(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យស្ងប់សរសើរ ដល់ទឹកចិត្ត ខណៈកាលពីពេលថ្មីៗនេះ មូលនិធិចេនឡានិង ម័រ៉ាកលហ្វើលហ្វាយ បានប្រមូលថវិកាប្រមាណជាង ២៥០០០ដុល្លា ពីសប្បុរសជន នានានៅក្នុងស្រុក និង ក្រៅស្រុក ដើម្បីទិញកង់ចំនួន ៥០០ គ្រឿង សម្ភារៈសិក្សា សម្លៀកបំពាក់ និង សម្ភារៈ ក្មេងលេងចែកជូនដល់ប្អូនៗ សិស្សានុសិស្ស ដែលកំពុងតែខ្វះមធ្យោបាយធ្វើដំណើរ ទៅសាលារៀន និង ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួបទុក្ខលំបាក ទីទ័លក្រខ្សត់ ជាដើម។

តំបន់ដែលត្រូវចែកសម្ភារៈ មានចំនួន ៥ កន្លែង ក្នុងនោះរួមមាន អង្គការផ្ទះបាយកុមារ (LRDE) ភ្នំពេញ, វិទ្យាល័យជាស៊ីមប្រលាយ ស្រុកស្ទោង ខេត្តកំពង់ធំ, ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី, បឋមសិក្សាគីរីរម្យ ខេត្តកំពង់ស្ពឺ និង ស្រុកកំពង់ត្រាច ខេត្តកំពត។

ស្ថាបនិក និងជាប្រធានមូលនិធិចេនឡា លោក ង៉ោ ប៉េងទី បានថ្លែងថា ការបង្កើតមូលនិធីនេះឡើង គឺដើម្បីជួយដល់ប្រជាពលរដ្ឋ​ ដែលមានជីវភាព និង ស្ថានភាពលំបាក ហើយប្រជាពលរដ្ឋមួយចំនួន កំពុងតែត្រូវការជំនួយ ជាក់ស្ដែងមូលនិធិចេនឡា បានបង្កើតគម្រោងនេះឡើង ដើម្បីជាដំណោះស្រាយ ក៏ដូចជា ជំនួយ ជូនដល់បងប្អូន នៅតាមតំបន់ដាច់ស្រយាល ផងដែរ។ ជាក់ស្ដែង កាលពីពេលកន្លងទៅថ្មីៗនេះ មូលនិធីចេនឡា បានចុះចែកកង់ចំនួន ៥០០ គ្រឿង ព្រមទាំងសម្ភារៈសិក្សា ជូនដល់សិស្សានុសិស្ស។ ដូចដែលបានដឹងហើយថា កង់ពិតជាបានចូលរូមចំណែកយ៉ាងច្រើន សម្រាប់ជួយសម្រួលដល់សិស្សានុសិស្ស ដែលជួបបញ្ហាគ្មានមធ្យោបាយធ្វើដំណើរទៅសាលារៀន។

លោកបានបន្តថា មូលនិធិចេនឡា បានបង្កើតឡើង តាំងពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយផ្តោតទៅលើ៣ ផ្នែកសំខាន់ៗគឺ អាហារ ការអប់រំ និងសុខភាព។ ជាមួយគ្នានេះផងដែរ បច្ចុប្បន្នមូលនិធិចេនឡា មានសកម្មភាពចែកអាហារជាប្រចាំ សប្តាហ៍ នៅមុខសាលាអន្តរជាតិខេរីដ រៀងរាល់ថ្ងៃសៅរ៍ ប្រចាំខែចែក កង់៣ ទៅ ៥ គ្រឿង និងកញ្ចប់ថវិកាប្រមាណ ១០០០ដុល្លា ជូនដល់អង្គការផ្ទះបាយកុមារជារៀងរាល់ខែ។

ក្រៅពីនេះមូលនិធិចេនឡាបានផ្តល់អង្ករ សម្ភារៈសិក្សា ថ្នាំពេទ្យ វ៉ែនតា ទៅប្រជាពលរដ្ឋ អង្គការ និង សាលានានាផងដែរ។ លើសពីនេះទៅទៀត មូលនិធិចេនឡា តែងតែគៀងគង សប្បុរសជន និង អង្គការបរទេស ដើម្បីចូលរួមចំណែកជួយសង្គមជាតិ៕