(ភ្នំពេញ)៖ បុគ្គលឆ្នើមៗ និងជោគជ័យក្នុងអាជីពជាង ៤០រូបនបានបង្ហាញវត្តមានធ្វើជាវាគ្មិននៅក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំមួយ គឺសន្និបាតអាជីពការងារកម្ពុជា (Cambodia CareersCon) ដែលរៀបចំឡើងដោយក្រុមហ៊ុន Outsources Management ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រយៈពេល២ថ្ងៃ នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចែកជូននូវបទពិសោធន៍ល្អៗរបស់វាគ្មិន ទៅកាន់សិស្សនិស្សិតដែលចូលរួមប្រមាណជាង ៣,០០០នាក់ និងមានឱកាសការងារជាង ១,០០០កន្លែង ពីក្រុមហ៊ុន និងស្ថាប័នចំនួន៥០ មកពីវិស័យនានា។

យោងតាមលោក ជា សុខហ៊ី ដែលជានាយកគ្រប់គ្រងសហគ្រាសសង្គម Outsources Management ដែលជាអ្នករៀបចំសន្និបាតអាជីពការងារនេះ បានប្រាប់ឲ្យដឹងថា «សន្និបាតនេះបានធ្វើឡើង ដោយមានការចូលរួមជាកិត្តិយសពីលោក ហៃ ហ៊ុនឡេង អនុ​ប្រធាន​ទី​ភ្នាក់​ងារជាតិ​មុខ​របរ និង​ការងារ នៃ​ក្រសួង​ការងារ ក្នុងគោលបំណង ដើម្បីមនុស្សគ្រប់រូប ទទួលបាននូវអាជីពដែលខ្លួនស្រឡាញ់ និងស័ក្តិសមនឹងខ្លួន និងមួយវិញទៀតក៏មានបង្កើតជាវេទិកាអភិវឌ្ឍន៍អាជីព មួយដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបអាចចូលរួម ដើម្បីពង្រឹងនូវចំណេះដឹង និងជំនាញរបស់ខ្លួន ហើយជួយឲ្យពួកគេស្វែងរក មាគាអាជីពមួយដែលជោគជ័យនាពេលអនាគត»

លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមប្រធានបទ «ចាប់ផ្ដើមដំណើរទៅកាន់អាជីពក៏ជោគជ័យ» ដោយមានការឧបត្ថម្ភធំ ដោយក្រុមហ៊ុន Pi Pay, ក្រុមហ៊ុន Cambodia Brewery Limited, ក្រុមហ៊ុន BongThom.com, ក្រុមហ៊ុន SD International Forwarder និងអង្គការ EduQuest Hub ហើយសន្និបាតអាជីពការងារកម្ពុជានេះ គឺជាសន្និសីទការងារមួយដែលរួមមានវេទិកាពិភាក្សា ការតាំងពិព័រណ៍ ទំព័រឌីជីថល និងថ្នាក់បង្រៀននូវជំនាញទន់ផ្សេងៗ។

លោកបានបន្តទៀតថា សន្និបាតនេះផ្តល់ឱកាសការងាររាប់ពាន់កន្លែង ដល់ប្រជាពលរដ្ឋខ្មែរ ហើយណែនាំពួកគេឲ្យស្គាល់អាជីវកម្ម និងស្ថាប័នឯងជនធនតូច និងមធ្យមនានា នូវការងារមួយចំនួនដូចជា ការហាត់ការ, ការងារស្ម័គ្រចិត្ត, ការងារពេញ ឬក្រៅម៉ោង, និងកម្រិតជាតិនិងអន្តរជាតិ ហើយប្រសិនបើសិស្សនិស្សិតមិនចាប់អារម្មណ៍ក្នុងឱកាសការងារនេះ ក៏អាចមានចំណេះដឹងពីសន្និបាតមួយនេះ ដើម្បីជាបទពិសោធន៍ទៅថ្ងៃខាងមុខផងដែរ។

លោក ហៃ ហ៊ុនឡេង អនុ​ប្រធាន​ទី​ភ្នាក់​ងារជាតិ​មុខ​របរ និង​ការងារបានថ្លែងក្នុងសន្និបាតថា «ការងារ និងអាជីព គឺជាសមាធាតុដ៏មានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ការងារនិងអាជីពគ្រប់ប្រភេទមានអត្ថន័យពិសេសសម្រាប់មនុស្សម្នាក់ដែលបានជ្រើសរើសអនុវត្ត ហើយតម្លៃការងារ និងអាជីព​ប្រភេទណាក៏ដោយ ដូចជាក្នុងវិស័យសាធារណៈ វិស័យឯកជន និងសហគ្រិន គឺមានតម្លៃបំផុតក្នុងមួយជីវិតយើងមិនត្រូវមើលរំលង ឬទទួលនូវការរើសអើងនោះឡើយ»

លោកបានបញ្ជាក់ថា «តើអាជីពគឺជាអ្វី? អាជីពគឺសំដៅទៅលើការបំពេញការងាររយៈពេលយូរពេញមួយជីវិត ដែលកើតចេញគោលបំណងជាក់លាក់ក្នុងការងារ ហើយឆ្លុះបញ្ចាំងពីការបត់បែនរបស់បុគ្គលដែលបំពេញការងារនោះ ដែលបានបទពិសោធន៍ការងារជាច្រើនឆ្នាំក្នុងជីវិតការងារ ដែលក្នុងនោះមានដូចជា ជីវិតជាគ្រូបង្រៀន វេជ្ជបណ្ឌិត វិស្វករ មេកានិច និងកីឡាករ ដោយទាំងអស់នេះផ្ដើមចេញពីដំណាក់ការធម្មតាមួយដែលបានវិវត្តការងាររហូតក្លាយជាអ្នកឯកទេសពិតប្រាកដ នោះទើបយើងចាប់ផ្ដើមអាចថាជាអាជីព»

សូមបញ្ជាក់ផងដែរថា សម្រាប់សន្និបាតនេះ គឺមានវាគ្មិនកិត្តិយសដែលបង្ហាញខ្លួនក្នុងវាទិកាកិច្ចពិភាក្សានេះ នឹងធ្វើក្រោមប្រធានបទ «ឥទ្ធិពលនៃបច្ចេកវិទ្យាក្នុងការធ្វើអាជីវកម្ម» រួមមាន លោក ជី សិលា (អគ្គនាយកក្រុមហ៊ុនសប្បាយ), លោក ហ៊ុន ចាន់សាន (ស្ថាបនិកក្រុមហ៊ុន Re-Edge Architects), លោកគ្រូ ឃីម សុខហេង (ស្ថាបបនិក វិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ), លោក សុខ សុភមង្គល (ស្ថាបនិកក្រុមហ៊ុន Codingate), លោក ពេជ្រ បូឡែន (អគ្គនាយក Westline Education Group), និងលោក Jonathan Yap (ប្រធានផ្នែកនៃក្រុមហ៊ុន Smart)។ កិច្ចពិភាក្សានេះនឹងធ្វើក្រោម ប្រធានបទ ឥទ្ធិពលនៃបច្ចេកវិទ្យាក្នុងការធ្វើអាជីវកម្ម៕