(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក យិន សារឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឱ្យឃុំខ្លួន ជនសង្ស័យ​ចំនួន០២​នាក់ ពាក់ព័ន្ធករណីប្លន់ទូមាស នៅខណ្ឌសែនសុខ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះនៅពេលក្រោយ។

ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក សៀង សុខ បានចោទប្រកាន់ជនសង្ស័យទាំង២នាក់ពីបទ ( ប្លន់ប្រដាប់អាវុធ)។

សូមបញ្ជាក់ថា ក្រោយការឃាត់ខ្លួនបាន ក្រុមចោរប្លន់ចំនួន២នាក់រួចមក នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការ ចាត់ការតាមនីតិវិធី។

តាមរបាយការណ៍សមត្ថកិច្ចជនសង្ស័យទី១៖ ឈ្មោះ តាំង រុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរចោរ រស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី២៖ ឈ្មោះ ឡា ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរចោរ រស់នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

សូមជម្រាបជូនថា កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានបើកកាស្រាវជ្រាវ និងឃាត់ខ្លួនក្រុមលោកចោរខាងលើ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ លើថៅកែចងការលុយឯកជន យកបានលុយខ្មែរ លុយដុល្លារ និងសម្ភារ សរុបប្រមាណជាជាង ២ម៉ឺនដុល្លាត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង កាំភ្លើងខ្លី ចំនួន២ដើម និងម្ស៉ៅសថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១កញ្ចប់ផងដែរ៕