(ភ្នំពេញ)៖ តាមរយៈវីដេអូមួយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក មានក្តីសោមនស្សរីករាយ និងប្រកាសចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ខាងមុខនេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល អាណត្តិថ្មី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមសម័យប្រជុំអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខាងមុខនេះ។

កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឱ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស​ម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕