឆ្លើយតបជាមួយតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នេះឲ្យមានភាពប្រសើរ និងចូលរួមចំណែកជួយកសាង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ជាមួយរាជរដ្ឋាភិបាលផងដែរ។

លោក ស្វាយ សំអ៊ាង ក៏បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនហ៊ុន ក្នុងការជួយឧបត្ថម្ភផ្តល់កូនឈើ ជូនប្រជាពលរដ្ឋ មន្រ្តីរាជការ ក្នុងខេត្តមណ្ឌលគិរីផងដែរ៕