(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ចុះជួយខណ្ឌព្រែកព្នៅ បានសំដែងការសោកស្តាយ និងសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទទួលរងបរិមាណទឹកភ្លៀងរហូតដល់៩៣,៦៤mm ដែលជាបរិមាណ១ដ៏សំបើម នៅពេលរាជធានីភ្នំពេញអាចធានាបានតែប្រមាណ៤០mm តែប៉ុណ្ណោះ។

ក្នុងឱកាសជួបសំណេះសំណាល និងនាំយកអំណោយ១ចំនួនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកភ្លៀងធ្លាក់ជោកជាំ បណ្តាលឲ្យលិចផ្លូវ ទឹកចូលផ្ទះ ចំនួន៧២១គ្រួសារ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ លោក ឃួង ស្រេង បានបង្ហាញពីការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរសង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញ ក៏ដូចមន្ទីរជំនាញ ដើម្បីបើកមុខទឹករំដោះជំនន់ទឹកភ្លៀងនេះចេញពីភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។

លោកថា ប៉ុន្តែការងារនេះ នៅតែមិនទាន់បានឆ្លើយតបបានទាន់ពេលវេលានៅឡើយ ដោយសារតែទឹកហូរធ្លាក់មកពីប៉ែកខាងកំពង់ស្ពឺ យ៉ាងគំហុកចាក់មកភូមិសាស្ត្ររាជធានីភ្នំពេញ។ តែទោះបីយ៉ាងណា អាជ្ញាធរមិនបានព្រងើយកន្តើយក្នុងការចាត់វិធានការ ដោះស្រាយសំរាប់ប្រជាពលរដ្ឋយើងឡើយ ជាពិសេសការគិតគូខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះនៅគ្រប់ទីកន្លែង។

តាមសេចក្តីរាយការណ៍ពីលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងដែរថា ពេលនេះក្នុងខណ្ឌព្រែកព្នៅ មានសង្កាត់ចំនួន២ ដែលរងគ្រោះដោយទឹកភ្លៀងលិចភូមិ គឺសង្កាត់សំរោង មាន២៨គ្រួសារ, សង្កាត់គោករកា ដែលលិចខ្លាំងមានរហូតដល់៧២១គ្រួសារ ក្នុងនោះក៏មានភូមិអណ្តូង៤ និងអណ្តូង៦ផងដែរ។

ចំពោះអំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៧២១គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស , ទឹកសុទ្ធ១កេស, ទឹកត្រី៦ដប និងថវិកា៥ម៉ឺនរៀល៕