(ត្បូងឃ្មុំ)៖ ​ឧបនាយករដ្ឋមន្រ្តី​​ ជា​ សុផារ៉ា​ អនុប្រធាន​ទី១​ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ​ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨​ មកពីស្រុកក្រូចឆ្មារ​ ស្រុកមេមត់​ ស្រុកត្បូងឃ្មុំ​ និងក្រុងសួង។

សិស្សប្រឡង់បាក់ឌុបទាំអស់នេះ ចំនួន១,១៣៩នាក់ ដែលក្នុងនោះទទួលបាននិទ្ទេស​ A​ ៩នាក់,​ និទ្ទេស​ B​ ៤៧នាក់,​ និទ្ទេស​ C​ ៨១នាក់​,​ និទ្ទេស​ D ២៤៧នាក់​ និងនិទ្ទេស​ E ៧៥៥នាក់។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានផ្តល់ជូន​នាយក​ នាយករង​ និងមន្ត្រីការិយាល័យអប់រំ​ មកពី៤ក្រុង​ ស្រុក​​ចំនួន៦៥នាក់​ ក្នុងម្នាក់​​១៥០,០០០រៀល​ សិស្សានុសិស្សនិទ្ទេស៩នាក់ ម្នាក់ម៉ូតូមួយគ្រឿង ថវិកា១០០,០០០រៀល និងសិស្សានុសិស្ស ដែលបានចូលរួមទាំងអស់នូវថវិកា១០០,០០០រៀលផងដែរ។

សូមជម្រាបថា ​ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨​ បានប្រកាសលទ្ធផល​ថ្មី ក្រោយ​បានធ្វើកោសល្យវិច្ច័យឡើងវិញ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប ដែលចេញផ្សាយកន្លងទៅ ដោយរកឃើញពីកំហុសបច្ចេកទេសមួយ ដែលមិនបានបូកបញ្ចូលពិន្ទុមុខវិជ្ជាគណិតវិទ្យា នៅបន្ទប់ប្រឡងចំនួន៧៤០បន្ទប់។ លទ្ធផលថ្មីនេះ បានធ្វើឱ្យអត្រាអ្នកជាប់ និងអ្នកទទួលបាននិទ្ទេសល្អ មានការកើនឡើងជាងមុន៕