(ភ្នំពេញ)៖ ពន្លឺនៃចំណេះដឹងរបស់កុមារកម្ពុជា នឹងទទួលបានកាន់តែល្អប្រសើរឡើង ខណៈមានការចូលរួមរវាងឪពុកម្ដាយ និងគ្រូបង្រៀន ព្រោះមាន​តែលោគ្រូ អ្នកគ្រូ និងមាតាបិតាសិស្សប៉ុណ្ណោះ ដែលបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់សិស្ស​បានយ៉ាងល្អ ។ នេះបើតាមការលើកឡើងរបស់ អគ្គនាយិកាអគ្គនាយិកាសាលា New Gateway International School អ្នកឧញ៉ា ប៊ុន ណារី ។

ថ្លែងក្នុងកម្មវិធីជំនួបរវាងមាតាបិតា អាណាព្យាបាលសិស្ស ជាមួយអ្នកគ្រូ លោកគ្រូ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ អ្នកឧញ៉ា ប៊ុន ណារី បានថ្លែងឲ្យដឹងថា សាលារៀនបានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងកិច្ចសហការរវាងមាតាបិតា​សិស្ស ជាមួយគ្រូបង្រៀន ក្នុងការផ្លាស់ប្ដូរយោបល់គ្នាពីការរីកចម្រើន និងចំណុចដែលត្រូវរួមគ្នា យកចិត្តទុកដាក់កែលម្អ លើកង្វះខាតមួយចំនួន​របស់កូនៗ​ ក្នុងន័យធ្វើយ៉ាងណា ឲ្យពួកគាត់ទទួលបានចំណេះដឹង សីលធម៌-សុជីវធម៌ក្នុងការរស់នៅ ប្រកបដោយភាពថ្លៃថ្នូរ និងពង្រឹងការអប់រំ ឲ្យមានការ​អភិវឌ្ឍន៍កម្រិតខ្ពស់ផងដែរ។

អ្នកឧញ៉ា បានបញ្ជាក់ទៀតថា ការជោគជ័យក្នុងការសិក្សារបស់សិស្ស មិនត្រូវពឹងផ្អែកតែនៅលើសាលាបង្រៀនមួយមុខទេ តែត្រូវទាមទារឲ្យមានការ​សហការ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់មាតាបិតា និងអាណាព្យាបាលដោយមិនអាចខ្វះបាន។

សាលារៀន New Gateway International School បានជ្រើសរើសយកកម្មវិធីសិក្សា Cambridge ដែលជាកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេសដ៏​ពេញនិយម និងប្រើប្រាស់នៅច្រើនប្រទេសទូទាំង​សកលលោក ហើយសិស្សានុសិស្សអាចទទួលបានគុណភាពអប់រំ និងការថែទាំក្នុងបរិយាកាសល្អ​បំផុត ដូចដែលពួកគេអាចស្វែងរកបាននៅចក្រភពអង់គ្លេសដែរ។

នៅក្នុងសាលា​កុមារមិនមែន​រៀនត្រឹមតែនិយាយ អាន និងសសេរភាសាអង់គ្លេស និងភាសាចិន ឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ តែពួកគេក៏បានរៀនអំពីសីលធម៌ក្នុងការរស់នៅ, រៀនអំពីសង្គម ការបង្កើតទំនាក់ទំនងលើខ្លួនឯង ការថែសុខភាពខ្លួនឯង ការអភិវឌ្ឍរាងកាយ ការគ្រប់គ្រងអារម្មណ៍ ការយល់ដឹង​អំពីមនុស្ស​ និងបច្ចេកវិទ្យា ការស្រមើស្រមៃ និងភាពច្នៃប្រឌិត។

អ្នកឧញ៉ា បានបន្ថែមទៀតថា សាលាដែលមានគុណភាពពិតប្រាកដ គឺជាសាលាដែលយល់ដឹងយ៉ាងច្បាប់អំពីការអភិវឌ្ឍកុមារ និងតម្រូវ​ការ​ជាពិសសេស របស់ពួកគាត់ ហើយការរៀបចំអ្វីៗទាំងអស់ត្រូវឆ្លើយតបជាអភិភាព និងតម្រូវការទាំងនោះ៕