(ភ្នំពេញ)៖ មរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើប្រជាពលរដ្ឋខ្មែររំជួលចិត្តយ៉ាងខ្លាំងរហូតអ្នកខ្លះបានយំស្តាយស្រណោះចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត ប្រៀបដូចជាការបាត់បង់សាច់ញាតិរបស់ខ្លួនផងដែរ។

នៅឯកន្លែងរៀបចំពិធីអុជធូបគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner នៅក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផា គេបានឃើញប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានទៅអុជធូបគោរពវិញ្ញាណក្ខន្ធរបស់លោកជាបន្តបន្ទាប់ ដើម្បីបង្ហាញនូវសមានទុក្ខដ៏ក្រៀមក្រំរបស់ពួកគេ និងជាការបង្ហាញនូវការដឹងគុណរបស់ពួកគេចំពោះគុណបំណាច់របស់លោកវេជ្ជបណ្ឌិតផងដែរ។

ស្ត្រីម្នាក់ដែលធ្លាប់បានយកកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងកូនរបស់ខ្លួនត្រូវបានមន្ទីរពេទ្យឯកជនលែងទទួលព្យាបាលទៅហើយនោះ បានបង្ហូរទឹកភ្នែកឥតឈប់ ដោយនឹកស្តាយស្រណោះលោកវេជ្ជបណ្ឌិត Beat Richner ប្រៀបដូចស្តាយស្រណោះសាច់ញាតិរបស់ខ្លួនផងដែរ។

ស្ត្រីរូបនេះបានរៀបរាប់បញ្ជាក់ជាមួយអង្គភាពព័ត៌មាន Fresh News ទាំងទឹកភ្នែកហូររហាមថា កូនស្រីរបស់គាត់ធ្លាប់បានកើតជំងឺគ្រុនឈាមបាត់មាត់បាត់ក រហូតដល់ពេទ្យឯកជនលែងទទួលព្យាបាលទៅហើយ តែពេលអ្នកស្រីយកមកមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានក្រុមគ្រូពេទ្យខ្នះខ្នែងជួយសង្គ្រោះជីវិតកូនស្រ្តីរបស់អ្នកស្រីរួចផុតពីក្តីមរណា។

អ្នកស្រីបានចាប់ទុកលោកវេជ្ជបណ្ឌិត Beat Richner ប្រៀបដូចជាទេវតាប្រោសជីវិតកូនស្រីរបស់អ្នកជាថ្មី។ ដូច្នេះមរណភាពរបស់លោកវេជ្ជបណ្ឌិត Richner គឺជាបាត់មនុស្សដ៏សំខាន់ម្នាក់ ប្រៀបដូចជាការបាត់បង់សាច់ញាតិរបស់អ្នកស្រីផងដែរ។

ក្រៅពីស្តាយស្រណោះចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត Richner ហើយនោះ ស្រ្តីរូបនេះក៏ព្រួយបារម្ភពីជោគវាសនារបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ បារម្ភខ្លាចអត់មានវត្តមានលោកវេជ្ជបណ្ឌិតមន្ទីរពេទ្យត្រូវជួបបញ្ហា និងគ្មានកន្លែងព្យាបាលដ៏មានគុណភាពខ្ពស់ចំពោះកូនចៅប្រជាពលរដ្ឋខ្មែរដែលមានជីវភាពក្រខ្សត់។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ នៅឯប្រទេសស្វីសដែលជាទីកំណើតរបស់លោក បន្ទាប់បានពលីកម្មអស់កម្លាំងកាយចិត្ត និងបញ្ញាញាណចិត្តពាក់កណ្តាលជីវិត ដើម្បីកុមារកម្ពុជា។ ដើម្បីជាការតបស្នងសងនូវគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់លោកវេជ្ជបណ្ឌិត មន្ទីរពេទ្យគន្ធបុប្ផាបានរៀបចំកន្លែងឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅបានចូលរួមអុជធូបគោរពវិញ្ញាណក្ខន្ធរបស់លោក។ ពិធីអុជធូបគោរពវិញ្ញាណក្ខន្ធនឹងធ្វើរហូតដល់គម្រប់១០០ថ្ងៃនៃមរណភាពរបស់លោក៕