(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសវាស់វែង ដោយឧបករណ៍ទំនើប នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់មន្ត្រីរបស់លោក​ ត្រូវចុះបញ្ជីក្បាលដី នៅទូទាំងប្រទេសឱ្យបានចប់ ត្រឹមឆ្នាំ២០២១។

ឧបនាយករដ្ឋមន្ត្រី​ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងគោលដៅចាប់ពីឆ្នាំ២០១៩ ដល់២០២០ ឬយ៉ាងយូរដល់ឆ្នាំ២០២១ ត្រូវចុះបញ្ជីដីធ្លី នៅទូទាំងប្រទេសឱ្យបានចប់លើ ៧លានក្បាលដី ដោយបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចគោលដៅនេះ ៦៨% ហើយ»។

លោកបានថ្លែងបន្តថា ក្នុង១ខណ្ឌ ឬ១ស្រុក ដាច់ខាតត្រូវតែគូសក្បាលដី ហើយបញ្ចូលប្រព័ន្ធទិន្នន័យ ដោយគូសទៅជាតំបន់ សម្រាប់មានមូលដ្ឋាន ប្រកាសតំបន់វិនិច្ឆ័យ។ នេះមិនមែនជាការលំបាកពេកនោះទេ ដោយសារទីតាំងនោះ ត្រូវដកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សាធារណៈចេញ នៅពេលបានជាគំនូសប្លង់ព្រាងនេះហើយ ត្រូវរាយការណ៍ជូនប្រធានមន្ទីរ រួចប្រធានមន្ទីរត្រូវធ្វើការសម្របសម្រួល ជាមួយមន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការផ្ទៀងផ្ទាត់ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានក្នុងមូលដ្ឋាន ឃុំ-សង្កាត់។

លោកបន្ថែមថា នៅពេលបានទម្រង់ជាបឋមបែបនេះហើយ ត្រូវឆ្លងលិខិតម្ដងទៀត ហើយរាល់ការឆ្លងលិខិតម្ដងៗ មិនឱ្យលើសពី ១សប្ដាហ៍ ដោយត្រូវមានការចុះហត្ថលេខា ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ហើយត្រូវបញ្ជូនទៅអភិបាលរាជធានី-ខេត្ត ដោយមានចុះហត្ថលេខាបោះត្រា រួចចាត់ទុកនេះជាប្លង់ ដែលអាចមានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យបាន។

លោករដ្ឋមន្ត្រី បានថ្លែងទៀតថា ការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើ ក្នុងគោលដៅដើម្បីផ្ដល់ចំណេះដឹងបន្ថែម ដល់មន្រ្តីលើការងារវាស់វែង ដោយប្រើប្រាស់ឧបករណ៍ទំនើប ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប GNSS (Global Navigation Satellite System)។ ឧបករណ៍ ដែលយកមកបណ្ដុះបណ្ដាលនេះមានម៉ាក SINO-GNSS-G300-PLUS ជាឧបករណ៍ដែលធ្វើការវាស់វែង កំណត់និយាមការនៃចំណុច នៅលើផែនទីយ៉ាងសុក្រឹត្យ តាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប។ ឧបករណ៍នេះ អាចចាប់យកទិន្នន័យពីផ្កាយ រណបរបស់អាមេរិក GPS រុស្សី G10 NASS ចិន Bei DOU អឺរ៉ុប GALILEO។

បើតាមលោកឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា ក្នុងវគ្គបណ្ដុះបណ្ដាលជំហានដំបូងនេះ​ គឺមានការផ្ដល់ជូនឧបករណ៍ទំនើប ប្រភេទនេះចំនួន ៣៣គ្រឿង និងនៅវគ្គទី២ និងផ្ដល់ជូន ៣៣គ្រឿងទៀត ហើយក្រសួងនឹងបន្ត សម្របសម្រួលផ្ដល់ជូនឧបករណ៍ទំនើបនេះ បន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការក្នុងការវាស់វែងដីជូនប្រជាពលរដ្ឋ។

ដើម្បីជំរុញឱ្យដំណើរការ ការវាស់វែងដីជូនប្រជាពលរដ្ឋ ប្រកបដោយភាពជោគជ័យ លោកបានស្នើឱ្យអគ្គនាយកដ្ឋានសុរិយោដី មន្ទីរសុរិយោដី នៅតាមរាជធានី-ខេត្ត និងការិយាល័យភូមិបាលទាំងអស់ ចាប់ផ្ដើមការងារដំបូងនេះ គឺត្រូវគូសប្លង់ សម្រាប់ឱ្យមានមូលដ្ឋាន ក្នុងការប្រកាសតំបន់វិនិច្ឆ័យ៕