(កណ្ដាល)៖ ​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់​ជាតិចុះស្រុកកោះធំ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញធ្វើដំណើរ ដោយជិះកង់សួរសុខទុក្ខ និងថ្លែងអំណរគុណដល់ប្រជាពល​រដ្ឋ ដោយចេញដំណើរពីទីស្នាក់ការគណបក្សឃុំកំពង់កុង ទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅចំណុចមុខវត្តកោះធំ ឃុំកោះធំ «ក» ស្រុកកោះធំ ខេត្តកណ្តាល ដោយមានអ្នកចូលរួមប្រមាណ​៩៦៣នាក់។​

ថ្លែងក្នុងឱកាសនេះ ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការប្តេជ្ញាដាក់ខ្លួនបម្រើ​ប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត មិនឲ្យប្រជាពលរដ្ឋខកចិត្ត ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ដើម្បីអភិវឌ្ឍស្រុកកោះធំឲ្យកាន់តែមានការរីកចម្រើនថែមទៀត ស្របតាមអនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។​

ក្រោយពិធីជួបសំណេះសំណាលនេះ លោក ស៊ុន ចាន់ថុល បានអញ្ជើញបន្តដំណើរជិះកង់ទៅចូលរួមពិធីសំណេះសំណាល និងបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង៥០០ម៉ែត្រ ដើម្បីទុកជាចំណងដៃជូនប្រជាពលរដ្ឋ ស្ថិតក្នុងចំណុចវត្តកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួម​ពីប្រជាពលរដ្ឋប្រមាណ១,៥០០នាក់។​

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរ អំពីការចូលរួមរបស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តទៅ នៅប្រទេសវៀតណាម និងការអបអរសាទរពីបណ្តាមេដឹកនាំនានា លើពិភពលោកចំពោះ ការផ្តល់សេចក្តីទុកចិត្តពី​ប្រជាជន មកលើសម្តេច​តេជោ ហ៊ុន សែន បន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រទេសជាតិកាន់តែមានការរីកចម្រើន​ថែមទៀត។

ជាទីបញ្ចប់ ​ទេសរដ្ឋមន្ត្រី បានអញ្ជើញចាក់បេតុងជានិមិត្តរូប នៃបើកការដ្ឋានសាង សង់ផ្លូវបេតុងមួយខ្សែបន្ថែមទៀត ប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងចំណុចវត្ត​កំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល៕​