(ភ្នំពេញ)៖ ក្រោយពីបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជននៅកម្ពុជា ក្នុងការទស្សនាខ្សែភាពយន្ដថៃ ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ បានរៀបចំកម្មវិធីសិក្ខារសាលា និងការចាប់ដៃគូពាណិជ្ជកម្ម ស្តីពីការផលិតខ្សែភាពយន្តនៅសាលប្រជុំ AEON Hall ស្ថិតនៅផ្សារទំនើប AEON សែនសុខ។

លោក ជីរ៉ាវុឍ សុណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញបានថ្លែងថា «កម្មវិធីមហោស្រពភាពយន្តថៃលើកទី៣ ឆ្នាំ២០១៨នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកផលិតខ្សែភាពយន្ត និងបណ្តាក្រុមហ៊ុន ដែលពាក់ព័ន្ធជាមួយវិស័យឧស្សាហកម្មភាពយន្តរបស់កម្ពុជានិងថៃ។ នៅថ្ងៃនេះផងដែរ ក៏មានកម្មវិធីសិក្ខាសាលា និងការចាប់ដៃគូពាណិជ្ជកម្ម ដែលជាវេទិការដ៏សំខាន់ ក្នុងការចែករំលែកបទពិសោធន៍ ស្តីអំពីបច្ចេកទេសនៃការថត និងកាត់តភាពយន្ត ពីអ្នកជំនាញដូចជា៖ អ្នកផលិតភាពយន្ត អ្នកដឹកនាំសម្តែង និងអ្នកដែលមានបទពិសោធន៍ ក្នុងវិស័យភាពយន្តមកពីប្រទេសទាំង២»

ក្នុងកម្មវិធីសិក្ខារសាលានេះ ក៏មានវត្តមានវាគ្មិន២រូប មកពីប្រទេសថៃ ដែលពួកគាត់មានបទពិសោធន៍ជាច្រើនក្នុងការផលិតខ្សែភាពយន្ត មកធ្វើបទបង្ហាញស្ដីអំពី Short Film និង Special Effects ទៅកាន់សិស្សនិសិត្សមកពីសកលវិទ្យាល័យមួយចំនួន ដែលមានដូចជា សកលវិទ្យាល័យ Limkokwing សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសមាគមផលិតខ្សែភាពយន្ត ដើម្បីបង្ហាញពីបច្ចេកទេសផលិតខ្សែភាពយន្ត ដោយឥតគិតថ្លៃផងដែរ។

លើសពីនេះទៅទៀតក៏មានកម្មវិធី ចាប់ដៃគូពាណិជ្ជកម្មផ្នែកវិស័យភាពយន្ត ដែលមានការចូលរួមពីផលិតករ អ្នកដឹកនាំសម្តែង ម្ចាស់អាជីវកម្ម ដើម្បីចែករំលែកបទពិសោធន៍ បច្ចេកទេស និងសហការចាប់ដៃគូពាណិជ្ជកម្ម ក្នុងការផលិតខ្សែភាពយន្ត ឬស្ពតពាណិជ្ជកម្មផ្សេងៗឲ្យមានគុណភាព៕