(ភ្នំពេញ)៖ អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក ហេង សុទ្ធី បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលដែលមន្ទីរពេទ្យ បានរៀបចំគោរពវិញ្ញាណក្ខន្ធសពលោក Beat Richner តាំងពីថ្ងៃលោកទទួលមរណភាព រហូតមកដល់ថ្ងៃខួបគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ឃើញថា មានមន្ដ្រីថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ តាមក្រសួងស្ថាប័នរដ្ឋ-ឯកជន និងប្រជាពលរដ្ឋទូទៅ បានមកចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាក្ខន្ធសពលោកដ៏ច្រើនកុះករ។

ដូច្នេះរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏ដូចជាគណៈកម្មការរៀបចំបុណ្យ និងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានសម្រេចពន្យាពេលការរៀបចំគោរពវិញ្ញាណក្ខន្ធសព លោក Richner នៅមន្ទីរពេទ្យគន្ធបុប្ផា រហូតដល់១០០ថ្ងៃ ដើម្បីផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋយើង ​អាចអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធសព លាលោកជាលើកចុងក្រោយ។

លោកបន្ដថា «ការឃ្លាតឆ្ងាយរបស់លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើង សោកស្ដាយ អាឡោះអាល័យដល់លោកជាខ្លាំង ព្រោះតែការធ្វើពលីកម្មរបស់លោកស្ទើរ តែពេញមួយជីវិត គឺដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាយើង ។ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់លោកដ៏ធំធេងនេះ មន្ទីរពេទ្យគន្ធបុប្ផា នឹងបន្ដរៀបចំអាសនៈរបស់ Richner រហូតដល់១០០ថ្ងៃ នៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា» ​។

បើទោះបីជាលោក បានទទួលមរណភាព លាកចាកពីភពផែនដីដ៏ស្រស់បំព្រង ចាកឆ្ងាយពីកុមារជាទីកម្សត់របស់កម្ពុជាទៅហើយក្តី តែកិត្តិនាម និងកេរ្តិ៍ឈ្មោះនៃទង្វើល្អរបស់លោក ដែលបានពលីកម្មសម្រាប់កុមារកម្ពុជា បន្តក្រអូបសាយសុសពាសពេញផ្ទៃប្រទេស។

អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាលោក ហេង សុទ្ធី បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត បានកសាងមន្ទីរពេទ្យពីចំនួន៥០-៦០គ្រែ ឡើងរហូតដល់គ្រែមានចំនួនជាងពីរពាន់គ្រែ និងមានបុគ្គលិកជាង២,៥០០នាក់ ហើយទទួលជំងឺដេកពេទ្យរហូតដល់បច្ចុប្បន្ននេះ មានប្រហែល ២,៤០០នាក់ក្នុងមួយថ្ងៃ និងទទួលមើលជំងឺដែលមកបើកថ្នាំហើយយកទៅវិញប្រហែលជា ៣ពាន់ ទៅ៣ពាន់ ៥រយនាក់ក្នុងមួយថ្ងៃ។

ដើម្បីជួយសង្គ្រោះកុមារកម្ពុជាលោកវេជ្ជបណ្ឌិត ដែលបានប្រើពេលស្ទើរពាក់កណ្តាលជីវិតចុងក្រោយនៅកម្ពុជា បើទោះបីមិនមានឈាមជ័រជាខ្មែរក៏ដោយនោះ បានប្រឹប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រឹងប្រែងដោយមិនគិតពេលវេលាយប់ថ្ងៃ ឬថ្ងៃឈប់សម្រាកនោះឡើយ។

លោក ហេង សុទ្ធី បានរំលឹកជាមួយអារម្មណ៍ក្តុកក្តួលថា «ពេលវេលារបស់លោកមានតែនៅក្នុងមន្ទីរពេទ្យ។ ព្រឹកព្រលឹមម៉ោង៦មិនទាន់គាត់មកដល់មន្ទីរពេទ្យហើយ លោកសួរនាំពីជំងឺ ដែលចូលពេលយប់ លោកអត់បានឃើញហ្នឹង គឺលោកសួរនាំឡើងវិញទាំងអស់គ្រប់ជំងឺ។ ជំងឺចេញចូលប៉ុន្មាន ជំងឺស្លាប់ប៉ុន្មាន ជំងឺដែលមកទទួលថ្នាំព្យាបាលអីលោកដឹងទាំងអស់ លោកក្តាប់មិនឲ្យបាត់ទេ»។

លោក សុទ្ធី បន្តថា «បើយើងនិយាយពីជីវិតឯកជនរបស់គាត់វិញ គាត់បានលះបង់សម្រាប់មន្ទីរពេទ្យ គាត់ធ្វើការគ្មានថ្ងៃសៅរ៍ គ្មានថ្ងៃអាទិត្យ គ្មានពេលវ៉ាកង សូម្បីតែសុខភាពគាត់ ក៏គាត់មិនដែលមើលផង។ ជីវិតរបស់គាត់លះបង់សម្រាប់កុមារកម្ពុជា ពេលវេលាសម្រាករបស់គាត់ គឺមានតែពេលវេលាធ្វើដំណើរពីភ្នំពេញទៅសៀមរាប ឬពីសៀមរាប មកភ្នំពេញ ឬក៏មួយឆ្នាំលោកមានពេលទៅស្រុកគាត់តែមួយអាទិត្យពីរដង មិនមែនទៅលេង ឬទៅសម្រាកលំហែកាយទេ គឺលោកទៅប្រគំតន្រ្តី លេងវីយូឡុងរៃអង្គាសលុយមកជួយគន្ធបុប្ផា»។

មិនត្រឹមតែប្រឹងប្រែងរកលុយទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យជួយសង្គ្រោះជីវិតកុមារកម្ពុជានោះទេ ក្នុងពេលបម្រើការងារនៅក្នុងមន្ទីរពេទ្យនេះលោកវេជ្ជបណ្ឌិត Beat Richner បានផ្តល់ដំបូន្មាន និងសាបព្រោះក្រមសីលធម៌ និងស្មារតីវិជ្ជាជីវៈជាគ្រូពេទ្យល្អ ដល់ក្រុមគ្រូពេទ្យបម្រើការងារនៅក្នុងមន្ទីរពេទ្យនេះថែមទៀតផង។ ដំបូន្មាន និងការអប់រំរបស់លោកវេជ្ជបណ្ឌិត Beat Richner ក្លាយទៅជាអនុស្សាវរីយ៍ និងការចងចាំមិនអាចបំភ្លេចបានសម្រាប់ក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានរំលឹកយ៉ាងដូច្នេះ «ការចងចាំគឺស្មារតីនៃការធ្វើការ ប្រព័ន្ធនៃការធ្វើការ។ បានន័យថា លោកបង្រៀនយើងមិនមែនឲ្យចេះតែផ្នែកវេជ្ជសាស្ត្រទេ គឺលោកបង្រៀនយើងឲ្យចេះពីការងារទឹកចិត្តសម្បុរសធម៌ ពីទឹកចិត្តលះបង់សម្រាប់ការងារ លះបង់សម្រាប់ការជួយកុមារកម្ពុជា។ មន្ទីរពេទ្យមួយដែលធ្វើការមានជនបរទេសដំបូង២០-៣០នាក់ រហូតដល់ឥឡូវមានជនបរទេសតែម្នាក់គត់ គឺលោកថា មន្ទីរពេទ្យខ្មែរ ជួយខ្មែរ ដំណើរការដោយខ្មែរ ខ្មែរបណ្តុះបណ្តាលខ្មែរ។ នេះជាទស្សនៈវិជ្ជារបស់លោក ដែលលោកបានប្រាប់ដល់គ្រប់បុគ្គលិកទាំងអស់ឲ្យយើងចេះជួយខ្លួនយើង ឲ្យយើងចេះបង្រៀនគ្នាយើង»

លោក ហេង សុទ្ធី បានថ្លែងថា ស្មារតីនៃការអប់រំរបស់លោកវេជ្ជបណ្ឌិត Beat Richner បានក្លាយទៅជាប្រព័ន្ធការងារមួយសម្រាប់ថ្នាក់ដឹកនាំ និងគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលជួយឲ្យមន្ទីរពេទ្យនេះនៅតែបន្តដំណើរការដោយល្អប្រសើរ បើទោះបីជាមិនមានវត្តមានរបស់លោកវេជ្ជបណ្ឌិតក៏ដោយនោះ។

លោកវេជ្ជបណ្ឌិត Richner បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះនៅឯប្រទេសកំណើតរបស់លោក។ ក្រោយបានធ្វើពលីកម្មដើម្បីបុព្វហេតុកុមារ និងមាតានៅកម្ពុជាអស់រយៈពេលប្រមាណ ២៥ឆ្នាំ លោកវេជ្ជបណ្ឌិត បានចាកចេញពីប្រទេសកម្ពុជាទាំងចិត្តមិនចង់កាលពីខែមីនា ឆ្នាំ២០១៧។ បើទោះបីលោកបានខិតខំកៀរគររកថវិការរាប់រយលានមកព្យាបាលកុមារកម្ពុជា តែការចាកចេញពីកម្ពុជាមិនមាននាំអ្វីទៅជាមួយទាំងអស់ គឺមានតែកាបូបខ្មៅមួយដែលលោកនាំមកជាមួយពេលលោកធ្វើដំណើរមកប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩១ប៉ុណ្ណោះ។

ការឃ្លាតឆ្ងាយពីភពផែនដីរបស់លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរសោកសង្រេងនឹកស្រណោះជាខ្លាំងដល់ការធ្វើពលីកម្មឥតព្រំដែនរបស់លោកមកលើកុមារ និងមាតាកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផាបានរៀបចំកន្លែងឲ្យប្រជាពលរដ្ឋខ្មែរបានអុជធូបគោរពវិញ្ញាណក្ខន្ធរបស់លោក ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់លោកចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា មកម្ល៉េះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនរូប រាប់ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល រហូតដល់ប្រជាពលរដ្ឋសាមញ្ញបានចូលរួមអុជធូបសម្តែងសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះការបាត់បង់រូបលោក។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ មន្ទីរពេទ្យគន្ធបុប្ផា បានរៀបចំខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ នៅក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាក្បែរវត្តភ្នំ ដោយមានរាប់បាត ព្រះសង្ឃ៧២អង្គ ដើម្បីបង្សុបង្សុកូលឧទ្ទិសកុសល ជូនលោកវេជ្ជបណ្ឌិត Beat Richner ដែលមានការអញ្ជើញចូលរួម ពីសំណាក់សម្តេចចៅហ្វាវាំងវរវៀង ជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដោយបាននាំយកកម្រងផ្កា និងគ្រឿងឥស្សរយស ប្រទានដោយព្រះករុណា ជូនសពលោកវេជ្ជបណ្ឌិត Richner។ ក្រៅពីនោះ ក៏មានវត្ដមានរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងប្រជាពលរដ្ឋ ជាច្រើនកុះករផងដែរ។

លោក Richner បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មានុ៧១ឆ្នាំ៕