(ព្រះវិហារ)៖ បន្ទាប់ពីការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាលើកទី២កាលពីថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញនេះ បេក្ខនារីមួយរូបនៅខេត្តព្រះវិហារ បានសម្រក់ទឹកភ្នែក ដោយមិនដឹងខ្លួនក្រោយពីទទួលបាននិទ្ទេស A វិញ។

បេក្ខនារីរូបនេះឈ្មោះ ជួប ណាម៉ាន អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២A មកពីវិទ្យាលយ័រវៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះថា លទ្ធផលប្រឡងបាក់ឌុប ដែលប្រកាសលើកទី១ នាងទទួលបាននិទ្ទេស D។ នាងមិនសូវសប្បាយចិត្ត នឹងលទ្ធផលបែបនោះទេ ព្រោះដោយសារមុខវិជ្ជាគណិតវិទ្យា នាងធ្វើបានល្អ ប៉ុន្តែបែជាធ្លាក់ទៅវិញ។

គាប់ជួននឹងមានការតវ៉ារបស់បេក្ខជន បេក្ខនារី ដែលមិនអាចទទួលយកលទ្ធផលប្រកាសលើកទី១នោះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨, ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលជាលើកទី២ ធ្វើឲ្យនិទ្ទេសរបស់នាង មានការប្រែប្រួលពីនិទ្ទេស D ទៅនិទ្ទេស A វិញ ក្នុងលំដាប់ពិន្ទុ 99.762។

បេក្ខនារី ជួប ណាម៉ាន បានឲ្យដឹងទៀតថា នាងមានគ្រួសារជាត្រកូលកសិករ មានឪពុកឈ្មោះ ភិម ភីន អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ កែវ ឡៃហួយ អាយុ៣៩ឆ្នាំ មុខរបរកិសិករ រស់នៅភូមិថ្កែង ឃុំរហស័ ស្រុករវៀង ខេត្តព្រះវិហារ។ នាងមានបងប្អូន២នាក់ ហើយនាងជាកូនពៅក្នុងគ្រួសារ ចំណែកបងរបស់នាងមានគ្រួសារហើយ។

លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានឲ្យដឹងថា ការប្រកាសលទ្ធផលប្រឡងបាក់ឌុប លើកទី២នេះ ធ្វើឲ្យចំនួនអ្នកប្រឡងជាប់នៅខេត្តព្រះវិហារ មានការកើនឡើង៤នាក់ ក្នុងនោះក៏មានអ្នកទទួលបាននិទ្ទេស A ម្នាក់ ផងដែរ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការសម្រេច «មោឃៈ» លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ដែលប្រកាសលទ្ធផលលើកទី១ កាលពីថ្ងៃទី០៩ ខែកញ្ញា​ ក្រោយក្រសួងទើបបានប្រកាសលទ្ធផលថ្មីរួច។

ក្រសួងបានបញ្ជាក់ថា មានតែបេក្ខជនចំនួន ៩៧៥នាក់ប៉ុណ្ណោះ ដែលបានប្រែប្រួលពីនិទ្ទេស F (ធ្លាក់) មកនិទ្ទេស E (ជាប់) វិញ។ ការលើកយកលំដាប់ពិន្ទុនៃការប្រកាសលើកទី១ និងលើកទី២ មកប្រៀបធៀបគ្នា ជាការប្រកាសមិនមានន័យទេ ដោយសារតាមបច្ចេកទេស លំដាប់ពិន្ទុ មិនមែនជា ពិន្ទុសរុប នោះទេ។

ក្រសួងអប់រំបញ្ជាក់ថា បន្ទាប់រកឃើញកំហុសបច្ចេកទេសនេះ ធ្វើឲ្យលទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុបប្រែប្រួល ដោយចំនួនអ្នកជាប់កើតឡើងដល់ ៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥២,១៨៣នាក់៕